ជាតិ
សង្គមជាតិ
ព្រឹកថ្ងៃទី២០កញ្ញា វាយគង ទូងស្គរ ទះប៉ោត គោះត្រដោក ដើម្បីសាទរការចុះបញ្ជីរមណីយដ្ឋានកោះកេរ
17, Sep 2023 , 6:52 pm        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់មន្រ្តីគ្រប់ស្ថាប័ន និងពលរដ្ឋទូទាំងប្រទេស ចូលរួមទូងស្គរ ទះប៉ោត វាយត្រដោក នៅម៉ោង៧ព្រឹក ថ្ងៃទី២០ ខែកញ្ញា ដើម្បីអបអរសាទរតំបន់ប្រាសាទកោះកេរ។ តំបន់ប្រាសាទកោះកេរ បានក្លាយជាតំបន់រមណីយដ្ឋានទី៤របស់កម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ នាអំឡុងនៃសម័យប្រជុំលើកទី៤៥របស់គណៈកម្មការបេតិកភណ្ឌពិភពលោកនៅក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ថ្ងៃទី១៧ ខែកញ្ញា នេះ។



«គ្រប់ក្រសួង-ស្ថាប័នទូទាំងរាជធានី-ខេត្ត និងពលរដ្ឋទូទាំងប្រទេស ចូលរួមវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែកញ្ញា ដើម្បីសាទររមណីយដ្ឋានកោះកេរ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ»។ នេះជាសារជូនចំពោះជនរួមជាតិកម្ពុជារបស់សម្ដេច ហ៊ុន ម៉ាណែត ដែលអំពាវនាវដល់គ្រប់ស្ថានីយ៍ទូរទស្សន៍ វិទ្យុ និងបណ្ដាញសារព័ត៌មានទាំងអស់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយផងដែរ។
 
ទន្ទឹមនឹងនេះ​ សម្ដេច ហ៊ុន ម៉ាណែត ក៏បានថ្វាយសារជូនដល់ព្រះមហាក្សត្រ ពីជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ដែលតំបន់ប្រាសាទកោះកេរ បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ បន្ទាប់ពីរមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក។
 
ក្នុងសារថ្វាយព្រះរាជា សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិព្រះវិហារ បានចាប់ផ្តើមរៀបចំឯកសារស្នើសុំចុះបញ្ជីតាំងពីឆ្នាំ២០១៨ ដោយពិគ្រោះយោបល់ បច្ចេកទេសផ្នែកខ្លះជាមួយជំនាញការអន្តរជាតិរហូតសម្រេចបានទាំងស្រុងនៅឆ្នាំ២០២០។ 
 
បន្ទាប់មកនៅឆ្នាំ២០២១ អ្នកជំនាញការរបស់ក្រុមប្រឹក្សាអន្តរជាតិស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS-Advisory Body of World Heritage committee) បានចុះមកវាយតម្លៃផ្ទាល់ នៅទីតាំងតំបន់ប្រាសាទកោះកេរ។ សំណើរបេតិកភណ្ឌវប្បធម៌ពិភពលោករបស់កម្ពុជា តំបន់ប្រាសាទកោះកេរ ត្រូវបានប្រកាសជាផ្លូវការក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ នាទីក្រុងរីយ៉ាដ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ៕
 

Tag:
 បេតិកភណ្ឌពិភពលោក
 តំបន់ប្រាសាទកោះកេរ
© រក្សាសិទ្ធិដោយ thmeythmey.com