សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិនទាញតម្រូវការទុរេនពិភពលោកឲ្យកើនដល់ ៤០០ភាគរយ 
អតិថិជនកំពុងពិនិត្យមើលទុរេនដែលនាំចូលនៅហាងលក់ផ្លែឈើក្នុងក្រុង Nanning ។ រូបភាព ៖ Xinhua ។
×![]()
តម្រូវការទុរេនពិភពលោកក្នុងត្រីមាសទី១ បានកើនឡើង ៤០០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ។ បើតាមរបាយការណ៍របស់ធនាគារ HSBC តម្រូវការទុរេនជាសកលកំពុងកើនខ្លាំង ភាគច្រើនដោយសារប្រជាជនចិននិយមផ្លែឈើប្រភេទនេះ។
ទុរេនកំពុងក្លាយជាផលិតផលត្រូវប៉ាន់នៅចិន ដែលធ្វើឱ្យតម្រូវការទុរេនកើនឡើងលើទីផ្សារពិភពលោក។ នៅចិន ទុរេន មិនមែនគ្រាន់តែជាផ្លែឈើសម្រាប់បរិភោគឡើយ ប៉ុន្តែបង្ហាញពីភាពមានបានរបស់អ្នកទិញដែរ ដោយទុរេនត្រូវបានប្រើប្រាស់យ៉ាងពេញនិយមជាកាដូសម្រាប់អាពាហ៍ពិពាហ៍ ពិធីភ្ជាប់ពាក្យ ឬអំណោយ។
តម្រូវការទុរេននៅចិនបានចាប់ផ្តើមកើនឡើងក្នុងឆ្នាំ២០២៧។ បើតាមសារព័ត៌មាន SCMP បានដកស្រង់ទិន្នន័យពីគយចិន កាលពីឆ្នាំមុនប្រទេសនេះបាននាំចូលទុរេនច្រើនជាងឆ្នាំ២០១៧ ចំនួន៤ ដងដែលមានតម្លៃសរុប៤ពាន់លានដុល្លារ។
រយៈពេល២ឆ្នាំចុងក្រោយនេះ ចិនបាននាំចូលទុរេនចំនួន ៦ពាន់លានដុល្លារ ដែលមានចំណែកដល់ទៅ៩១ភាគរយនៃចំនួនទុរេនសរុបនៅទូទាំងពិភពលោក។ នេះបើតាមលោក Aris Dacanay សេដ្ឋវិទូតំបន់អាស៊ីអាគ្នេយ៍ប្រចាំ HSBC ។
ទុរេននៅចិនមានតម្លៃជាង១០ដុល្លារក្នុងមួយគីឡូក្រាម។ តម្លៃជាមធ្យមក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍មានត្រឹមតែប្រហែល ៦ ដុល្លារក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។
ការផ្គត់ផ្គង់ទុរេនភាគច្រើនមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសថៃ។ តំបន់នេះរួមចំណែក ៩០ភាគរយនៃការនាំចេញទុរេនរបស់ពិភពលោកក្នុងឆ្នាំ២០២២ កើនឡើងពី ៦០ភាគរយ ធៀបរយៈពេល៧ឆ្នាំមុន។
ការកើនឡើងនៃតម្រូវការទុរេននាំមកនូវឱកាសដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ មិនត្រឹមតែប្រទេសថៃប៉ុណ្ណោះទេ។ លោក Aris Dacanay វាយតម្លៃថា ទីផ្សារចិនធំពេកដូច្នេះហើយបណ្តាប្រទេសអាស៊ីអាគ្នេយ៍នៅតែមានកន្លែងច្រើនដើម្បីចូលរួមប្រជែងនៅទីផ្សារមួយនេះ ។
នៅក្នុងរបាយការណ៍ខាងលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលរួមមានអាស៊ាន និងចិន ជប៉ុន កូរ៉េ អូស្ត្រាលី នូវែលសេឡង់ នឹងអនុញ្ញាតឱ្យប្រទេសនានានាំចូលទីផ្សារចិនដោយសេរី ។ លោក Aris Dacanay បានលើកឡើងថា ៖« ឱកាសកំពុងបើកហើយ ទីផ្សារទុរេននឹងរីកកាន់តែធំឡើង ខណៈដែលប្រទេសផ្សេងក្នុងអាស៊ានកំពុងប្រជែងដណ្តើមតំណែងលេចធ្លោពីប្រទេសថៃ»៕
© រក្សាសិទ្ធិដោយ thmeythmey.com