ជាតិ
សេដ្ឋកិច្ច
កម្ពុជា សង្ឃឹមជោគជ័យលើគោលដៅនាំចេញអង្ករ ១លានតោន ក្នុងឆ្នាំ២០២៥
13, Sep 2023 , 9:39 am        
រូបភាព
៨ខែមកនេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ គឺសម្រេចបានជាង៤០ម៉ឺនតោន។ បរិមាណនេះ ស្មើនឹង៥៨ភាគរយនៃផែនការប្រចាំឆ្នាំ២០២៣​ ខណៈប្រទេស​ឥណ្ឌូណេស៊ី មានបំណង ទិញអង្ករពីកម្ពុជាចំនួន២៥ម៉ឺន​តោន​ក្នុងមួយឆ្នាំ។ ការណ៍នេះ ធ្វើឱ្យកម្ពុជា មានក្តីសង្ឃឹមខ្ពស់ក្នុងការសម្រេចនូវគោលដៅនាំចេញអង្ករឱ្យបាន១លានតោន នៅឆ្នាំ២០២៥។

 
កាលពីថ្ងៃទី៤កញ្ញា លោក​ប្រ​ធានា​ធិបតីប្រទេសឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ បានបង្ហាញបំណងរបស់ខ្លួននៅចំពោះមុខសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការទិញអង្ករពីកម្ពុជាចំនួន២៥ម៉ឺនតោនក្នុងមួយឆ្នាំ។ បើតាមលោក ប៉ែន សុ​វិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កម្ពុជា-ឥណ្ឌូណេស៊ី បាន​ឯកភាព​ឱ្យមាន​ការរៀបចំ​ឡើងនូវការចុះអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​អង្ករ​ក្នុង​បរិមាណ​២៥​ម៉ឺន​តោន​ក្នុងមួយឆ្នាំ​សម្រាប់​រយៈពេល​បួន​ឆ្នាំ ដែលអាចអនុវត្តចាប់ពីឆ្នាំ២០២៤ តទៅ​​។​ 
 
ជាមួយគ្នានេះ ប្រទេសហ្វីលីពីន និងប្រទេសផ្សេងទៀត ក៏បានទាក់ទងមកកម្ពុជា ដើម្បីបញ្ជាទិញអង្ករ ផងដែរ។ លោក ប៉ែន សុវិជាតិ បានថ្លែងបែបនេះមកកាន់សារព័ត៌មានថ្មីៗ(ThmeyThmey) នារសៀលថ្ងៃទី១២កញ្ញា ដោយបន្តនិយាយថា ៖ «​នេះ គឺជាកត្តាវិជ្ជមានមួយដែលយើងមានសុទិដ្ឋិនិយម​ថា​ ផែនការនាំចេញអង្ករ១លានតោនរបស់យើង នឹងអាចសម្រេចបានក្នុងឆ្នាំ២០២៥»។
 
ជុំវិញ នៃការនាំចេញអង្ករឱ្យបាន១លានតោននេះ លោក លន់ យ៉េ​ង ដែលជាអគ្គលេខា​​ធិ​ការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF)​ ក៏បង្ហាញនូវក្តីសង្ឃឹម ដូចទៅនឹង ការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម  និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ខាងលើផងដែរ។ 
 
លោក លន់ យ៉េង មើលឃើញថា​ បច្ចុប្បន្ន ម្ចាស់រោងម៉ាស៊ីនកិនស្រូវរបស់កម្ពុជា មានភាពចាស់ទុំ ​និងមានសក្តានុពលជាងមុន ខណៈរដ្ឋាភិបាលបានលើកទឹកចិត្តផ្នែកពន្ធមួយចំនួនដល់វិស័យនេះ។ 
 
« ការពង្រីកឡសម្ងួត និងម៉ាស៊ីនកែច្នៃអង្ករ ​របស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវមួយចំនួន នាពេលសព្វថ្ងៃនេះ អាចធ្វើឱ្យយើងមានលទ្ធភាពក្នុងការការកែច្នៃ​ និងនាំចេញអង្ករ១លានតោនក្នុងមួយឆ្នាំ»។ លោក លន់ យ៉េង បាននិយាយបែបនេះមកកាន់សារព័ត៌មានថ្មីៗ។​
 
