អន្តរជាតិ
លោក គីម ជុងអ៊ុន ជិះរថភ្លើងទៅរុស្ស៊ីដើម្បីជួបលោកពូទីន ជជែករឿងអាវុធ
12, Sep 2023 , 10:49 am        
រូបភាព
លោក គីម ជុងអ៊ុន ចាកចេញពីកូរ៉េខាងជើង តាមរយៈរថភ្លើងឯកជនរបស់ខ្លួន នៅថ្ងៃទី១០ ខែកញ្ញា។ រូបភាព KCNA
លោក គីម ជុងអ៊ុន ចាកចេញពីកូរ៉េខាងជើង តាមរយៈរថភ្លើងឯកជនរបស់ខ្លួន នៅថ្ងៃទី១០ ខែកញ្ញា។ រូបភាព KCNA
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាកចេញពីប្រទេសហើយ តាមរយៈរថភ្លើងពិសេសពាសដែក ដើម្បីជួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅរុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី១២ ខែកញ្ញា។

 
ក្នុងរបាយការណ៍របស់ខ្លួន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាកចេញពីប្រទេស តាមរយៈរថភ្លើងដើម្បីធ្វើទស្សនកិច្ចនៅរុស្ស៊ី និងជួបជាមួយលោកប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន តាំងពីថ្ងៃទី១០ ខែកញ្ញាមក។ ក្នុងដំណើរទស្សនកិច្ចដែលត្រូវបានអាម៉េរិករំពឹងថាពិភាក្សាពីកិច្ចព្រមព្រៀងអាវុធនេះ លោក គីម បាននាំមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល និងមន្រ្តីយោធារបស់ខ្លួនទៅផង។ 
 
តំណាងយោធា ដែលអមដំណើរលោកគីម ទៅរុស្ស៊ី ក៏មានសមាជិកចេញពីបក្សពលករកូរ៉េផង ក្នុងនោះមានដូចជាលោក Jo Chun Ryong ប្រធាននាយកដ្ឋានឧស្សាហកម្មគ្រាប់រំសេវជាដើម។ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son-hui ក៏អមដំណើរលោកគីម ទៅរុស្ស៊ីដែរ។ 
 
តាមការបញ្ជាក់របស់មន្រ្តីនៅក្រសួងការពារជាតិកូរ៉េខាងត្បូង លោក គីម ជុងអ៊ុន បានទៅដល់រុស្ស៊ីហើយ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។  អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Jeon Ha-kyou និយាយថា រដ្ឋាភិបាលក្រុងសេអ៊ូល កំពុងតាមដានយ៉ាងម៉ត់ចត់ លើកិច្ចចរចា ដែលអាចកើតមានឡើងរវាងលោកពូទីន និងលោកគីម ក្នុងនោះរួមទាំងកិច្ចព្រមព្រៀងអាវុធផង។ 
 
កន្លងមក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានព្រមានថា ក្រុងព្យុងយ៉ាង នឹងរងផលវិបាក ប្រសិនបើមានកិច្ចព្រមព្រៀងអាវុធជាមួយក្រុងមូស្គូ។
 
នេះជាដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង ទៅរុស្ស៊ីលើកដំបូង ក្នុងរយៈពេលជាង ៤ឆ្នាំកន្លងមកនេះ ពោលគឺចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០១៩ មក។ 
 
មួយរយៈចុងក្រោយនេះ កូរ៉េខាងជើង បានស្វះស្វែងរកកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ស្របពេលអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីនៅក្នុងតំបន់ ដើម្បីប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន៕ 
 

Tag:
 រុស្ស៊ី
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com