កីឡាជាតិ
ជាតិ
AFC U23៖ សារ៉ាពេជ្រ និង រតនា មិនអាចជួយកម្ពុជា ក្នុងជំនួបសំខាន់ ទល់ អារ៉ាប៊ីសាអូឌីត
12, Sep 2023 , 3:51 pm        
រូបភាព
កីឡាករ ស រតនា ប្រជែងយកបាល់ជាមួយម៉ុងហ្គោលី រូបពី សហព័ន្ធបាល់ទាត់កម្ពុជា
កីឡាករ ស រតនា ប្រជែងយកបាល់ជាមួយម៉ុងហ្គោលី រូបពី សហព័ន្ធបាល់ទាត់កម្ពុជា
ខ្សែបម្រើលេចធ្លោ ស រតនា និងខ្សែការពារ ចាន់ សារ៉ាពេជ្រ នឹងត្រូវអវត្តមានឱ្យក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ទល់អារ៉ាប៊ីសាអូឌីត ក្នុងជំនួបចុងក្រោយវគ្គសន្សំពិន្ទុពូល J នៃពានរង្វាន់ AFC U23 Asian Cup Qatar។ កីឡាករ ២រូប សុទ្ធតែទទួលបានកាតលឿង ពីរសន្លឹក។



U23 កម្ពុជា ត្រូវប្រកួតជាមួយម្ចាស់ផ្ទះពូល J អារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១២ ខែកញ្ញា នៅកីឡដ្ឋាន PRINCE SULTAN BIN ABDULAZIZ SPORTS CITY វេលាម៉ោង១១យប់ [ម៉ោងនៅកម្ពុជា]។ កម្ពុជា ត្រូវការឈ្នះដាច់ខាត ដើម្បីដណ្តើមលេខ១កំពូលតារាង ឬស្មើ ដើម្បីអាចក្លាយជាក្រុមលេខ២ ល្អជាងគេក្នុងពូល សម្រាប់កៅអីទៅវគ្គបន្ដ។ យ៉ាងណា ក្នុងជំនួបសំខាន់នេះ សមាជិកសំខាន់២រូប របស់ U23 កម្ពុជា អវត្តមាន។
 
កីឡាករ ស រតនា និងចាន់ សារ៉ាពេជ្រ ត្រូវអាក់ខានជួយកម្ពុជា ដោយសារការពិន័យកាតនៅពីរប្រកួតដំបូង។ រតនា កីឡាករក្លិបវិសាខា ទទួលបានកាតលឿង១ ក្នុងជំនួបជាមួយលីបង់ និងកាតលឿង១ទៀតជាមួយ ម៉ុងហ្គោលី។ ចំណែក ចាន់ សារ៉ាពេជ្រ ខ្សែការពារក្លិបព្រៃវែង ទទួលបានកាតក្រហម ក្រោយបានកាតលឿង២ ក្នុងប្រកួតជាមួយ ម៉ុងហ្គោលី។
 
២ប្រកួតដំបូងរបស់កម្ពុជា កីឡាករ ស រតនា រកបាន២គ្រាប់។ តើកីឡាករណា អាចជំនួស កីឡាកររូបនេះ ក្នុងជំនួបជាមួយ អារ៉ាប៊ី សាអូឌីត?
 
គួរបញ្ជាក់ផងដែរថា មុនជួបជាមួយអារ៉ាប៊ីសាអូឌីត ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ បានប្រកួតស្មើជាមួយ លីបង់ ក្នុងលទ្ធផល ២-២ និងឈ្នះ ម៉ុងហ្គោលី ក្នុងលទ្ធផល ២-១។

U23 កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី២បណ្តោះអាសន្នក្នុងពូល J មាន៤ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងអារ៉ាប៊ីសាអូឌីតមាន៦ពិន្ទុពេញ។ លីបង់ស្ថិតនៅលេខ៣មាន១ពិន្ទុ ឯម៉ុងហ្គោលីនៅបាតតារាងគ្មានពិន្ទុរាប់៕
 
កីឡាករ ស រតនា បង្ហាយស្តាយអបអរគ្រាប់បាល់ រូបពីសហព័ន្ធបាល់ទាត់កម្ពុជា

កីឡាករ ចាន់ សារ៉ាពេជ្រ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា


Tag:
 បាល់ទាត់
  ចាន់ សារ៉ាពេជ្រ
  ស រតនា
© រក្សាសិទ្ធិដោយ thmeythmey.com