ជាតិ
ប៉ូលិសកម្ពុជា -ថៃ ឃាត់ខ្លួនជនជាតិថៃ៤នាក់ ដែលឆបោកតាមអនឡាញ រត់មកលាក់ខ្លួននៅប៉ោយប៉ែត
11, Sep 2023 , 3:29 pm        
រូបភាព
ស្ត្រីជនជាតិថៃ ៤នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា -ថៃ ឃាត់ខ្លួនបាន កាលពីថ្ងៃទី៩ កញ្ញា ។ ជនសង្ស័យទាំង៤រូបនេះ ជាប់ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ នៅតាមប្រព័ន្ធអនឡាញ។

 
អគ្គស្នងការនគរបាលជាតិកម្ពុជា បានបញ្ជាក់ថា ជនជាតិថៃទាំងនេះ បានមកសម្ងំលាក់ខ្លួន នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយជាប់ពាក់ព័ន្ធករណីឆបោកតាមអនឡាញ ដែលបណ្ដាលឱ្យកើតមានអំពើឃាតកម្មលើពលរដ្ឋថៃ មួយគ្រួសារទៀតផង។ បើតាមអគ្គស្នងការនគរបាលជាតិ ករណីឃាតកម្មគ្រួសារជនជាតិថៃនោះ មានមនុស្សស្លាប់៣នាក់ នៅក្នុងខេត្តសាមុតប្រកាន កាលពីថ្ងៃទី២៨ សីហាកន្លងមក។
 
ប្រតិបត្តិការនេះ ធ្វើឡើងក្រោយពីលោក ស ថេត អគ្គស្នងការនគរបាលជាតិ បានជួបពិភាក្សាការងារជាមួយលោក Surachate Hakparn អគ្គស្នងការរងនគរបាលភូមិន្ទថៃ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ។ កិច្ចពិភាក្សានេះ បានផ្តោតសំខាន់អំពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឱ្យមានភាពរឹងមាំបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវលទ្ធផលធំៗ ក្នុងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ ៕

Tag:
 បទល្មើសឆបោក
  អនឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com