កីឡាអន្តរជាតិ
អន្តរជាតិ
មេសហព័ន្ធបាល់ទាត់អេស្ប៉ាញ លាលែងពីតំណែង ជុំវិញរឿងអាស្រូវ«ថើប»
11, Sep 2023 , 11:23 am        
រូបភាព
ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF លោក Luis Rubiales បានលាលែងពីតំណែង នៅថ្ងៃទី១០ ខែកញ្ញា ពាក់ព័ន្ធរឿងរ៉ាវអាស្រូវនៃការថើបកីឡាការិនីក្រុមជម្រើសជាតិអេស្ប៉ាញ អំឡុងពេលកម្មវិធីអបអរជ័យជម្នះពានរង្វាន់ Women’s World Cup 2023 កាលពីខែមុន។



ក្នុងសំណេរក្នុងសេចក្តីប្រកាសលាលែង លោក Rubiales សរសេរថាតំណែងប្រធាន RFEF ដែលកំពុងកាន់កាប់ក្នុងដៃមិនអាចបន្តទៀតបានទេ។ មិនអាចបន្តដឹកនាំបាន ដ្បិតចាប់តាំងពីករណីថើបមាត់កីឡាការិនីអេស្ប៉ាញ បានរងការរិះគន់យ៉ាងខ្លាំង។
 
រឿងអាស្រូវនៃការថើបលើកីឡាការិនី ​Jenni Hermoso បន្ទាប់ពីជ័យជម្នះនៅព្រឹត្តិការណ៍ World Cup 2023 វគ្គផ្តាច់ព្រ័ត្រ ក្នុងទីក្រុងសីដ៍នីកាលពីថ្ងៃទី២០ ខែសីហា បានធ្វើឱ្យកីឡាការិនីជាច្រើនរិះគន់ ក៏ដូចជាអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអេស្ប៉ាញ និងមេសហព័ន្ធបាល់ទាត់ ព្រមទាំងប្រធានសមាគមនានា បានរិះគន់ខ្លាំងលើរឿងនេះ និងបានចោទប្រកាន់ថាបានរំលោភបំពានផ្លូវភេទក្នុងការប្រកួតកីឡា។
 
ការសម្រេចចិត្តក្នុងការលាលែងពីតំណែងរបស់លោកបានកើតឡើងបន្ទាប់ពីមានការវាយប្រហារបន្ថែមទៀតដល់តំណែងរបស់លោកទៅនឹងរឿងអាស្រូវការថើបក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ រដ្ឋអាជ្ញាអេស្ប៉ាញបានដាក់ពាក្យបណ្តឹងទៅតុលាការកំពូលប្រឆាំងនឹងលោក Rubiales កាលពីថ្ងៃទី៨ ខែកញ្ញា ពីបទរំលោភផ្លូវភេទ និងការបង្ខិតបង្ខំ។
 
ពាក្យបណ្តឹងបានធ្វើឡើង តាមរយៈកីឡាការិនី Hermosoដើម្បីប្រឆាំងទៅនឹងការថើបពីសំណាក់លោក Rubiales លើបបូរមាត់របស់នាង ដោយគ្មានការយល់ព្រម។ មេបាល់ទាត់អេស្ប៉ាញ បានអះអាងថាការថើបគឺមានការព្រមព្រៀងគ្នាទៅវិញទៅមក ប៉ុន្តែទោះយ៉ាងណាកីឡាការិនីប្រកបអាជីពនៃប្រទេសអេស្ប៉ាញ មន្ត្រីរដ្ឋាភិបាល និងមជ្ឈដ្ឋានបាល់ទាត់អេស្ប៉ាញទាមទារឱ្យលោក Rubiales ចុះចេញពីតំណែង។
 
លើការថើបកីឡាការិនី Hermoso សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានដាក់ទណ្ឌកម្មព្យួរការងារលោក Rubiales ពីសកម្មភាពបាល់ទាត់រយៈពេល ៣ខែ​ ហើយក៏បានបើកការស៊ើប​អង្កេត​ចំពោះទង្វើររបស់អតីតមេបាល់ទាត់អេស្ប៉ាញ។ កាលពីសប្តាហ៍មុនប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA លោក Alexander Ceferin ក៏ចាត់ទុកទង្វើររបស់បុរសវ័យ ៤៦ឆ្នាំ ថាជារឿងមិនអាចទទួលយកបាន។
 
បើទោះជាចុះចេញពីតំណែងប្រធានសហព័ន្ធក៏ដោយក្តី លោក Rubiales អះអាងថានឹងនៅតែបន្តការពារខ្លួនលោកពីបញ្ហានៃរឿងអាស្រូវដដែល។
 
«ខ្ញុំនឹងនៅតែការពារកិត្តិយសរបស់ខ្ញុំ ខ្ញុំនឹងការពារភាពគ្មានកំហុសរបស់ខ្ញុំ ខ្ញុំមានជំនឿទៅថ្ងៃអនាគត ខ្ញុំមានជំនឿលើការពិត។»។ លោក Rubiales បាននិយាយនៅក្នុងកិច្ចសម្ភាសនៃកម្មវិធីជាមួយនឹងលោក Piers Morgan។ តាមរយៈការបញ្ជាក់ លោក Rubiales បានសម្រេចចុះចេញពីតំណែងក្រោយមានការជជែងជាមួយក្រុមគ្រួសារ ព្រមទាំងមិត្តភក្កិរួចរាល់៕
 

Tag:
 Luis Rubiales
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com