សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្លៃប្រេងឆៅបន្តកើនកម្រិតខ្ពស់ចាប់តាំងពីដើមឆ្នាំ 
រោងចក្រចម្រាញ់ប្រេងនៅភាគខាងលិចប្រទេសរុស្ស៊ី ។ រូបភាព ៖ Xinhua ។
×![]()
ប្រេងឆៅរបស់អាម៉េរិក WTI បានកើនលើសពី ៩០ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេង Brent កើនដល់ ៩៤ដុល្លារ ដោយសារតែការព្រួយបារម្ភអំពីការថយចុះការផ្គត់ផ្គង់ នៅពេលដែលតម្រូវការប្រេងឆៅពិភពលោកកើនដល់កម្រិតកំណត់មួយ។
តម្លៃប្រេងឆៅអាម៉េរិក WTI បច្ចុប្បន្នមានតម្លៃ ៩០,៧ដុល្លារក្នុងមួយប៉ារ៉ែលដែលកើនលើសពីតម្លៃ ៩០ដុល្លារចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន។ ប្រេង Brent ក៏បានកើនថ្លៃដល់ ៩៤ដុល្លារក្នុងមួយប៉ារែលដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ។
តម្លៃប្រេងបានកើនឡើងជាបន្តបន្ទាប់នាពេលថ្មីៗនេះដោយសារក្តីបារម្ភអំពីការផ្គត់ផ្គង់ដ៏តឹងរ៉ឹង។ កាលពីថ្ងៃទី៥ ខែកញ្ញា រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំមុខគេទាំងពីរនៃអង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) បានប្រកាសបន្តវិធានការរឹតបន្តឹងការផ្គត់ផ្គង់ប្រេងរហូតដល់ដំណាច់ឆ្នាំនេះ។ ក្នុងនោះអារ៉ាប៊ីសាអូឌីតបន្តកាត់បន្ថយការផលិត១លានបារ៉ែលក្នុងមួយថ្ងៃ ខណៈរុស្ស៊ីបានកាត់បន្ថយការនាំចេញប្រេងរបស់ខ្លួនចំនួន៣០០ពាន់បារ៉ែលក្នុងមួយថ្ងៃ។
តម្លៃប្រេង WTI បានកើនឡើងចាប់តាំងពីចុងខែមិថុនា។ តារាង៖ Bloomberg
នៅសប្តាហ៍នេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា ការផ្លាស់ប្តូររបស់អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីអាចបណ្តាលឱ្យកង្វះការផ្គត់ផ្គង់ដ៏សំខាន់ដែលបណ្តាលឱ្យមានការប្រែប្រួលតម្លៃយ៉ាងខ្លាំង។ របាយការណ៍ដែលចេញផ្សាយដោយ OPEC + បង្ហាញាថា ទីផ្សារនឹងខ្វះខាតប្រេងជាង ៣លានបារ៉ែលក្នុងមួយថ្ងៃក្នុងត្រីមាសទី៤ឆ្នាំនេះ។
ទន្ទឹមនឹងនេះ តម្រូវការប្រេងនៅអាម៉េរិក និងចិនដែលជាអ្នកប្រើប្រាស់ប្រេងឈានមុខគេពីររបស់ពិភពលោកនៅតែរឹងមាំ។ ការព្យាករបង្ហាញថា អាម៉េរិកអាចជៀសវាងវិបត្តិសេដ្ឋកិច្ចកំពុងកើនឡើង ខណៈការប្រើប្រាស់ប្រេងនៅចិនក៏មានស្ថិរភាពផងដែរ បើទោះបីជាសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ។
ចាប់តាំងពីចុងខែមិថុនាមក តម្លៃប្រេងឆៅពិភពលោកបានកើនឡើងជាង ៣០ភាគរយ។ អ្នកវិភាគមួយចំនួនបានចាប់ផ្តើមព្យាករថាតម្លៃ WTI នឹងឡើងដល់ ១០០ ដុល្លារក្នុងមួយប៉ារ៉ែល៕
Tag:
ប្រេងឆៅ
អាម៉េរិក
ចិន
WTI
Brent
© រក្សាសិទ្ធិដោយ thmeythmey.com