ទន្ទឹមគ្នានេះ កសិករក៏មានការយល់ដឹង​ច្រើនពីតម្រូវការអង្ករសម្រាប់នាំចេញ រួមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវនានា ថែមទៀត។​ លោកអគ្គលេខា​​ធិ​ការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបន្តរៀបរាប់យ៉ាងដូច្នេះ៖ « ឥឡូវ!​ បើយើងចង់បានស្រូវប្រភេទសែនក្រអូប៥០ម៉ឺនតោនពីកសិករ ក៏យើងរកបាន! យកស្រូវប្រភេទ៥៤៥១ ចំនួន១លានតោនក៏យើងរកបានដែរ!។ តែកាលពីមុនវិញ បើយើងចង់រកប្រភេទស្រូវដូចគ្នាក្នុងបរិមាណធំបែបនេះ គឺរកអត់បានទេ​ ព្រោះកសិករដាំស្រូវខុសគ្នាទាំងអស់»។ 
 
បើតាមលោក លន់ យ៉េង ដំណើរការនៃការនាំចេញអង្កររបស់កម្ពុជាឈានដល់១លានតោន ក្នុងឆ្នាំ២០២៥ គឺពុំមានឧសគ្គអ្វីមករារាំងឡើយ។  លោក ហ៊ានអះអាងបែបនេះ ក៏ព្រោះតែកម្ពុជាមានលំនឹងទីផ្សារ​គោលប្រចាំឆ្នាំប្រមាណ៦០-៧០ម៉ឺនតោន នារយៈពេល៥ឆ្នាំចុងក្រោយនេះ។ 
 
សម្រាប់ ទីផ្សារអង្ករថ្មីមួយចំនួនទៀត ដែលកម្ពុជាទើបទទួលបាននាពេលនេះ ជាសេសទីផ្សារប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន  នឹងជួយកម្ពុជាពង្រីកលទ្ធភាពនាំចេញអង្កររបស់ខ្លួនបានកាន់តែប្រសើរ និងមានប្រសិទ្ធភាព។ « ​ទាំងនេះ ជាសញ្ញាដែលបង្ហាញថា យើងអាចធ្វើទៅបាន​ក្នុងការនាំចេញអង្ករ១លានតោននៅឆ្នាំ២០២៥ ព្រោះឥណ្ឌូណេស៊ី និងហ្វីលីពីន ជាទីផ្សារនាំចូលអង្ករធំ ដោយយើងអាចនាំអង្ករទៅកាន់ប្រទេសទាំងពីរនេះបានយ៉ាងហោចក៏៣០ទៅ៤០ម៉ឺនតោនក្នុងមួយឆ្នាំ ដែរ»។  នេះជាបន្ថែមរបស់​លោក លន់ យ៉េង។ 
 
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចាប់ពី​ខែមករា​ ដល់ខែសីហា ឆ្នាំ​២០២៣ កម្ពុជា​​នាំចេញ​អង្ករបានចំនួន ៤០១ ៦៩៩តោន ទៅ៥២ ប្រទេស និង​ដែនដី ​តាមរយៈ​ក្រុមហ៊ុននាំចេញចំនួន៥៦​។  ក្នុងនោះប្រទេសចិន ​និងរដ្ឋបាលស្វយ័ត បាននាំចូលអង្ករពីកម្ពុជាចំនួន ១៤៣ ៨១៨តោន, សហភាពអឺរ៉ុបនាំចូលអង្ករពីកម្ពុជា​ ១៦៤ ៦៨២តោន ​និងទីផ្សារអាស៊ានចំនួន ៣៦ ៦៩៣តោន។
 
កាលពី​ឆ្នាំ​២០១០​ រាជរដ្ឋាភិបាល​បានដាក់​ចេញ​ផែន​ការនាំ​អង្ករ​ចេញ​ចំនួន ១​លាន​តោន​សម្រាប់​ឆ្នាំ​ ​២០១៥។ ប៉ុន្តែ មកទល់បច្ចុប្បន្ន ​ផែនការ​នេះ​  គឺមិនទាន់​សម្រេចឡើយ៕​ 

Tag:
 អង្ករ
  កសិកម្ម
  ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com