ជាតិ
សង្គមជាតិ
យុវជនស្នើអាណាព្យាបាល កុំផ្ទេរភាពបាក់ស្បាតទៅកូនចៅជំនាន់ក្រោយ
11, Sep 2023 , 9:19 am        
រូបភាព
ភ្នំពេញ៖ មនុស្សចាស់មួយចំនួន ទំនងពុំបានដឹងខ្លួនឡើយ ថាគាត់កំពុងផ្ទេរភាពបាក់ស្បាត ឱ្យទៅកូនចៅជំនាន់ក្រោយ។ ដោយសារតែ ធ្លាប់ជួបរបបប្រល័យពូជសាសន៍ ដែលគេតែងនិយាយថា ខ្មែរសម្លាប់ខ្មែរនោះ មនុស្សចាស់មួយចំនួន បានហាមប្រាមកូនៗ ឬយុវជនជំនាន់ក្រោយ មិនឱ្យធ្វើអ្វីមួយ ដែលគាត់យល់ថា អាចនាំគ្រោះថ្នាក់ឡើយ បើទោះបីជារឿងទាំងនោះ មានប្រយោជន៍ដល់សង្គម និងប្រទេសជាតិទាំងមូលក្ដី។


 
មនុស្សចាស់មួយចំនួន ដែលធ្លាប់បានឆ្លងកាត់ សម័យសង្គ្រាមប្រល័យពូជសាសន៍ប៉ុលពត ពុំបានដឹងខ្លួនឡើយ ថាពួកគាត់បានរងភាពបាក់ស្បាតពីសង្គ្រាម។ ពួកគាត់ពុំទទួលស្គាល់ថា នោះគឺជាជំងឺទេ។ ផ្ទុយទៅវិញ ពួកគាត់បែរជាស៊ាំ ព្រមរស់ក្នុងសង្គម ដែលគាត់តែងតែថប់បារម្ភទៅវិញ។ 
 
«រឿងនយោបាយ មានអ្នកគិតមានអ្នកធ្វើហើយ មិនចាប់ទៅខ្វល់ទេ»។ «ឱ្យលុយគេខ្លះទៅ ទើបការងារលឿន ចង់ធ្វើតាមច្បាប់អី សង្គមឥឡូវគេធ្វើបែបនេះគ្រប់គ្នា យើងម្នាក់ឯងទៅចង់កែគេម្ដេចបាន»។ «កុំទៅពាក់ព័ន្ធរឿងការពារព្រៃ ការពារឈើ ការពារសត្វព្រៃអីនោះ ប្រយ័ត្នគ្រោះថ្នាក់ខ្លួនអត់ប្រយោជន៍»។ «កុំយកពងមាន់ ទៅជល់និងថ្ម»។ល។ និង។ល។ 
 
ទាំងនេះគឺជាភាសាបាក់ស្បាត បំបាក់ស្មារតី គ្មានជំនឿ និងអស់សង្ឃឹម ដែលមនុស្សចាស់ និងយុវជនមួយចំនួន ចូលចិត្តនិយាយមកកាន់ក្មេងជំនាន់ក្រោយ ពិសេសមកកាន់យុវជន ដែលធ្វើការងារសង្គម និងចង់កែលម្អសង្គម ឱ្យប្រសើរជាងមុន។
 


 
មនុស្សខ្មែរមួយចំនួន ពិសេសមនុស្សចាស់ ហាក់គ្មានក្ដីសង្ឃឹម ក្នុងការកែប្រែសង្គមកម្ពុជា ទៅតាមអ្វីដែលពួកគាត់តែងតែចង់បានឡើយ។ ពួកគាត់ភាគច្រើននិយាយថា ចង់បានប្រទេសរីកចម្រើន មានយុត្តិធម៌សង្គម និងគ្មានអំពើពុករលួយជាដើម។ ប៉ុន្តែនៅពេលយុវជន ឬកូនៗរបស់គាត់ ចូលរួមសកម្មភាព ដើម្បីកែលម្អសង្គម ទៅតាមអ្វីដែលពួកគាត់តែងប្រាថ្នាចង់បាន ពួកគាត់បែរជាគ្មានជំនឿថាវាអាចទៅរួចទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សចាស់ខ្លះ ថែមទាំងបំភ័យយុវជន ឬកូនៗរបស់ពួកគាត់ ពុំឱ្យពាក់ព័ន្ធរឿងនយោបាយថែមទៀតផង។ ហើយភាពបាក់ស្បាត និងគ្មានជំនឿទាំងនោះ បានឆ្លងមកដល់យុវជនជំនាន់ក្រោយ ដោយមិនដឹងខ្លួន។ 
 
