កីឡាជាតិ
ជាតិ
AFC U23៖ កម្ពុជា ហាលអាវ ខណៈ វៀតណាម ថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានកៅអីទៅកាតា ឆ្នាំក្រោយ
13, Sep 2023 , 10:26 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ មិនអាចបន្តទៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់តំបន់អាស៊ី AFC U23 Asian Cup នៅប្រទេសកាតា ក្រោយចាញ់ម្ចាស់ការពារជើងឯក អារ៉ាប៊ីសាអូឌីត ៦-១ ក្នុងការប្រកួតវគ្គសន្សំពិន្ទុចុងក្រោយពូល J។ ម្ចាស់ផ្ទះកាតា និង១៥ក្រុមផ្សេងទៀត ដែលរួមមាន វៀតណាម ថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បន្តទៅជួបគ្នានៅប្រទេសកាតាឆ្នាំ២០២៤។


តារាបាល់ទាត់វ័យក្មេងអារ៉ាប៊ីសាអូឌីត បានបង្ហាញភាពខ្លាំងរបស់ខ្លួន តាមរយៈការវាយបកយកឈ្នះ U23 កម្ពុជា នៅលើទឹកដីខ្លួនដល់ទៅ ៦-១ នៅកីឡដ្ឋាន Prince Sultan bin យប់ថ្ងៃទី១២ ខែកញ្ញា។ កម្ពុជា រកបានគ្រាប់បាល់នាំមុខមុនដោយខ្សែប្រយុទ្ធ សារ ទី នៅ៥នាទីដំបូងនៃវគ្គទីមួយ ដោយការទាត់បាល់ពិន័យប៉េណាល់ទី។
 
ត្រឹម១នាទីបន្ទាប់ពីការនាំមុខ ខ្សែប្រយុទ្ធ Ahmed Al-Ghamdi សម្រេចគ្រាប់តាមស្មើឱ្យម្ចាស់ផ្ទះវិញ មុនកីឡាករដដែលនេះបន្ថែមគ្រាប់ទី២នៅនាទី១៨។ តាមរយៈការវាយសម្រុកដ៏ខ្លាំងក្លារបស់អារ៉ាប៊ីសាអូឌីត បានធ្វើឱ្យ U23 កម្ពុជា របូត៤គ្រាប់ជាបន្តបន្ទាប់ទៀត ក្នុងនោះ Radif ធ្វើបាន២គ្រាប់ រួមជាមួយ Al-Juwayr និង Al-Faraj រកបានម្នាក់១គ្រាប់។ 
  


តាមរយៈលទ្ធផលនេះ កម្ពុជាមិនអាចដណ្តើមចំណាត់ថ្នាក់លេខ២ល្អបំផុតក្នុងពូលឡើយ បើទោះទទួលបាន៤ពិន្ទុពីការប្រកួត៣លើក។ ក្នុងពូល J នេះ អារ៉ាប៊ីសាអូឌីតបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងមាន៩ពិន្ទុពេញ តាមពីក្រោយដោយកម្ពុជា លីបង់ មាន២ពិន្ទុ និងម៉ុងហ្គោលីនៅបាតតារាងមាន១ពិន្ទុ។ ប្រកួតចុងក្រោយលីបង់ ស្មើម៉ុងហ្គោលី ១-១។
 
ក្រោយឆ្លងកាត់កាប្រកួតវគ្គសន្សំពិន្ទុទាំង១១ពូលពី A ដល់ K គេបានរកឃើញក្រុមចំនួន១៥ ក្នុងនោះក្រុមកំពូលតារាងចំនួន១១ និងក្រុមលេខ២ល្អបំផុតចំនួន៤ បានកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ AFC U23 ឆ្នាំ២០២៤ នៅប្រទេសកាតា ខណៈកាតានៅរង់ចាំស្រាប់។ ក្នុងចំណោម១៦ក្រុម​ មានក្រុមពីតំបន់អាស៊ីអាគ្នេយ៍ចំនួន៤ផងដែរ រួមមាន វៀតណាម ថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។

១១ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងមាន ហ្សកដានី កូរ៉េខាងត្បូង វៀតណាម ជប៉ុន អ៊ូសបេគីស្ថាន អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម ថៃ អូស្ត្រាលី អារ៉ាប៊ីសាអូឌីត និងឥណ្ឌូណេស៊ី និងក្រុមលេខ២ល្អបំផុតចំនូន៤មាន កូវ៉ែត តាហ្ស៊ីគីស្ថាន ចិន និងម៉ាឡេស៊ី។
 
ការប្រកួត AFC U23 ជុំចុងក្រោយ នឹងធ្វើឡើងនៅកាតា ចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។​ ព្រឹត្តិការណ៍កីឡាយុវជននេះ ក៏ជាការជម្រុះសម្រាប់ការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំងផងដែរ៕
 




Tag:
 AFC U23
© រក្សាសិទ្ធិដោយ thmeythmey.com