អន្តរជាតិ
តៃវ៉ាន់ថា​ ​យន្តហោះចិន២៨គ្រឿង​ចូល​តំបន់​ការពារ​ដែនអាកាស​របស់ខ្លួន
13, Sep 2023 , 8:59 pm        
រូបភាព
ក្រសួងការពារជាតិតៃវ៉ាន់បានប្រកាសនៅថ្ងៃទី១៣ ខែកញ្ញាពីវត្តមាននៃយន្តហោះកងទ័ពអាកាសចិនចំនួន២៨គ្រឿងនៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន ស្របពេលដែលភាពតានតឹងហាក់កើនឡើងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

 
យន្តហោះកងទ័ពអាកាសចិនរួមទាំងយន្តហោះចម្បាំង J-10 បានហោះចូលទៅក្នុងជ្រុងភាគនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់។ យន្តហោះចិនមួយចំនួនបានឆ្លងកាត់ច្រក Bashi ដើម្បីធ្វើសមយុទ្ធជាមួយនាវាផ្ទុកយន្តហោះចិន Shandong នៅមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមក្រសួងការពារជាតិតៃវ៉ាន់។
 
«កងកម្លាំងតៃវ៉ាន់បានតាមដានស្ថានការណ៍ រួមទាំងការបញ្ជូនយន្តហោះទ័ពអាកាសផ្ទាល់ខ្លួន និងប្រព័ន្ធការពារដែនអាកាសដើម្បីឆ្លើយតបទៅកាន់ការលុកលុយរបស់ចិន» ។ ក្រសួងការពារជាតិតៃវ៉ាន់ប្រកាសបែបនេះនៅថ្ងៃទី១៣ ខែកញ្ញា។ 
 
បន្ថែមពីលើនេះ មន្ត្រីជាន់ខ្ពស់លើផែនការសន្តិសុខរបស់តៃវ៉ាន់ និយាយថា នាវាចម្បាំងចិនជាង២០គ្រឿង រួមទាំងនាវាពិឃាត Type ០៥៥ បានបើកកាត់តាមច្រក Bashi និងច្រកសមុទ្រ Miyako ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅថ្ងៃទី១៣ ខែកញ្ញា។ 
 
សកម្មភាពយោធាដែលកើតឡើងថ្មីៗនេះ ទំនងជាការឆ្លើយតបរបស់ចិនចំពោះសកម្មភាពយោធានារយៈពេលចុងក្រោយនេះរបស់អាម៉េរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់៕ 
 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com