កីឡាជាតិ
ជាតិ
លោក កែវ សារ៉េត៖ ពេលវេលាខ្លី មិនអាចប្រមូលកីឡាការិនីបាល់ទាត់ ចូលរួម Asian Game នៅចិន
14, Sep 2023 , 10:39 am        
រូបភាព
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បង្ហាញការសោកស្តាយដែលមិនអាចមានវត្តមានក្រុមជម្រើសជាតិបាល់ទាត់នារី ទៅកាន់ព្រឹត្តិការណ៍ Asian Games 2022 នៅចិន។ មូលហេតុ ដោយសារពេលវេលាខើច មិនអាចប្រមូលធនធានកីឡាការិនីបាន ដ្បិតបន្ទាប់ចប់ស៊ីហ្គេម ក្រុម ត្រូវបានរំសាយ ហើយម្យ៉ាងវិញទៀត ការផ្ដល់ដំណឹងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទៅកាន់ FFC មានរយៈពេលខ្លី។

 
យោងតាមលិខិតចុះហត្ថលេខាដោយលោក កែវ សារ៉េត កាលពីថ្ងៃទី១៤ ខែសីហា សហព័ន្ធបាល់ទាត់កម្ពុជា ពុំមានលទ្ធភាពប្រមូលផ្ដុំកីឡាការិនី ទៅហ្វឹកហាត់នៅប្រទេសចិននោះទេ។ 
លោក កែវ សារ៉េត បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា នេះ គឺជារឿងគួរឲ្យសោកស្ដាយ ដែលក្រុមនារីកម្ពុជា មិនបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Games 2022។

ចំពោះអវត្តមាននេះ អគ្គលេខាធិការរូបនេះ បានបញ្ជាក់ថា មុនព្រឹត្តិការណ៍ស៊ីហ្គេមកីឡាការិនីបាល់ទាត់កម្ពុជា បានទៅបោះជំរំហ្វឹកហាត់នៅប្រទេសចិន ដោយគម្រោងផែនការហ្វឹកហាត់នេះ NOCC ភ្ជាប់ជាមួយគម្រោងហ្វឹកហាត់ត្រៀមប្រកួត Asian Games 2022 ផងដែរ។ 
 
មន្ដ្រីជាន់ខ្ពស់សហព័ន្ធបាល់ទាត់កម្ពុជារូបនេះ បញ្ជាក់ទៀតថា គម្រោងហ្វឹកហាត់នៅចិន សម្រាប់ Asian Games គឺសហព័ន្ធ មិនបានដឹងនោះទេ។ ដូច្នេះ ហើយក្រោយពេលចប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រុមកីឡាការិនីទាំងនោះ ក៏បានបំបែកគ្នា ទៅតាមក្លិប និងកន្លែងរៀងៗខ្លួន។
 
លោក កែវ សារ៉េត បន្តថា មានបញ្ហា ៣យ៉ាង ដែលមិនអាចប្រមូលផ្ដុំកីឡាការិនីហ្វឹកហាត់បាន គឺបញ្ហារបួស, បញ្ហាប្រឡង និងបញ្ហាគ្រួសារ។ អគ្គលេខាធិការរូបនេះ ពន្យល់ថា បញ្ហារបួស គឺអំឡុងពេលប្រកួតស៊ីហ្គេម មានកីឡាការិនីខ្លះរបួសខ្លាំង ដូច្នេះ ត្រូវការព្យាបាល ហើយសហព័ន្ធ ក៏ចុះសួរសុខទុក្ខផងដែរ។ ចំណែកបញ្ហាទី២ កីឡាការិនីខ្លះ ត្រូវត្រៀមប្រឡងបាក់ឌុប ប្រឡងគ្រូ និងត្រូវការសិក្សាបន្ថែម។ រីឯបញ្ហាទី៣ គឺអាណាព្យាបាល មិនអនុញ្ញាតឲ្យមកហ្វឹកហាត់នៅក្រៅ ព្រោះឆ្ងាយពីផ្ទះ ម្យ៉ាងមុនព្រឹត្តិការណ៍ស៊ីហ្គេម អ្នកទាំងនោះ បានមកហ្វឹកហាត់រយៈពេលជាង ៦ខែនៅចិន ដែលជាហេតុធ្វើឲ្យអាណាព្យាបាល បារម្ភ។