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃបណ្ដាញសមាគមយុវជនកម្ពុជា(CYN) បានបង្ហាញការយល់ឃើញរបស់ខ្លួនថា វិបត្តិសង្គម និងវិបត្តិនយោបាយកាលកន្លងទៅ បានជះឥទ្ធិពលអវិជ្ជមាន ដល់យុវជន និងម្ដាយឪពុករបស់ពួកគេ។  
 
លោកបន្ថែមថា ក្នុងសង្គមកម្ពុជា អំណាចមេបា នៅតែជាអំណាចមួយដ៏សំខាន់ ភ្ជាប់ជាមួយយុវជន ។ ដើម្បីឈានដល់ការដោះស្រាយបញ្ហាទាំងនេះ នៅក្នុងថ្ងៃអនាគត់ដ៏ខ្លី គឺយុវជនខ្លួនឯង ត្រូវសិក្សាស្វែងយល់អំពី សិទ្ធិសេរីភាពរបស់ខ្លួនជាអាទិភាព។

លោក ហេង គឹមហុង ប្រធាន​ផ្នែក​​កម្មវិធីស្រាវ​ជ្រាវ និង​តស៊ូមតិនៃ​បណ្ដាញសមាគមយុវជនកម្ពុជា (CYN)

លោកសង្កត់ធ្ងន់ថា សម្រាប់មនុស្សស្ថិតនៅក្នុងវ័យកណ្ដាល ឬមនុស្សមិនធ្លាប់ឆ្លងកាត់សម័យសង្គ្រាម ដែលមានចំណេះដឹងខ្ពស់ គួរតែគិតគូរពីលទ្ធភាពលើកទឹកចិត្ត និងជំរុញឱ្យក្រុមយុវជន ស្គាល់ពីសិទ្ធិសេរីភាពរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព។
 
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃបណ្ដាញសមាគមយុវជនកម្ពុជា(CYN) ពន្យល់៖«អាណាព្យាបាលជំនាន់ក្រោយក៏ដោយ យុវជនក៏ដោយ សាលារៀនក៏ដោយ គួរតែបង្កបរិយាកាស ងាយស្រួលឱ្យពួកគេ(យុវជន) ស្វែងយល់ពីបរិយាកាសនយោបាយផង សង្គមផង ជាមួយនឹងភាពទូលំទូលាយ និងការអនុវត្តន៍សិទ្ធិរបស់ពួកគេ»។
 
ចំណែកកញ្ញា អាន ស្រីអូន សមាជិកក្លឹបយុវជនអភិវឌ្ឍន៍សង្គម ដើម្បីប្រជាធិបតេយ្យ ក៏បានលើកឡើងដែរថា នាងក៏ធ្លាប់ទទួលបានពាក្យបន្ទុចបង្អាក់ ពីម្ដាយឪពុកនិងអ្នកស្គាល់គ្នាដែរ ដែលមិនឱ្យនាងខ្វល់បញ្ចេញមតិ លើបញ្ហាសង្គមច្រើនពេក។ ពួកគេខ្លាចនាង មានបញ្ហាមិនល្អណាមួយ ដោយសារតែពាក់ព័ន្ធនឹងរឿងនយោបាយ។ 
 
«គេហាមយើង តែយើងកុំហាមខ្លួនឯង។ គេហាមយើង ប៉ុន្តែសួរថា តើរឿងដែលយើងនិយាយ ខុសច្បាប់ឬអត់? បើមិនខុសច្បាប់ទេ យើងត្រូវតែបន្តនិយាយ។ គេអ្នកនៅជុំវិញខ្លួន គេតែងតែនិយាយថា ឯងមិនខ្លាចទេ? ខ្ញុំចង់ឱ្យការនិយាយពីនយោបាយ ក្លាយជារឿងមួយដែលមនុស្សទូទៅគិតថា វាជារឿងធម្មតា ត្រូវធ្វើវាឱ្យក្លាយជាទម្លាប់។ យើងចូលរួមគិត ព្យាយាមមើលពីជ្រុងមានបញ្ហា ហើយព្យាយាមដោះស្រាយ»។ 

