អន្តរជាតិ
ប្រមុខរដ្ឋាភិបាលថៃ សន្យាដោះស្រាយបញ្ហាបំណុលរបស់កសិករ ដោយពន្យារពេលសង
11, Sep 2023 , 8:19 pm        
រូបភាព
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ មុនពេលថ្លែងគោលនយោបាយនៅចំពោះមុខសភា ក្នុងថ្ងៃទី១១ ខែកញ្ញា។ រូបភាព Khaosod English
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ មុនពេលថ្លែងគោលនយោបាយនៅចំពោះមុខសភា ក្នុងថ្ងៃទី១១ ខែកញ្ញា។ រូបភាព Khaosod English
ប្រមុខរដ្ឋាភិបាលថៃ លោក សេដ្ឋា ថាវីស៊ី នៅថ្ងៃទី១១ ខែកញ្ញា បានសន្យាដោះស្រាយបញ្ហាបំណុលរបស់កសិករ, បំណុលសាធារណៈ, សហគ្រាសធុនតូច និងមធ្យម និងក្រុមប្រជាជនមួយចំនួន។ បន្ថែមពីនេះ លោកសេដ្ឋា ក៏បានលើកឡើងពីការបញ្ចុះតម្លៃអគ្គិសនី និងហ្គាស និងប្រេងផង។

 
ក្នុងការថ្លែងគោលនយោបាយរបស់រដ្ឋាភិបាលថ្មី ទៅកាន់សភាជាលើកដំបូងនៅថ្ងៃទី១១ ខែកញ្ញា ក្រោយចូលកាន់តំណែង លោកសេដ្ឋា ថាវីស៊ី ប្រមុខរដ្ឋាភិបាលថៃ បានលើកឡើងថា ពេលនេះ សេដ្ឋកិច្ចថៃ កំពុងមានភាពផុយស្រួយ ដោយបំណុលរបស់ប្រជាជន មានកម្រិតយ៉ាងខ្ពស់។ នៅចំពោះមុខសមាជិកសភា លោក សេដ្ឋា បានបញ្ជាក់ថា បំណុលរបស់ប្រជាជនបានកើនដល់ ៩១ភាគរយ បើធៀបនឹងផលិតផលក្នុងស្រុកសរុប(GDP) របស់ថៃ ខណៈបំណុលសាធារណៈ បានកើនដល់ ៦១ភាគរយ នៃGDP។ 
 
តាមទិន្នន័របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទំហំផលិតផលក្នុងស្រុកសរុបរបស់ថៃនៅក្នុងឆ្នាំ ២០២២ មានចំនួនជាង ៥៣៦,១៦០ពាន់លានដុល្លារ។ 
 
ទាក់ទិននឹងបញ្ហានេះ ប្រមុខរដ្ឋាភិបាលថៃ បានប្តេជ្ញាដោះស្រាយបញ្ហាបំណុលរបស់កសិករ បំណុលសាធារណៈ, សហគ្រាសធុនតូច និងមធ្យម និងក្រុមប្រជាជនមួយចំនួន។ បើតាមលោកសេដ្ឋា ដំណោះស្រាយលើបំណុលកសិករ អាចរួមបញ្ចូលនឹងការពន្យារពេលបង់បំណុលជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
​នៅចំពោះមុខសមាជិកសភា មេដឹកនាំថៃរូបនេះ បានបន្ថែមថា សេដ្ឋកិច្ចថៃ កំពុងជួបបញ្ហាប្រឈមជាច្រើន ខណៈចំនួនទេសចរណ៍ និងការចំណាយ គឺមានកំណើនយឺត ដែលនេះ អាចបង្កឱ្យសេដ្ឋកិច្ចថៃមានភាពថមថយ។ បើតាមលោកសេដ្ឋា រដ្ឋាភិបាលរបស់លោក បានត្រៀមខ្លួនជាស្រេច ក្នុងការដាក់ចេញវិធានការជួយជំរុញសេដ្ឋកិច្ច ដោយក្នុងនោះរួមទាំងការផ្តល់ប្រាក់ឌីជីថល ១ម៉ឺនបាត (២៨២ដុល្លារ) ផង។ 
 
បន្ថែមពីនេះ នាយករដ្ឋមន្រ្តីថៃទី៣០រូបនេះ បានអះអាងថា រដ្ឋាភិបាល នឹងកាត់បន្ថយតម្លៃប្រេង ហ្គាស និងអគ្គិសនី ដោយរួមទាំងស្វែងរកប្រភពថាមពលថ្មីផង។ លោកសេដ្ឋា បានសន្យាបង្កើនចំនួនទេសចរណ៍មកក្នុងប្រទេស ដើម្បីបង្កើនចំណូលសម្រាប់ប្រជាជន។ 
 
យ៉ាងណាមិញ គោលនយោបាយរបស់រដ្ឋាភិបាល ដែលដឹកនាំដោយបក្សភឿថៃនេះ ត្រូវបានបក្សឆ្ពោះទៅមុខ រិះគន់ថា មានភាពមិនច្បាស់លាស់ មិនមានពេលវេលាអនុវត្តឱ្យបានត្រឹមត្រូវ និងខ្វះគោលដៅ។ តាមការអះអាងរបស់លោកស្រី Sirikanya Tansakul មេដឹកនាំរងរបស់បក្សឆ្ពោះទៅមុខ សេចក្តីថ្លែងការណ៍ពីគោលនយោបាយល្អ ចាំបាច់ត្រូវបញ្ជាក់ពីទិសដៅ និងដូចជាវិធីសាស្រ្តក្នុងការអនុវត្តគោលនយោបាយឱ្យបានសម្រេច។ 
 
មិនតែប៉ុណ្នោះ លោកស្រី Sirikanya Tansakul ក៏បានលើកឡើងផងដែរថា គោលនយោបាយរបស់រដ្ឋាភិបាលដឹកនាំដោយលោកសេដ្ឋា គឺមិនខុសពីឯកសារ ដែលត្រូវបានបញ្ចេញពីមុនឡើយ។ ស្របគ្នានេះ មេដឹកនាំរងបក្សរូបនេះ បានសរសើគោលនយោបាយរបស់រដ្ឋាភិបាល ដឹកនាំដោយលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រាទៅវិញ ដោយសារតែមានភាពច្បាស់លាស់ និងមានពេលវេលាអនុវត្តច្បាស់លាស់៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com