ជាតិ
ជាប្រាសាទស្កឹមស្កៃ តែអង្គរវត្តមានសិលាចារឹកតិចតួច និងច្រើនចារនៅក្រោយអង្គរ
17, Sep 2023 , 9:09 am        
រូបភាព
 លោក វង្ស សាវុទ្ធី ពេលធ្វើបាឋកថានៅអាជ្ញាធរជាតិអប្សរា នាថ្ងៃតី១៥ កញ្ញា ឆ្នាំ២០២៣។
លោក វង្ស សាវុទ្ធី ពេលធ្វើបាឋកថានៅអាជ្ញាធរជាតិអប្សរា នាថ្ងៃតី១៥ កញ្ញា ឆ្នាំ២០២៣។
សៀមរាប៖ ដ្បិតជាប្រាសាទធំស្កឹមស្កៃក៏ពិតមែន តែអង្គរវត្តមានសិលាចារឹកតិចតួចបំផុត គឺមានជាង៦០កន្លែងប៉ុណ្ណោះ ដែលចារនៅសម័យអង្គរ។ សិលាចារឹកទាំងនោះទៀតសោត មានខ្លះចារនៅសម័យអង្គរ និងមួយចំនួនធំចារនៅដើមសម័យបាយ័ន ឬសម័យក្រោយៗអង្គរ។ តាមអ្នកជំនាញសិលាចារឹក សិលាចារឹកទាំងនោះ ភាគច្រើនចារក្បែររូបតាមថែវ តូចៗ និងនៅចំណុចចង្អៀត ដែលអាចទាញសេចក្ដី សន្និដ្ឋានបានថា ភាគច្រើនចារនៅសម័យក្រោយអង្គរ។



ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោក វង្ស សាវុទ្ធី ប្រធានស្ដីទីសារមន្ទីរកុលាលភាជន៍អង្គរភូមិតានី និងជាអ្នកជំនាញសិលាចារឹក នៅក្នុងកម្មវិធីបាឋកថា ស្ដីពី «ចម្លាក់រឿងព្រះបាទសូរ្យវរ្ម័នទី២ នៅលើថែវខាងត្បូងអង្គរវត្តតាមរយៈសិលាចារឹក និងបុរាណវិទ្យា» នាថ្ងៃទី១៥ កញ្ញា ដែលធ្វើឡើងនៅអាជ្ញាធរជាតិអប្សរា ដូចតទៅ៖
 


 
បើតាមការរៀបរាប់របស់លោក វង្ស សាវុទ្ធី សិលាចារឹកជាង៦០ទាំងនោះសោត ពុំអាចមកចងក្រង​ជាប្រវត្តិអ្វីបានឡើយ ច្រើនរៀបរាប់ទីកន្លែង និងឈ្មោះនៃរូបដែលបានឆ្លាក់តែប៉ុណ្ណោះ។



មូលហេតុដែល​ធ្វើឱ្យអង្គរវត្ត សឹងពុំមានសិលាចារឹកចារនៅសម័យអង្គរ ដោយសារភាពមមាញឹកទៅនឹងការកសាង ការរៀបចំក្បូរក្បាច់ផ្សេង ដោយពុំនឹកដល់ការចារសិលាចារឹក។ លោក វង្ស សាវុទ្ធី ពន្យល់ថា ចំណុចខ្លះនៃប្រាសាទអង្គរវត្ត ត្រូវបានរៀបចំ និងដាប់ឆ្លាក់បង្ហើយនៅក្នុងរាជ្យព្រះបាទអង្គច័ន្ទរាជា ដែលពេលនោះ ព្រះអង្គកចិត្តទុកដាក់ និងរៀបចំអតីតរាជធានីនេះ ដូចរាជធានីម្ដងទៀតដូច្នោះដែរ។ 
 
សិលាចារឹកខ្លះបានសរសេរពាក្យព្រះបរមវិស្ណុលោក ដែលជាព្រះមរណនាមរបស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលមានន័យថា ការចារនោះក្រោយព្រះអង្គបានសុគតទៅហើយ។ នៅសម័យក្រោយអង្គរ សិលាចារឹករាប់រយផ្ទាំង និងច្រើនភាសាបានចារនៅតាមជញ្ចាំង សសរ។ល។ នៃប្រាសាទអង្គរវត្ត៕
 




Tag:
 សិលាចារឹកប្រាសាទអង្គរវត្ត
  វង្ស សាវុទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com