កញ្ញា អាន ស្រីអូន សមាជិកក្លឹបយុវជនអភិវឌ្ឍន៍សង្គម ដើម្បីប្រជាធិបតេយ្យ

នារីរាងតូចច្រឡឹងសម្បុរសរូបនេះ បន្ទោសថា ការដែលមនុស្សចាស់ បន្ទុចបង្អាកបែបនេះ នឹងធ្វើឱ្យយុវជន មានចិត្តងាករេ ក្នុងការចូលរួមសកម្មភាពសង្គម ហើយនោះនឹងធ្វើឱ្យពួកគេ បាត់បង់ឱកាស។ កញ្ញាផ្ដល់យោបល់ថា យុវជនត្រូវយល់ដឹងពីសិទ្ធិរបស់ខ្លួន ហើយពន្យល់ប្រាប់មនុស្សចាស់ និងមនុស្សនៅជុំវិញ ឱ្យពួកគាត់យល់ដឹងដូចគ្នា។ 
 
«យុវជនត្រូវដឹងពីសិទ្ធិរបស់ខ្លួន និងសិទ្ធិរបស់អ្នកដទៃ ដើម្បីចូលរួមធ្វើការងាររបស់សង្គម និងដើម្បីដឹងថាយើងធ្វើបានកម្រិតណា ហើយអ្វីជាលទ្ធភាពដែលយើងអាចធ្វើបាន។ ប្រសិនយើង ចូលរួមធ្វើការងារសង្គម ប៉ុន្តែមិនដឹងពីសិទ្ធិ និងច្បាប់ច្បាស់លាស់ អាចនាំទុក្ខឱ្យខ្លួនឯងវិញ។ យើងត្រូវដឹងថា យុវជនទទួលបានអ្វីខ្លះពីសង្គម ដូចជាការគាំពារ ការការពារសុខសុវត្ថិភាព និងសិទ្ធិក្នុងការបញ្ចេញមតិ»។ នេះជាការពន្យល់បន្ថែមរបស់កញ្ញា ស្រីអូន។ 
 
មិនសុខគ្នាទេលោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ក៏បានលើកឡើងស្រដៀងគ្នាដែរថា គ្រួសារ ស្ថាប័ន និងអាជ្ញាធរ ជាកត្តានាំឱ្យមានការ រឹតត្បិតសេរីភាពយុវជន។ អតីតព្រះសង្ឃរូបនេះថា កាលណាម្ដាយឪពុក មិនហ៊ានផ្ដល់សិទ្ធិស្វ័យភាព ឱ្យកូនៗរៀនសូត្រពីពិភពលោក នោះពួកគេនៅតែជាកង្កែប។ 
 
លោក សារ៉ាយ លើកទឹកចិត្តអាណាព្យាបាលដូច្នេះ៖«សូមបើកសេរីភាពឱ្យកូនចូលរួម យ៉ាងសកម្មក្នុងសង្គម នោះកូននឹងមានការយល់ដឹងច្រើន។ កាលណាគាត់យល់ដឹងច្រើន គាត់ក៏នឹងក្លាយជាកូនកតញ្ញូ ជាពលរដ្ឋល្អ និងជាយុវជន ដែលចូលរួមអភិវឌ្ឍសង្គម»។
 
លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA)

បុរសរាងខ្ពស់សម្បុរស្រអែមរូបនេះ ទទួលស្គាល់ថា ការហាមប្រាមរបស់ម្ដាយឪពុក កើតចេញពីកត្តាក្ដីស្រឡាញ់ ក្ដីបារម្ភ និងក្លាចកូនមានបញ្ហា។ ទោះជាយ៉ាងណាលោកថា ជារឿងសំខាន់ ដែលឪពុកម្ដាយគ្រប់រូប ត្រូវគិតឡើងវិញ ថាភាពភ័យខ្លាច ប្រសិនមានក្នុងខ្លួន ហើយបន្តទៅឱ្យអ្នកជំនាន់ក្រោយ ដូចជាកូនៗ នោះពួកគេនឹងខ្លាច ខ្លាំងជាងមនុស្សចាស់ទៅទៀត។ 
«ដូច្នេះសូមចូលរួមពង្រឹងស្មារតី និងលុបបំបាត់ ភាពភ័យខ្លាចទាំងអស់នោះ ដើម្បីឱ្យអ្នកជំនាន់ក្រោយ និងកូនៗយើង ក្លាយជាមនុស្សក្លាហាន ដូចបុព្វបុរសយើងកាលសម័យអង្គរ»។ នេះជាជំនឿចិត្តរបស់លោក សារ៉ាយ។
 
