អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អធិការបតីអាល្លឺម៉ង់ជូនពរសម្តេច ហ៊ុន ម៉ាណែត ឱ្យទទួលជោគជ័យលើតួនាទីនាយករដ្ឋមន្រ្តី
12, Sep 2023 , 12:23 pm        
រូបភាព
លោក អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល (ឆ្វេង) និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាប AFP និង Facebook_Samdech Thipadei Hun Manet.jpg
លោក អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល (ឆ្វេង) និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាប AFP និង Facebook_Samdech Thipadei Hun Manet.jpg
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល បានផ្ញើលិខិតអបអរសម្តេចហ៊ុន ម៉ាណែត ក្រោយកាន់តំណែងជាប្រមុខរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃទី១១ ខែកញ្ញា។ ទន្ទឹមនេះ អធិការបតីអាល្លឺម៉ង់ ក៏បានជូនពរឱ្យសម្តេច ទទួលបានជោគជ័យ ក្នុងការកាន់តំណែងដ៏សំខាន់នេះផង។

 
តាមសេចក្តីប្រកាសព័ត៌មាន ចេញដោយការិយាល័យព័ត៌មានរបស់រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី១១ ខែកញ្ញា អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល បានជូនពរឱ្យសម្តេចហ៊ុន ម៉ាណែត ទទួលជោគជ័យ ក្នុងការកាន់តំណែងជាប្រមុខរដ្ឋាភិបាលកម្ពុជា។ 
 
«អ្នកអាចបន្តពឹងផ្អែកលើអាល្លឺម៉ង់ ដើម្បីសម្រេចគោលដៅ និងពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា រួមទាំងប្រជាធិបតេយ្យ និងនីតិរដ្ឋ»។ អធិការបតីអាល្លឺម៉ង់ បានសង្កត់ធ្ងន់បែបនេះ។ 
 
មិនតែប៉ុណ្ណោះ មេដឹកនាំរដ្ឋាភិបាលរូបនេះ ក៏បានរំឮកឡើងវិញផងដែរពីទំនាក់ទំនងដ៏ល្អរវាងភាគីទាំងពីរ រួមទាំងការគាំទ្រលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ 
 
កម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានចាប់ផ្តើមទំនាក់ទំនងការទូត នៅក្នុងឆ្នាំ១៩៦៧ និងបានព្យួរទំនាក់ទំនងការទូតនេះ នៅចន្លោះឆ្នាំ ១៩៦០ និង១៩៩៣។ 
 
តាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មកម្ពុជានៅពេលកន្លងមក កម្ពុជាបាននាំចេញទំនិញទៅអាល្លឺម៉ង់ប្រមាណ ១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២ ដោយកើនឡើងប្រមាណ២៣ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ទំនិញដែលកម្ពុជានាំទៅអាល្លឺម៉ង់ មានដូចជាស្បែកជើង សំលៀកបំពាក់ សម្ភារសម្រាប់ធ្វើដំណើរ ផលិតផលកសិកម្ម កង់ និងឧបករណ៍អេឡិចត្រូនិចជាដើម៕ 
 

Tag:
 អាល្លឺម៉ង់
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com