អន្តរជាតិ
តៃវ៉ាន់ ទទូចឱ្យចិនបញ្ឈប់សកម្មភាពយោធាបំផ្លិចបំផ្លាញនៅជិតកោះរបស់ខ្លួន
18, Sep 2023 , 4:04 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
ក្រសួងការពារជាតិតៃវ៉ាន់នៅថ្ងៃទី១៨ ខែកញ្ញា បានជំរុញចិនឱ្យបញ្ឈប់នូវអ្វីដែលខ្លួនចាត់ទុកជាសកម្មភាពបំផ្លិចបំផ្លាញដោយឯកតោភាគី។ ការទទូចនេះធ្វើឡើងបន្ទាប់ពីសកម្មភាពយោធាចិននៅជុំវិញកោះតៃវ៉ាន់បានកើនឡើងយ៉ាងខ្លាំង។ តៃវ៉ាន់ក៏បានព្រមានថាអាកប្បកិរិយាបែបនេះអាចនាំឱ្យភាពតាងតឹងបន្ថែមទៀត។

 
ចាប់តាំងពីថ្ងៃទី១៧ ខែកញ្ញា ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៏ពីវត្តមានយន្តហោះយោធាចិនចំនួន១០៣គ្រឿងនៅលើផ្ទៃសមុទ្រក្បែរៗកោះតៃវ៉ាន់ ដែលជាចំនួនដ៏ច្រើនមួយធៀបនឹងការពង្រាយកន្លងមក។ យន្តហោះយោធាចិនខ្លះ ក៏បានឆ្លងកាត់ខ្សែបន្ទាត់ខណ្ឌចែកច្រកសមុទ្រតៃវ៉ាន់ថែមទៀត។ 
 
ជាមួយគ្នានេះ ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានរាយការណ៏បន្ថែមពីយន្តហោះយោធាចិនផ្សេងទៀតហោះទៅភាគខាងត្បូងតាមរយៈខ្សែបណ្ដាញ Bashi ។ តៃវ៉ាន់ចាត់ទុកសកម្មភាពថ្មីៗរបស់ចិនទាំងនេះជាការបង្កបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរចំពោះសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់ និងក្នុងតំបន់។
 
«ការបៀតបៀនផ្នែកយោធាជាបន្តបន្ទាប់ដោយយោធាកុម្មុយនីស្តចិនអាចនាំទៅរកការកើនឡើងយ៉ាងខ្លាំងនៃភាពតានតឹង និងធ្វើឱ្យសន្តិសុខក្នុងតំបន់កាន់តែអាក្រក់ទៅៗ។ ដូច្នេះយើងអំពាវនាវឱ្យអាជ្ញាធរក្រុងប៉េកាំងទទួលខុសត្រូវ និងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពឯកតោភាគីបំផ្លិចបំផ្លាញបែបនេះ»។ ក្រសួងការពារជាតិតៃវ៉ាន់ប្រកាសបែបនេះនៅថ្ងៃទី១៨ ខែកញ្ញា។ 
 
វត្តមានច្រើនសន្ធឹកសន្ធាប់នៃយន្តហោះចិន ត្រូវមើលឃើញថា ជាការដាក់សម្ពាធលើកោះតៃវ៉ាន់ដែលប្រឹងបង្កើនសមត្ថភាពការពារជាតិដូចគ្នាដែរនោះ។ ក្រៅពីយន្តហោះចម្បាំង ចិនក៏ពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងប្រតិបត្តិការយន្តហោះយោធាបន្ថែមទៀតនៅសមុទ្រដូចជាការពង្រាយយន្តហោះចាក់សាំងលើអាកាស Y-20 អមជាមួយយន្តហោះចម្បាំង និងនាវាចម្បាំងថែមទៀត៕ 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com