អន្តរជាតិ
អាម៉េរិក ប្រាប់ចិនពីភាពចាំបាច់នៃសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ 
លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន (ឆ្វេង) និងលោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន។ រូបភាព AFP
×![]()
ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan នៅថ្ងៃទី១៧ ខែកញ្ញា បានប្រាប់ប្រមុខការទូតចិន លោក វ៉ាង យី ក្នុងជំនួបម៉ាល់ត៍ពីភាពចាំបាច់ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅលើច្រកសមុទ្រតៃវ៉ាន់ ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង បន្តដាក់សម្ពាធយោធាលើកោះតៃវ៉ាន់។ មិនតែប៉ុណ្ណោះ អាម៉េរិក បានចាត់ទុកជំនួបទ្វេភាគីនេះ ប្រកបដោយភាពទុកចិត្ត និងស្ថាបនាផង។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan និងលោក វ៉ាង យី នាយកការិយាល័យនៃគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្ត និងជារដ្ឋមន្រ្តីការបរទេសចិន បានជជែកគ្នាជាច្រើនលើកនាជំនួបនៅប្រទេសម៉ាល់ត៍នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកញ្ញា។ សង្រ្គាមនៅអ៊ុយក្រែន ទំនាក់ទំនងទ្វេភាគី ជាពិសេសបញ្ហាកោះតៃវ៉ាន់ ជាបញ្ហាសំខាន់។
«អាម៉េរិក បានកត់សម្គាល់ពីភាពចាំបាច់នៃសន្តិភាព និងស្ថិរភាពនៅលើច្រកសមុទ្រតៃវ៉ាន់»។ លោក Sullivan បានប្រាប់លោកវ៉ាង។ នេះបើតាមសេចក្តីថ្លែងការណ៍បញ្ចេញដោយសេតវិមាននៅថ្ងៃទី១៧ ខែកញ្ញា។
ជាការឆ្លើយតប លោកវ៉ាង បានចាត់ទុកជាថ្មីថា បញ្ហាកោះតៃវ៉ាន់ ជាបន្ទាត់ក្រហមនៅក្នុងទំនាក់ទំនងរវាងអាម៉េរិក និងចិន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។ ស្របគ្នានេះ ភាពទាំងពីរ បានឯកភាពរក្សាការផ្តោះប្តូរកម្រិតខ្ពស់ និងមានកិច្ចពិភាក្សាទ្វេភាគីលើកិច្ចការនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កិច្ចការសមុទ្រ និងគោលនយោបាយការបរទេស។
ចំណែក សេតវិមានវិញ បានចាត់ទុកជំនួបនេះ មានលក្ខណៈប្រកបដោយភាពទុកចិត្ត សារសំខាន់ និងស្ថាបនា ដោយផ្អែកលើកិច្ចសន្ទនារវាងប្រធានាធិបតីចិន និងអាម៉េរិកនៅពេលកន្លងមក។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាបន្តរក្សាប្រព័ន្ធទំនាក់ទំនងប្រកបដោយយុទ្ធសាស្រ្ត និងស្វះស្វែងរកកិច្ចសន្ទនាកម្រិតខ្ពស់នៅក្នុងវិស័យសំខាន់ៗបន្ថែម។
សូមបញ្ជាក់ថា ជំនួបរវាងមន្រ្តីចិន និងអាម៉េរិកខាងលើ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយក្រសួងការបរទេសចិន បានប្រកាសដាក់ទណ្ឌកម្មមលើក្រុមហ៊ុនអាម៉េរិកចំនួន២ ដែលលក់អាវុធទៅកោះតៃវ៉ាន់មានក្រុមហ៊ុន Northrop Grumman និងក្រុមហ៊ុន Lockheed Martin។
ជំនួបរវាងមេដឹកនាំកំពូលប្រទេសទាំង២ ក៏ស្ថិតក្នុងរបៀបវារៈដែរ។ លោកប្រធានាធិបតី ចូ បៃឌិន និងសមភាគីចិន ស៊ី ជិនភីង ទំនងជួបគ្នានៅទឹកដីអាម៉េរិកអំឡុងកិច្ចប្រជុំមេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក៕
© រក្សាសិទ្ធិដោយ thmeythmey.com