ជាតិ
សេដ្ឋកិច្ច
កម្ពុជា នាំទំនិញទៅកាន់ទីផ្សារអន្តរជាតិសម្រេចបាន ជាង១៥ពាន់លានដុល្លារ ​នាពេល៨ខែ
11, Sep 2023 , 5:39 pm        
រូបភាព
ទិដ្ឋភាពរួមនៃទូកុងតឺន័រ ស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលច្រកបម្រើដល់ការនាំចេញ-នាំចូលដ៏ធំរបស់កម្ពុជា។ រូបថត៖ Chanthol SUN
ទិដ្ឋភាពរួមនៃទូកុងតឺន័រ ស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលច្រកបម្រើដល់ការនាំចេញ-នាំចូលដ៏ធំរបស់កម្ពុជា។ រូបថត៖ Chanthol SUN
៨ខែមកនេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម ជាមួយ​ប្រទេស​ដៃគូ​អន្តរជាតិ​បានប្រមាណ៣២ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមានជាង១៥,៦៩ពាន់លានដុល្លារ កើន០,៣ភាគរយ ខណៈការនាំចូលធ្លាក់ចុះ២៥,២​ភាគរយ​។ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២២។​ នេះ​បើតាម​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា។

 
​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជារបស់​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បានបង្ហាញថា ប្រទេសជាដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា​​ នារយៈពេល៨ខែមកនេះ មានប្រទេសចិន​ ដែលសម្រេចទំហំពាណិជ្ជកម្មជាមួយកម្ពុជា​ បានជាង៨ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចូលរបស់កម្ពុជា ពីប្រទេសនេះ​មានដល់៧,១ពាន់ដុល្លារ។ 
 
បន្ទាប់មក គឺសហរដ្ឋអាម៉េរិក ដែលសម្រេចទំហំពាណិជ្ជកម្មជាមួយកម្ពុជា បានក្នុងរង្វង់៦,២ពាន់លានដុល្លារ ដោយការនាំចូលមានត្រឹម១៦០លានដុល្លារប៉ុណ្ណោះ ខណៈការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសមហាអំណាចពិភពលោកមួយនេះ​មានដល់ ៦,១ពាន់លានដុល្លារ។​ 
 
វៀតណាម ជាដៃគូពាណិជ្ជកម្មលំដាប់ទី៣របស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មរួមគ្នា​៤,៣ពាន់ដុល្លារ​​​​​​​ ក្នុងរយៈពេល៨ខែមកនេះ។ ក្នុងនោះមាន ការនាំចេញរបស់កម្ពុជា​ទៅកាន់ប្រទេសជិតខាងកើតមួយមានទំហំប្រមាណ​១,៨ពាន់លានដុល្លារ។ សម្រាប់កម្ពុជា-ថៃ សម្រេចទំហំពាណិជ្ជកម្មបានជាង​២,៥ពាន់លានដុល្លារ ដោយការនាំចេញរបស់កម្ពុជា​មាន​ជាង៦៤០មានដុល្លារ។​
 
ជាមួយគ្នានេះ កម្ពុជា-ជប៉ុន សម្រេចពាណិជ្ជកម្មរួមគ្នា​បាន១,២ពាន់លានដុល្លារ​​ ដោយការនាំចេញរបស់កម្ពុជា​មានជាង ៧៧០លានដុល្លារ។ រីឯ ពាណិជ្ជកម្មរវាងកម្ពុជា​-សិង្ហបុរី គឺសម្រេចបានក្នុងទំហំទឹកប្រាក់១,១ពាន់លានដុល្លារ ដោយការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសមួយនេះ​មានជិត ៤៧៧លានដុល្លារ។ 
 
​គួរជម្រាបថា កាល​ឆ្នាំ​២០២២ ទឹកប្រាក់​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជាមាន​៥២,៤​ពាន់​លាន​ដុល្លារ កើន៩,២​ភាគរយ​ ​ធៀប​ទៅនឹង​ឆ្នាំ​២០២១ ដែលមាន​ចំនួន​ជាង ៤៨​ ពាន់​លាន​ដុល្លារ​។ ទឹកប្រាក់​ដែល​កម្ពុជា​ប្រមូលបាន​ពី​ការនាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ប្រមាណ២២,៤​ ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៤ ភាគរយ។ រីឯ​ទំនិញ​ដែល​កម្ពុជា​នាំចូល​ពី​ទីផ្សារ​អន្តរជាតិ​មានតម្លៃ ជិត៣០​ពាន់​លាន​ដុល្លារ កើនឡើង ៤,៣ ​ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕
 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com