កីឡាជាតិ
ជាតិ
សុកុម្ភៈ លេងឱ្យជម្រើសជាតិកម្ពុជាដំបូងនៅពេលលីហួរ អាយុ២ឆ្នាំ, ១៨ឆ្នាំក្រោយ អ្នកទាំងពីរជំនួសគ្នា
12, Sep 2023 , 6:59 pm        
រូបភាព
កីឡាករ គួច សុកុម្ភៈ  រូបនៅខាងស្ដាំដៃ ពាក់អាវលេខ ១០ ចំណែក គង់ លីហ៊ួរ កំពុងកម្ដៅសាច់ដុំ
កីឡាករ គួច សុកុម្ភៈ រូបនៅខាងស្ដាំដៃ ពាក់អាវលេខ ១០ ចំណែក គង់ លីហ៊ួរ កំពុងកម្ដៅសាច់ដុំ
គួច សុកុម្ភៈ ជាប់ជម្រើសជាតិដំបូងឆ្នាំ២០០៥ នៅពេលគង់ លីហួរ ទើបតែមានអាយុ២ឆ្នាំ ប៉ុណ្ណោះ។ ១៨ឆ្នាំក្រោយ ក្នុងការប្រកួតមិត្តភាពអន្ដរជាតិរវាង កម្ពុជា និងហុង កុង កាលពីថ្ងៃទី៧ ខែកញ្ញា កីឡាករក្លិបព្រៃវែង លីហួរ បានប្ដូរចូលជំនួស សុកុម្ភៈ នៅនាទី៦៣។ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បញ្ជាក់ថា ការដាក់ លី ហួរ ជំនួស សុកុម្ភៈ សមាជិកក្រុមណាហ្គាវើលដ៍ មិនមែនតេស្ដសមត្ថភាពកីឡាករទេ ប៉ុន្ដែជាការផ្លាស់ប្តូរដោយមានទំនុកចិត្តចំពោះកីឡាករវ័យក្មេងរូបនេះ។



ប្រធានក្រុម គួច សុកុម្ភៈ ជាកីឡាករបាល់ទាត់មួយរូប ដែលទទួលបានការគោរព ពីអ្នកប្រកបអាជីពដូចគ្នា ព្រោះទម្រង់លេងបានល្អ ទាំងការពារ បម្រើ និងប្រយុទ្ធ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា។ ជាប់ជម្រើសជាតិដំបូងឆ្នាំ ២០០៥ ខ្សែបម្រើណាហ្គាវើលដ៍រូបនេះ ដើរតួសំខាន់ និងលេងបានគ្រប់ទម្រង់។ ការលេងបែបនេះ គឺកម្រមានកីឡាករ អាចលេងបានល្អ ហើយ គួច សុកុម្ភៈ តែងជាប់ជម្រើសជាតិស្ទើតែគ្រប់ការប្រកួត បើទោះជាមានការផ្លាស់ប្ដូរគ្រូបង្វឹកជម្រើសជាតិជាច្រើនរូប ក៏ដោយ។
 
គួរឲ្យកត់សម្គាល់នោះ ក្នុងការប្រកួត រវាងកម្ពុជា និង ហុងកុង នាថ្ងៃទី៧ ខែកញ្ញា សុកុម្ភៈ ដែលសព្វថ្ងៃមានវ័យ៣៦ឆ្នាំ ត្រូវបានផ្លាស់ប្ដូរចេញ ហើយជំនួសវិញ ដោយ គង់ លីហួរ មកពីក្លិបព្រៃវែង នៅនាទី៦៣។ ការបំពេញតួនាទីជំនួសរៀមច្បង លីហួរ វ័យ ២០ ឆ្នាំ ក៏បង្ហាញភាពប៉ិនប្រសប់ផងដែរ។
 
ចំពោះការបង្ហាញខ្លួនរបស់ លី ហួរ និងការជំនួស កីឡាករ គួច សុកុម្ភៈ គ្រូបង្វឹកកម្ពុជា បានបញ្ជាក់ថា នេះ មិនមែនជាការធ្វើតេស្ដសមត្ថភាព កីឡាករវ័យក្មេងរូបនេះទេ ប៉ុន្ដែគឺជាការជឿជាក់លើសមត្ថភាពរបស់គេ។ 
 
«ខ្ញុំ ពិតជាជឿជាក់លើ លីហួរ។ គាត់ ជាកីឡាករល្អសម្រាប់យើង។ ខ្ញុំ គិតថាប្រសិនជា គាត់នៅបន្ដការពង្រឹង គាត់នឹងជួយបានច្រើនសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ប៉ុន្ដែម្ដងបន្ដិចៗ។»។ លោក Felix G. Dalmas បាននិយាយប្រាប់ដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា គង់ លីហ៊ួរ បច្ចុប្បន្ន គឺជាកីឡាករខ្សែបម្រើកណ្ដាល របស់ក្លិបបាល់ទាត់ ខេត្តព្រៃវែង ចំណែក កីឡាករ គួច សុកុម្ភៈ កំពុងប្រកបអាជីពជាខ្សែបម្រើឲ្យក្លិបណាហ្គាវើលដ៍៕
 

Tag:
 បាល់ទាត់
  គួច សុកុម្ភៈ
  គង់ លីហួរ
© រក្សាសិទ្ធិដោយ thmeythmey.com