កីឡាជាតិ
ជាតិ
លោក តែម ម៉ឺន៖ ឈ្លោះគ្នារឿងលុយលើបណ្តាញសង្គម មិនបានជួយអ្វីដល់វិស័យគុនខ្មែរទេ
11, Sep 2023 , 7:39 pm        
រូបភាព
លោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ប្រគល់ប្រាក់រង្វាន់ឲ្យកីឡាករ រូបពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
លោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ប្រគល់ប្រាក់រង្វាន់ឲ្យកីឡាករ រូបពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ យល់ឃើញថា ការយករឿងតម្លៃខ្លួនកីឡាករប្រដាល់ មកវែកញែក និងឈ្លោះគ្នាលើបណ្ដាញសង្គម មិនបានជួយអ្វីដល់ការផ្សព្វផ្សាយគុនខ្មែរទេ ផ្ទុយទៅវិញបែជានាំឲ្យបរទេសវាយតម្លៃមិនល្អទៅវិញ។ តម្លៃខ្លួនក្នុងការប្រកួតនីមួយៗ គឺស្ថិតលើការព្រមព្រៀងគ្នារវាងកីឡាករ និងអ្នករៀបចំការប្រកួត។ លោក តែម ម៉ឺន បន្ដថា ប្រសិនជាឲ្យតម្លៃខ្លួនកីឡាករច្រើន នោះ គឺជារឿងល្អ ប៉ុន្ដែយ៉ាងណាក៏ដោយ ការព្រមព្រៀងគ្នាហើយ មិនត្រូវជជែកវែកញែក​ ឬ ហែកហួរគ្នាលើបណ្ដាញសង្គមណាមួយឡើយ។



ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា រាល់ការប្រកួត តម្លៃខ្លួនរបស់កីឡាករ ត្រូវព្រមព្រៀងគ្នា រវាងភាគីទាំងសងខាង រវៀងកីឡាករ និងអ្នករៀបចំកម្មវិធី។ ប្រធានរូបនេះ សំណូមពរ អ្នកគាំទ្រ ឬអ្នកដែលពាក់ព័ន្ធក្នុងវិស័យកីឡានេះ ជៀសវាងការឈ្លោះទាស់ទែងគ្នា ដោយរិះគន់លើបណ្ដាញសង្គម ព្រោះនាំឲ្យប៉ះពាល់ដល់ប្រយោជន៍រួមរប​ស់វិស័យកីឡាប្រដាល់គុនខ្មែរ។
 
«បើយើង ជជែកវែកញែកបន្ថែម វាមិនមានអ្វីចំណេញទេ ព្រោះអ្នកឧបត្ថម្ភយើងក៏មានកម្រិត។ ប៉ុន្ដែ យើង ត្រូវដឹងថា អ្វីគ្រប់យ៉ាងកំពុងអភិវឌ្ឍទៅមុខ។ យើង ត្រូវដឹងយើងស្ថិតនៅកម្រិតណា ហើយអ្នកឧបត្ថម្ភ គួរឲ្យប៉ុណ្ណា ឲ្យសមរម្យ។ ហើយ យើងគួរតែនិយាយគ្នាមុន ជាជៀងឈ្លោះគ្នា តាមបណ្ដាញសង្គម ព្រោះមិនល្អទេ សម្រាប់គុនខ្មែរ។ ពេលព្រមព្រៀងហើយ យើង មិនត្រូវនិយាយអ្វី បន្តទៀតទេ។ ត្រូវគិតផលប្រយោជន៍រួមជាធំ។ ការលើកយកមកនិយាយច្រើន មិនល្អទេ ចំពោះការនិយាយរឿងលុយ។»។ លោក តែម ម៉ឺន បាននិយាយដូច្នេះ។
 
ប្រធានរូបនេះ ក៏និយាយក្នុងន័យសម្របសម្រួលថា ទាំងអ្នករៀបចំ និងកីឡាករ គួរតែពិចារណា លើតម្លៃសមរម្យណាមួយ សម្រាប់ព្រមព្រៀងគ្នា។ នោះ មានន័យថា កីឡាករ ត្រូវដឹងពីកម្រិតរបស់ខ្លួន ប៉ុណ្ណា ហើយអ្នកឧបត្ថម្ភ គួរឲ្យតម្លៃប៉ុណ្ណា។ លោក តែម ម៉ឺន បន្ថែមថា ការលើកស្ទួយកីឡាករ គឺជារឿងល្អបំផុត ព្រោះពួកគេ ចំណាយកម្លាំងកាយ និងពេលវេលាផ្ទាល់ខ្លួន ជាច្រើនដើម្បីឲ្យខ្លួនមានសមត្ថភាពខ្លាំង។
 
«ការលើកស្ទួយកីឡាករ គឺជារឿងមួយដែលល្អបំផុត។ ពាក់ព័ន្ធជាមួយតម្លៃ ខ្លួន គឺតាមការព្រមព្រៀង  និងលទ្ធភាព។ យើង មិនអាចទាមទារតម្លៃខ្លួន ខ្ពស់ខ្លាំងពេក ហើយចំណែកអ្នករៀបចំកម្មវិធី ក៏មិនអាចទំលាក់តម្លៃខ្លួន កីឡាករ ខ្លាំងពេកដែរ។ អ្វី ដែលល្អ គឺជាលទ្ធភាព ទាំងសងខាងរវាងអ្នករៀបចំកម្មវិធី និងកីឡាករ។ ដាច់ខាត យើង ត្រូវតែមានការព្រមព្រៀងគ្នា។»។ ប្រធានសហព័នកីឡាប្រដាល់គុនខ្មែរ បាននិយាយប្រាប់ដូច្នេះ។
 
ជាក់ស្ដែង មុនកីឡាករម្នាក់ៗ ទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំង អ្នកទាំងនោះ ដាច់ខាតត្រូវមានលក្ខណៈពិសេស ឬសមត្ថភាពពិសេសណាមួយ ដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្ត។ ប៉ុន្ដែ មុនមានសមត្ថភាពខ្លាំង តើកីឡាករម្នាក់ៗ ត្រូវចំណាយពេលវេលាហ្វឹកហាត់ ចំណាយកម្លាំង និងមានឆន្ទៈខ្លាំងប៉ុណ្ណា? តើការទារតម្លៃខ្លួនតាមកម្រិត ខុសដែរទេសម្រាប់កីឡាករ? ប្រសិនជាមិនមានតម្លៃខ្លួន តើអ្វីជាការតបស្នងដល់ការប្រឹងប្រែងហ្វឹកហាត់របស់កីឡាករ?
 

Tag:
 ប្រដាល់គុនខ្មែរ
  តែម​ ម៉ឺន
© រក្សាសិទ្ធិដោយ thmeythmey.com