កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Getafe ថា Greenwood ព្រមចូលរួមក្រុមខ្លួន ក្រោយរូបគេបានប្រឹក្សាជាមួយ Bellingham 
×![]()
លោក Jose Bordalas អ្នកចាត់ការក្រុម Getafe នៃលីគកំពូល La Liga របស់អេស្ប៉ាញ បានអះអាងថា មូលហេតុដែលខ្សែប្រយុទ្ធ Mason Greenwood ទៅចូលរួមក្រុមខ្លួន ក្រោយកីឡាករ Manchester United រូបនេះបានជជែកជាមួយនឹងខ្សែបម្រើ Jude Bellingham ដែលទើបផ្លាស់ទៅ Real Madrid ដើមរដូវកាលនេះ។
Greenwood បានចូលរួមជាមួយនឹងក្រុម Getafe ក្រោមលក្ខខណ្ឌខ្ចីជើង ពីក្រុម Manchester United នៅថ្ងៃបិទទីផ្សារនៃក្របខណ្ឌ Premier League។ ការផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញ ជាការព្រមព្រៀងគ្នារវាងកីឡាករសញ្ជាតិអង់គ្លេស នឹងក្លិប Getafe និងក្រោយពេលដែលតុលាការទម្លាក់បទចោទលើ Greenwood។
ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ ធ្លាប់បាននិយាយនៅក្នុងកិច្ចសម្ភាសមួយជាមួយនឹងទូរទស្សន៍ Sky Sports ថាការចាកចេញពីក្រុមបិសាចក្រហម គឺដើម្បីស្វែងរកឱកាសថ្មីក្នុងការបន្តអាជីពបាល់ទាត់ជាថ្មី ក្រោយអវត្តមានលើស្មៅមួយរយៈពេលវែង។

ខកខានបង្ហាញខ្លួនឱ្យក្រុម Man United តាំងពីឆ្នាំ ២០២១ Greenwood មានបញ្ហាដោយសារតែរឿងអាស្រូវនៃការប៉ុនប៉ងរំលោភ និងប្រើហិង្សាលើអតីតមិត្តស្រីរបស់គេ។ រឿងអាស្រូវធ្វើឱ្យអ្នកគាំទ្រជាច្រើនរិះគន់រូបគេយ៉ាងខ្លាំង រហូតត្រូវបានក្លិបដករូបគេចេញពីក្រុម។
កីឡាករសញ្ជាតិអង់គ្លេសទើបបង្ហាញខ្លួនលើកដំបូងនៅក្រុម Getafe ក្នុងជ័យជម្នះលើក្រុម Osasuna លទ្ធផល ៣-២ នាថ្ងៃទី១៧ ខែកញ្ញា ត្រូវបានអ្នកចាត់ការក្រុមលោក Bordalas អះអាងពីមូលហេតុថា រូបគេបានទទួលយោបល់ពីសំណាក់ Jude Bellingham របស់ក្លិប Real Madrid សម្រាប់ការផ្លាស់មកប្រទេសអេស្ប៉ាញ។
«Greenwood គឺជាមិត្តភក្កិ Bellingham ហើយគេបានផ្តល់យោបល់ដល់ Greenwood ក្នុងការផ្លាស់មកកាន់ក្របខណ្ឌនៃប្រទេសអេស្ប៉ាញ។ Greenwood នឹងមិនមកទីនេះនោះទេ បើសិនគេមិនបានជជែកជាមួយនឹង Bellingham។»។ លោក Bordalas បាននិយាយបែបនេះក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត។
ចំពោះការមកដល់របស់ Greenwood ក្លិប Getafe បានបង្ហាញក្តីរីករាយ ដោយក្លិបបានផ្សព្វផ្សាយពីវត្តមានរបស់គេយ៉ាងទូលំទូលាយនៅលើប្រព័ន្ធបណ្តាញសង្គមនានា។ ការមកដល់ទឹកដីអេស្ប៉ាញក៏មានប្រតិកម្មខ្លះៗដែរពីសំណាក់អ្នកគាំទ្រ ចាប់តាំងពីរូបគេបានមកដល់កីឡដ្ឋាន Estadio Coliseum Alfonzo Perez។
ដោយឡែក Jude Bellingham វ័យ ២០ឆ្នាំ ដែលផ្លាស់ទៅកាន់ក្លិប Real Madrid ក្នុងតម្លៃប្រមាណជាង ១០៣លានអឺរ៉ូ (១១៥លានដុល្លារ) កំពុងតែបង្ហាញទម្រង់លេងល្អខ្លាំងសម្រាប់ក្រុមថ្មីរបស់គេ។ ដោយឆ្លងកាត់ការប្រកួតចំនួន ៥លើកកន្លងមកនេះរូបគេបន្តរកបានគ្រាប់បាល់ជាបន្តបន្ទាប់ ក៏ដូចជាបង្កើននូវទម្រង់លេងបានយ៉ាងល្អរហូតបន្តយកឈ្នះការប្រកួតជាប់ៗគ្នា៕
Tag:
Mason Greenwood
Getafe
© រក្សាសិទ្ធិដោយ thmeythmey.com