អន្តរជាតិ
ប្រមុខការទូតកូរ៉េខាងត្បូង ជំរុញឱ្យរុស្ស៊ីជួយសហការដោះស្រាយបញ្ហាកូរ៉េខាងជើង
11, Sep 2023 , 12:29 pm        
រូបភាព
លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី (ឆ្វេង) ជាមួយសមភាគីកូរ៉េខាងត្បូង លោក ផាក ជីន ក្នុងកិច្ចប្រជុំអាស៊ាន នៅក្រុងភ្នំពេញ ក្នុងឆ្នាំ២០២២។ រូបភាព Yonhap
លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី (ឆ្វេង) ជាមួយសមភាគីកូរ៉េខាងត្បូង លោក ផាក ជីន ក្នុងកិច្ចប្រជុំអាស៊ាន នៅក្រុងភ្នំពេញ ក្នុងឆ្នាំ២០២២។ រូបភាព Yonhap
ប្រមុខការទូតកូរ៉េខាងត្បូង លោក ផាក ជីន នៅថ្ងៃទី១០ ខែកញ្ញា បានប្រាប់សមភាគីរុស្ស៊ី​ លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ ឱ្យចូលរួមថែរក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ហើយជួយសហការដោះស្រាយបញ្ហាកូរ៉េខាងជើង។

 
ពីក្រៅកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ នៅក្រុងញូវដែលី ឥណ្ឌា លោក ផាក ជីន រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង បានជួបជាមួយសមភាគីរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅក្នុងថ្ងៃទី១០ ខែកញ្ញា។ កូរ៉េខាងជើង ដែលបន្តពង្រឹងសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីល ជាប្រធានបទដ៏សំខាន់នៅក្នុងជំនួបទ្វេភាគីនេះ។ 
 
តាមការបញ្ជាក់របស់ប្រមុខការទូតកូរ៉េខាងត្បូង ទំនាក់ទំនងក្រុងមូស្គូ និងក្រុងព្យុងយ៉ាង គួរតែជាការចូលរួមចំពោះសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទ្វីបកូរ៉េ ក៏ដូចជាតំបន់អាស៊ីបូព៌ា។ បន្ថែមពីនេះ លោកផាក បានទទូចឱ្យទំនាក់ទំនងប្រទេសទាំងពីរ គួរតែគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង។ 
 
លើសពីនេះ ប្រមុខការទូតកូរ៉េខាងត្បូង បានជំរុញឱ្យរុស្ស៊ីមានកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង ខណៈកូរ៉េខាងត្បូង ត្រៀម នឹងចូលអង្គុយនៅកៅអីសមាជិកមិនមែនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
តាមការកំណត់ កូរ៉េខាងត្បូង នឹងធ្វើជាសមាជិកមិនមែនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខចាប់ពីឆ្នាំ២០២៤ ដល់២០២៥។ 
 
កន្លងមក រុស្ស៊ី និងចិន បានប្រើសិទ្ធិវេតូជាច្រើនលើកនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ដែលចង់ដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង។ 
 
ការទទូចរបស់ប្រមុខការទូតកូរ៉េខាងត្បូងបែបនេះ ធ្វើឡើងមុនពេលលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង គ្រោងបំពេញទស្សនកិច្ចនៅរុស្ស៊ី ដើម្បីជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ ភាគីទាំងពីរ ត្រូវបានរំពឹងថា អាចនឹងមានកិច្ចព្រមព្រៀងអាវុធផង។ បញ្ហានេះ ត្រូវបានក្រុងវ៉ាស៊ីនតោន ព្រមានចាត់វិធាន ប្រសិនបើក្រុងព្យុងយ៉ាង មានកិច្ចព្រមព្រៀងអាវុធជាមួយក្រុងមូស្គូ។ 
 
 

Tag:
 កូរ៉េខាងត្បូង
  រុស្ស៊ី
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com