បន្ថែមពីនោះ លោក គឹមហុង ថាបើទោះបីជាម្ដាយឪពុក ព្យាយាមរារាំងកូនៗ ដោយប្រើអំណាចមេបាក៏ពិតមែន ប៉ុន្តែបន្តិចម្ដងៗ នៅពេលដែលយុវជន ប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនពេញលេញ ការដាក់គម្លាតផ្នែកនយោបាយ ឬសម្ពាធសង្គមអាចមានការថតចុះ។ ទោះជាយ៉ាងណា លោកលើកទឹកចិត្តយុវជន អនុវត្តិសិទ្ធិរបស់ខ្លួនជាក្រុម ទើបមានប្រសិទ្ធិភាព។


 
«ខ្ញុំយល់ថាការអនុវត្តន៍សិទ្ធិរបស់គាត់ មិនមែនជារឿងគ្រោះថ្នាក់ឡើយ ក្នុងនាមជាពលរដ្ឋសកម្ម មិនអាចឈានទៅដល់សញ្ញាណព្រួយបារម្ភខ្លាំង ដូចជាក្រុមសកម្មជន ឬក៏អ្នកនយោបាយទេ។ លើកលែងតែ យុវជនអនុវត្តសិទ្ធិសេរីភាព តែម្នាក់ឬពីរនាក់ នោះការព្រួយបារម្ភធំ។ ឆ្នាំ២០១៣ ដល់២០១៧ ឃើញថាមិនមែនតែយុវជនទេ សូម្បីតែពលរដ្ឋទូទៅ ក៏ទទួលបានលម្ហនយោបាយ ល្អប្រសើរដែរ។ ពេលដែលលម្ហនយោបាយល្អប្រសើរ ប្រជាពលរដ្ឋគឺជាម្ចាស់ប្រទេសពិតប្រាកដ។ ពួកគេហ៊ាននិយាយ ហ៊ានផ្ដល់យោបល់ទៅរដ្ឋាភិបាល»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក គឹមហុង។
 
យ៉ាងណាក៏ដោយ ដើម្បីឱ្យយុវជនយល់ដឹងពីសិទ្ធិរបស់ខ្លួន កាន់តែស៊ីជម្រៅ ស្រីអូន ថារដ្ឋាភិបាល ត្រូវដើរតួជាប្រភពជំរុញ និងលើកទឹកចិត្តគ្រប់មធ្យោបាយ  ឱ្យយុវជនមានឱកាសទូលំទូលាយ ក្នុងការសិក្សាស្រាវជ្រាវ ចំណេះដឹងពាក់ព័ន្ធនឹងសិទ្ធិរបស់យុវជនខ្លួនឯង។ 
 
ស្រីអូន ពន្យល់៖«យើងដឹងស្រាប់ហើយ តាំងពីដើមមក យើងតែងតែឮគេនិយាយថា ពួកយើងរស់នៅក្នុងសង្គមមួយ ដែលប្រកាន់យករបប ប្រជាធិបតេយ្យសេរី។ របបនេះ រដ្ឋាភិបាល មានតួនាទីធ្វើឱ្យពលរដ្ឋ យល់ដឹងពីសិទ្ធិ និងតួនាទីរបស់ខ្លួន។ ប្រសិនរាជរដ្ឋាភិបាល មិនបានបំពេញមុខងារនេះទេ ក្នុងនាមយើងជាយុវជន ត្រូវស្វែងយល់ពីសិទ្ធិ និងតួនាទីនេះដោយខ្លួនឯង»។ 
 
បុរសធ្វើការងារសង្គម ពិសេសពាក់ព័ន្ធនឹង ការពង្រឹងសមត្ថភាពយុវជន លោក សារ៉ាយ ថាយុវជនមានតួនាទី២សំខាន់ ទី១ត្រូវយល់ដឹងពីសិទ្ធិរបស់ខ្លួន និងធ្វើសកម្មភាព បង្ហាញពីសិទ្ធិនោះ។ ទី២យុវជន ត្រូវធ្វើកម្មវិធី ឬយុទ្ធនាការ ដើម្បីទទូចឱ្យអ្នកដឹកនាំ និតិកាលទី៧ ស្ដារឡើងវិញនូវរំហូរសេរីភាព ការបញ្ចញមតិ ជាសាធារណៈរបស់យុវជន។


