កីឡាអន្តរជាតិ
អន្តរជាតិ
Pinto អ្នក Hack ឯកសារផ្ទេរកីឡាករ Man City, PSG, Barca កក្រើកនៅអឺរ៉ុប ជាប់ទោស៤ឆ្នាំ
14, Sep 2023 , 7:59 am        
រូបភាព
លោក Rui Pinto កំពូលអ្នកហេក (Hacker) យកឯកសារសម្ងាត់ជុំវិញការផ្ទេរកីឡាករបាល់ទាត់ក្នុងតំបន់អឺរ៉ុប ជាពិសេសទាក់ទងនឹងការបំពានច្បាប់ហិរញ្ញវត្ថុ (FFP) របស់ក្លិប Manchester City ទៅបង្ហាញជាសារធារណៈ ត្រូវបានតុលាការព័រទុយហ្កាល់កាត់ទោសព្យួររយៈពេល៤ឆ្នាំ។



បុរសជនជាតិព័រទុយហ្កាល់ វ័យ៣៤ឆ្នាំរូបនេះ ជាអ្នកនៅពីក្រោយគេហទំព័រមួយដែលមានឈ្មោះថា​ Football Leak ហើយតាមរយៈគេហទំព័រនេះ បានលាតត្រដាងនូវព័ត៌មានជាច្រើនទាក់ទងទៅនឹងការដោះដូរកីឡាករក្នុងតំបន់អឺរ៉ុប ក៏ដូចជាឯកសារសម្ងាត់ពីកិច្ចសន្យានានារវាងក្លិប និងកីឡាករ។ 
 
មិនត្រឹមតែប៉ុណ្ណោះ Hacker រូបនេះ ក៏បានធ្វើឱ្យបែកធ្លាយព័ត៌មានដែលក្លិប Manchester City ជាមួយនឹងក្រុមហ៊ុនឧបត្ថម្ភ បានរៀបចំកិច្ចសន្យាដើម្បីគេចចេញពីបទប្បញ្ញតិ្តផ្នែកហិរញ្ញាវត្ថុ (FFP) របស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA ថែមទៀតផង។ ឈ្មោះដែល ​Pinto បានប្រើនៅក្នុងគេហទំព័ររបស់គេនោះគឺ John ដើម្បីចែកចាយឯកសារទាំងនោះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយធំៗជាច្រើនក្នុងតំបន់ ក៏ដូចជាបណ្តាញអ្នកសារព័ត៌មាន។ ក្រៅពីក្លិប Man City ក្លិប Paris Saint Germain ក៏បានស្ថិតក្នុងចំណោមនៃការបែកធ្លាយព័ត៌មានលើភាពមិនប្រក្រដីនៃផ្នែកហិរញ្ញវត្ថុនេះដែរ។
 
លើសពីនេះឯកសារដែលទាក់ទងទៅនឹងកិច្ចសន្យារបស់កីឡាករល្បីៗរូបមានដូចជា Neymar Jr អំឡុងពេលលេងឱ្យ Barcelona, Gareth Bale ដែលលេងឱ្យ Real Madrid ក៏ត្រូវបានបុរសរូបនេះយកមកផ្សព្វផ្សាយលើគេហទំព័រខ្លួនដែរ។ 
 
យ៉ាងណាតុលាការព័រទុយហ្កាល់បានសម្រេចកាត់ទោសព្យួរបុរសវ័យ ៣៤ឆ្នាំ រយៈពេល ៤ឆ្នាំ (អាចនៅក្រៅឃុំ) បន្ទាប់ពីរកឃើញថាបុរសរូបនេះបានប្រព្រឹត្តិខុសដោយបានចោទប្រកាន់ពីបទគម្រាមជំរិតទាប្រាក់ និងចូលប្រើប្រាស់លើគណនីខុសច្បាប់ ព្រមទាំងការរំលោភបំពានសិទ្ធិនៃការឆ្លើយឆ្លងតាមប្រព័ន្ធអ៊ិនធឺណិតជាដើម។ Pinto ប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌចំនួន ៩០ករណី ព្រមទាំងការក្លែងបន្លំនូវប្រព័ន្ធកុំព្យូទ័រ ការប៉ុនប៉ងជំរិតទាប្រាក់ និងរំលោភលើសិទ្ធិឯកជនភាព។
 
ទោះជាយ៉ាងណានាថ្ងៃទី១២ ខែកញ្ញាចៅក្របអ្នកស្រី Margarida Alves បាននិយាយក្នុងសាវនាតុលាការនៃទីក្រុង Lisbon ដូច្នេះថា ៖«សេរីភាពក្នុងការជូនដំណឹងមិនបានបង្ហាញអំពីភាពមិនត្រឹមត្រូវនៃការរំលោភបំពានលើឯកជនភាពនោះទេ។ តុលាការគ្មានការសង្ស័យអ្វីនោះទេ […] វាត្រូវបានបង្កើតឡើងយ៉ាងច្បាស់ថាគេបានរំពឹងថានឹងបានលុយពីការធ្វើរឿងទាំងនេះ។»។​
 
រដ្ឋអាជ្ញាក៏បានចោទប្រកាន់ថា Pinto ស្វែងរកប្រាក់បានពីចន្លោះ ៥សែនអឺរ៉ូ (ជិត ៦០ម៉ឺនដុល្លារ) ទៅ ១លានអឺរ៉ូ (១,៣លានដុល្លារ) ពីសំណាក់ប្រធាននៃប្រព័ន្ធផ្សព្វផ្សាយកីឡាមួយចំនួន ដើម្បីឱ្យរូបគេបញ្ឈប់ការចេញផ្សាយនូវឯកសារជាសាធារណៈ។
 
ពីចន្លោះឆ្នាំ ២០១៥ ទៅ ២០១៨ កំពូលអ្នកហេក រូបនេះ បានចែកចាយនូវឯកសារចំនួន ១៨,៦លាន នៅលើបណ្តាញអ៊ិនធឺណិត និងជាមួយនឹងសមាគមអ្នកកាសែតអឺរ៉ុប ដែលបានចុះផ្សាយព័ត៌មានលម្អិតជាច្រើនដែលធ្វើឱ្យអង្រួនពិភពបាល់ទាត់៕
 

Tag:
 បាល់ទាត់
  អឺរ៉ុប
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com