កីឡាជាតិ
ជាតិ
លោក Felix សរសើរ ម៉ាកាវខ្លាំង ខណៈគ្រូម៉ាកាវរីករាយបានប៉ះកម្ពុជា
11, Sep 2023 , 1:59 pm        
រូបភាព
លោក Lázaro Oliveira គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាកាវ ចាប់ដៃលោក Felix G. Dalmas គ្រូបង្វឹកជម្រើសជាតិកម្ពុជា។ រូបពី Cambodian Premier League
លោក Lázaro Oliveira គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាកាវ ចាប់ដៃលោក Felix G. Dalmas គ្រូបង្វឹកជម្រើសជាតិកម្ពុជា។ រូបពី Cambodian Premier League
លោក Felix G. Dalmas គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា សរសើរក្រុមម៉ាកាវ ថាជាក្រុមមួយខ្លាំង ព្រោះមានបទពិសោធន៍ប្រកួត ជាមួយក្រុមមានកម្រិតខ្លាំងៗ ដូចជាប៊ូតង់ សិង្ហបុរី និងមីយ៉ាន់ម៉ាជាដើម។​ ដោយឡែក លោក Lázaro Oliveira គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាកាវ សប្បាយចិត្ត ដោយបានប្រកួតជាមួយកម្ពុជា។ កម្ពុជា ត្រូវស្វាគមន៍ ម៉ាកាវ ក្នុងការប្រកួតមិត្តភាពអន្ដរជាតិ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧ យប់។



ប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទលោក Felix G. Dalmas ចាត់ទុក ម៉ាកាវ គឺជាក្រុមខ្លាំង ដោយសារបទពិសោធន៍ ធ្លាប់ប្រកួតជាមួយ ក្រុមខ្លាំងៗ។ សម្រាប់ជំនួបនេះ គ្រូបង្វឹកកម្ពុជា បញ្ជាក់ថា បានត្រៀមខ្លួនរួចជាស្រេច បន្ទាប់ការស្វាគមន៍ ក្រុមជម្រើសជាតិហុងកុង ក្នុងលទ្ធផល ១-១។
 
គ្រូបង្វឹកកម្ពុជារូបនេះ បាននិយាយដូច្នេះថា៖«យើង បានត្រៀមខ្លួនយ៉ាងល្អ បន្ទាប់ពីប្រកួតជាមួយ ហុងកុង។ ខ្ញុំ ជាជឿថាម៉ាកាវ គឺជាក្រុមខ្លាំងមួយ។ គេ ធ្លាប់ប្រកួតមួយហុងកុង និងប៊ូតង់ ដែលជាក្រុមខ្លាំង។»។
 
លោក Lázaro Oliveira គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាកាវ សញ្ជាតិព័រទុយហ្កាល់ បញ្ជាក់ថា ពិតជាសប្បាយចិត្ត ដោយបានដឹកនាំក្រុមប្រកួតជាមួយកម្ពុជា។ ជំនួបជាមួយកម្ពុជានេះ នឹងក្លាយជាការប្រកួតទី៤ សម្រាប់ក្រុមនេះ បន្ទាប់ពីការធូស្រាលនូវវិបត្តិកូវីដ-១៩។
 
គួរបញ្ជាក់ផងដែរថា កម្ពុជា ធ្លាប់ជួប ម៉ាកាវ ៦ លើករួចមកហើយ បើគិតចាប់ពីឆ្នាំ២០០៨។ ក្នុង ៦ប្រកួតនោះ កម្ពុជា ឈ្នះ៤ ចាញ់១ និង ស្មើ១។ កម្ពុជា នឹងត្រូវស្វាគមន៍ ម៉ាកាវ ក្នុងការប្រកួតមិត្តភាពអន្ដរជាតិ នាយប់ ម៉ោង ៧ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
 

Tag:
 បាល់ទាត់
  MinebeaMitsumi International Friendly
© រក្សាសិទ្ធិដោយ thmeythmey.com