ដូចគ្នាដែរ បុរសធ្វើការងារ ជាសកម្មជន អស់រយៈពេល៨ឆ្នាំ ដែលម្ដាយឪពុកនៅតែព្រួយបារម្ភ ពីសុវត្ថិភាពរបស់លោកជានិច្ចលោក គឹមហុង ថាពលរដ្ឋជាម្ចាស់ប្រទេស ដូច្នេះដើម្បីឱ្យពលរដ្ឋ មានតួនាទីសំខាន់ក្នុងសង្គម ទាល់តែពលរដ្ឋមានលទ្ធភាពពេញលេញ ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត។
 
លោក គឹមហុង ពន្យល់៖«នៅពេលមួយដែលយើងស្គាល់អ្វីជាការពិត ហើយធ្វើអំពើល្អ ដើម្បីសកម្មភាពសង្គមពិតប្រាកដ នោះនឹងមានមនុស្សផ្សេងទៀត ក៏ឃើញថាយើងធ្វើត្រូវដែរ។ ខ្ញុំតែងព្យាយាមពន្យល់ម្ដាយឪពុកខ្ញុំ អំពីតួនាទីរបស់យុវជន»។ 
 
ជាមួយគ្នានេះ យុវតីវ័យប្រមាណ២០ឆ្នាំ ស្រីអូន បានមើលឃើញថា ពលរដ្ឋនិងយុវជនកម្ពុជាបច្ចុប្បន្ន មានចំណេះដឹងច្រើន ដោយសារពួកគេរៀនបានខ្ពស់។ នាងថា តាមរយៈចំណេះដឹងទាំងនោះ ពួកគេមានឱកាសច្រើន ដើម្បីយកទៅជួយសង្គម។ ប៉ុន្តែជាក់ស្ដែង នាងបែរជាមើលឃើញថា វិបត្តិសង្គមនៅតែកើតមាន អំពើរពុករលួយ ការកាប់បំផ្លាញព្រៃឈើ នៅតែកើតមានទៅវិញ។ កញ្ញាបន្ថែមថា បើទោះជាយុវជនកម្ពុជា បានរៀនសូត្រ ចេះដឹងជ្រៅជ្រះយ៉ាងណាក៏ដោយ ប៉ុន្តែពួកគេមិនបាន យកវាទៅប្រើ ដើម្បីចូលរួមដោះស្រាយ បញ្ហាសង្គម នោះសង្គមនឹងនៅតែ មានញ្ហាបន្តទៀត។ 
 
«គាត់គួរគិតថា បញ្ហាសង្គម គឺជាបញ្ហារបស់ពួកគាត់។ យើងត្រូវតម្កល់ប្រយោជន៍ជាតិជាធំ។ ត្រូវហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួនមួយចំនួន ដើម្បីសង្គម និងចូលរួមសកម្មភាពនានា ដើម្បីអភិវឌ្ឍជាតិ។ បើឃើញថាជនណាម្នាក់ កំពុងធ្វើឱ្យសង្គម ឈានទៅរកការអន្តរាយ ត្រូវហ៊ាននិយាយ ត្រូវហ៊ានបញ្ចេញមតិ និងត្រូវហ៊ានស្នើសុំ ដោយសារក្នុងច្បាប់ក៏មានចែងដែរ ថាពួកយើងមានសិទ្ធិក្នុងការទាមទារ តវ៉ា និងស្នើសុំ»។ នេះជាការទទូចរបស់ ស្រីអូន។
 

តើឱ្យសង្គមកម្ពុជា កាន់តែប្រសើរឡើង ដោយរបៀបណា បើយុវជនជំនាន់ក្រោយ តែងទទួលរងភាពបាក់ស្បាត ដែលបានផ្ទេរពីមនុស្សចាស់ ពីមួយជំនាន់ទៅមួយជំនាន់ រួមទាំងការបំបាក់ស្មារតីផ្សេងៗ ជាបន្តបន្ទាប់នោះ? 
 
កត្តាសង្គម ការដឹកនាំ និងការផ្ដល់សិទ្ធិសេរីភាពពេញលេញ ក្នុងការបញ្ចេញមតិ ពីរដ្ឋាភិបាល គឺជារឿងដ៏សំខាន់បំផុត ក្នុងការផ្សះផ្សាផ្លូវចិត្តមនុស្សចាស់ និងឱ្យយុវជនជំនាន់ក្រោយ មានទំនុកចិត្ត បញ្ចេញគំនិតនិងមតិយោបល់របស់ពួកគេ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន៕

Tag:
 សង្គម
  យុវជន
  បាក់ស្បាត
  អំពើពុករលួយ
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com