កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic ឈ្នះ US Open លើកទី៤ និងជា Grand Slam ទី២៤ជាកំណត់ត្រា
11, Sep 2023 , 9:54 am        
រូបភាព
Novak Djokovic បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ US Open ឆ្នាំ២០២៣ ក្រោយយកឈ្នះគ្រូប្រជែង Daniil Medvedev វគ្គផ្តាច់ព្រ័ត្រ​ ក្នុងលទ្ធផល ៦-៣, ៧-៦(៥) និង ៦-៣ ​នៅថ្ងៃទី១​០​ ខែកញ្ញា។ តាមរយៈជ័យជម្នះនេះ​ បានជួយកំពូលកីឡាករវាយកូនបាល់លេខ១ពិភពលោករបស់ស៊ែប៊ីកើនកំណត់ត្រាឈ្នះពានលំដាប់ Grand Slam​​ ដាច់គេដល់ទៅ២៤លើក។


កីឡាវាយកូនបាល់ វ័យ ៣៦ ឆ្នាំរូបនេះ បានក្លាយជាអ្នកឈ្នះ US Open ផ្នែកបុរសចំណាស់ជាងគេបំផុតនៅក្នុងព្រឹត្តិការណ៍ Open Era និងជាកីឡាករវាយកូនបាល់អាជីពដំបូងគេដែលឈ្នះ Grand Slam ចំនួន៣ ក្នុង១រដូវកាលជាលើកទី៤។​ នៅឆ្នាំ២០២៣នេះ Djokovic ដណ្តើមបានពាន Australian Open, French Open និង US Open។
 
ឈ្នះកីឡាកររុស្ស៊ី Medvedev ដើម្បីលើកពានធំ៣ក្នុងឆ្នាំ២០២៣ និងជា Grand Slam ទី២៤ក្នុងអាជីព បានជួយ Djokovic វិលត្រឡប់ទៅកាន់ចំណាត់ថ្នាក់លេខ១ពិភពលោកជាថ្មីវិញ។ នេះជាការឈ្នះ US Open លើកទី៤ របស់កីឡាករស៊ែប៊ី ដែលតាមស្មើគូប្រជែងចាស់ Rafael Nadal។ កីឡាករអេស្ប៉ាញ Nadal វ័យ៣៧ឆ្នាំ ដែលញាំញីដោយសាររបួសកាន់កំណត់ត្រាឈ្នះ Grand Slam ២២លើក។

Djokovic បានតាមស្មើកំណត់ត្រា អតីតកីឡាការិនីវាយកូនបាល់អូស្ត្រាលី Margaret Court ដែលកាន់កំណត់ត្រា Grand Slam ចំនួន២៤លើក។ គិតត្រឹមពេលនេះ សម្រាប់កីឡាករផ្នែកបុរស ពិបាកនឹងរកអ្នកអាចតាមកំណត់ត្រារបស់ Djokovic ដ្បិត Nadal គ្រោងចូលនិវត្តន៍ទៅហើយ។
 
ក្នុងចំណោមកីឡាករវាយកូនបាល់ផ្នែកបុរសដែលធ្លាប់ឈ្នះ Grand Slam លើសពី១០ដង​ មានតែ៤រូបប៉ុណ្ណោះ ក្នុងនោះ Djokovic ២៤លើក Rafa Nadal ២២លើក Roger Federer របស់ស្វ៊ីស ២០លើក និង Pete Sampras របស់អាម៉េរិក ១៤លើក៕
 

Tag:
 Novak Djokovic
  Grand Slam
  US Open
© រក្សាសិទ្ធិដោយ thmeythmey.com