 
«ដោយឡែកក្រុមការងារ ក៏បានធ្វើការងារនេះដែរ ដោយបានពិនិត្យមើលលើធនធានកីឡាការិនី ដើម្បីប្រមូលទៅលេងនៅចិន។ យើងធ្វើអត់បានដោយ ទី១ បន្ទាប់ពីស៊ីហ្គេម កីឡាការិនី បានបែកខ្ញែកគ្នា គឺមានអ្នកខ្លះឈឺទៅ ហើយអ្នកខ្លះ ទី២ ប្រកែតថាមិនទៅ ព្រោះជាប់ប្រឡងចូលក្របខ័នគ្រូ ហើយទី៣ អាណាព្យាបាលគាត់ ឃើញថា ការទៅហ្វឹកហាត់នៅចិនត្រៀមស៊ីហ្គេម លើកមុន មានរយៈពេលយូហើយ ដល់ពេលនាំគាត់ទៅទៀត គាត់ក៏មិនអនុញ្ញាតឲ្យទៅដែរ។ នេះ គឺជាហេតុផលដែលយើងមិនអាចរកកីឡាការិនី ដែលមានគុណផលខ្ពស់ ដែលយើងធ្លាប់យកទៅស៊ីហ្គេម មិនអាចបន្ដយកទៅទៀតបាន។»។ លោក កែវ សារ៉េត បាននិយាយដូច្នេះ។ 

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានសុំ NOCC ចំពោះការប្រមូលផ្ដុំហ្វឹកហាត់នៅក្នុងប្រទេសដែរ ប៉ុន្ដែ ជម្រើសនេះ ត្រូវបាន NOCC តបវិញថា ភាគីចិន មិនយល់ព្រមនោះទេ។ លោក កែវ សារ៉េត បញ្ជាក់ថា បានជួបអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន ហើយ អគ្គលេខាធិការ  NOCC រូបនេះ ថាគម្រោងហ្វឹកហាត់អត្ដពលិក ក្នុងស៊ីហ្គេមនេះ គឺភ្ជាប់ជាមួយអាស៊ីហ្គេម ហើយម្យ៉ាងទៀត ចិនជាម្ចាស់ផ្ទះ។ ដូច្នេះ ប្រភេទកីឡា ដែលហាត់សម្រាប់ស៊ីហ្គេម ត្រូវហាត់បន្ដសម្រាប់អាស៊ីហ្គេម។
 
«យើង បានលើកជម្រើសនេះ ទៅ NOCC ថាប្រសិនជាបោះជុំរុំហ្វឹកហាត់នៅក្នុងស្រុក ប្រហែលយើងអាចធ្វើបាន ហើយប្រហែលអាណាព្យាបាល អាចឲ្យមកបាន ព្រោះយើង មានសាលាបាល់ទាត់ជាតិបាទី មានការគ្រប់គ្រងត្រឹមត្រូវនៅហ្នឹង។ ហើយប្រសិនជាគ្រូចិន ចង់គ្រប់គ្រង អញ្ជើញតែគ្រូមួយមក ហើយយើង ឲ្យជំនួយការខ្មែរយើង មកជួយទៅ បែបនេះ គឺបាន។ ពេលយើង លើកសំណើរនេះ NOCC ប្រាប់ថា ភាគីចិនគេ មិនព្រម។ អ៊ីចឹងហើយ យើង មិនអាចអនុវត្តបាន។ បើថាប្រមូលផ្ដុំត្រឹមរយៈពេលខ្លី ដើម្បីទៅប្រកួត យើងអាចត្រៀមបាន ព្រោះប្រមូលផ្ដុំខ្លី យូបំផុត ត្រឹមកន្លះខែ ទៅ២០ថ្ងៃ យើងប្រមូលផ្ដុំបានព្រោះ មិនឆ្ងាយពីផ្ទះគេពេក។»។ លោក កែវ សារ៉េត បាននិយាយដូច្នេះ។ 
 


មន្ដ្រីជាន់ខ្ពស់សហព័ន្ធបាល់ទាត់កម្ពុជា បន្ដទៀតថា NOCC បានប្រាប់ដំណឹង នៅពេលកាន់តែខើច ដែលជាហេតុធ្វើឲ្យសហព័ន្ធ ពិបាកក្នុងការដោះស្រាយ។ លោក កែវ សារ៉េត អះអាងថា នេះមិនមែនជាគម្រោងរបស់សហព័ន្ធ រៀបចំដោយផ្ទាល់ទេ។
 
ដោយឡែក NOCC ក៏បានផ្ដល់ជាយោបលក្នុងការរកជម្រើសកីឡាការិនី ដែលអាចជំនួសក្រុមនារី ហ្វឹកហាត់សម្រាប់ស៊ីហ្គេម ប៉ុន្ដែ ត្រូវសហព័ន្ធ បញ្ជាក់ថា នឹងមិនមានលទ្ធផលប្រសើឡើយ ប្រសិនជាយកជម្រើស ដែលមិនមានសក្ដានុពល។
 
«យើង បានធ្វើលិខិត មួយឆ្លើយតបទៅ NOCC ដោយសារ យើង មិនអាចរៀបចំក្រុមនារីនេះទៅ បោះជុំរុំបានទេ រយៈពេលយូ។ ប៉ុន្ដែគម្រោងផែនការនេះ គឺយើង អត់បានដឹងមុនផង។

ប្រសិនយើងដឹងមុន ក៏យើងប្រតិកម្មពីចម្ងាយ ដើម្បីកុំឲ្យវាខូចការអ៊ីចឹងណា។ គាត់សួរថា ប្រសិនជាប្រមូលគេ មិនបានតើ យើងអាចប្រមូលក្រុមណាមួយ ដូចជាកូនសិស្សអី ទៅតំណាងបានទេ។ ខាងសហព័ន្ធ យើងមានទស្សនមួយថា ប្រសិនជាយើងធ្លាប់មានក្រុមមួយល្អ ប្រមូលផ្ដុំកីឡាការិនីមានគុណផលល្អហើយ ទៅយកឲ្យតែបានៗ ទៅ ទោះហាត់យ៉ាងមិចក៏មិនងាយឡើងដែរ។ យើងផ្ដល់ជាគំនិត ទៅឲ្យគាត់ទៅ គាត់ក៏នៅស្ងៀមទៅ។ មានន័យថា យើងទាល់ច្រករៀងខ្លួន។ 
 
ដោយឡែក សារព័ត៌មានថ្មីៗ បានព្យាយាមទំនាក់ទំនង ទៅលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចំពោះរឿងនេះដែរ ប៉ុន្ដែ មិនទទួលបានការឆ្លើយតបឡើយ។
 
វិញ្ញាសាប្រកួតកីឡាបាល់ទាត់នារី មាន១៧ ប្រទេសចូលរួម ក្នុងនោះមាន៖ ចិន, ជប៉ុន, កូរ៉េខាងត្បូង, ឆាយនីសតាយប៉ិក, កូរ៉េខាងជើង, វៀតណាម, ថៃ, ហុងកុង, អ៊ូបេគីស្ថាន, សិង្ហបុរី, បង់ក្លាដែស, កម្ពុជា, ឥណ្ឌា, ម៉ុងហ្គោលី, មីយ៉ាន់ម៉ា, នេប៉ាល់ និង ហ្វីលីពីន។ ការចាប់ឆ្នោតចែកពូល បានធ្វើកាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣។ កម្ពុជា ស្ថិតក្នុងពូល C ជាមួយកូរ៉េខាងជើង និង សិង្ហបុរី។ ប៉ុន្ដែ កម្ពុជា ត្រូវបានដកខ្លួនវិញ។
 
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Asian Games 2022 នឹងត្រូវធ្វើចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសចិន៕
 

Tag:
 បាល់ទាត់
  កែវ សារ៉េត
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com