សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ការនាំចូលអាហារសមុទ្ររបស់ចិនពីជប៉ុនធ្លាក់ចុះ៦៨ភាគរយ ក្រោយការបញ្ចេញទឹកពីរោងចក្រ Fukushima
24, Sep 2023 , 6:00 pm        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
ការនាំចូលអាហារសមុទ្ររបស់ចិនពីជប៉ុនបានធ្លាក់ចុះ ៦៧,៦ភាគរយនៅខែសីហាបើធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ស្របពេលទីក្រុងប៉េកាំងបានហាមឃាត់លើផលិតផលសមុទ្រពីជប៉ុនកាលពីចុងខែសីហា។ នេះបើតាមទិន្នន័យពីគយចិននៅថ្ងៃទី១៨ ខែកញ្ញា។

 
ក្រោយពីជប៉ុនបញ្ចេញទឹកប្រព្រឹត្តកម្មពីរោងចក្រនុយក្លេអ៊ែរ Fukushima ទៅសមុទ្រ ប្រទេសជិតខាងដូចជាចិន និងកូរ៉េខាងត្បូងបានហាមឃាត់ការនាំចូលអាហារសមុទ្រពីតំបន់នេះ ដោយបារម្ភខ្លាចមានសារធាតុពុលប៉ះពាល់ដល់សុខភាពប្រជាជន។
 
នៅខែសីហាការនាំចូលអាហារសមុទ្ររបស់ចិនពីជប៉ុនធ្លាក់ចុះ ៦៧,៦ភាគរយធៀបគ្រាដូចគ្នាឆ្នាំមុន។ សន្ទុះនៃការថមថយនេះបានចាប់ផ្តើមតាំងពីខែកក្កដា ពេលនោះអត្រានៃការធ្លាក់ចុះមានតែ២៨,៥ភាគរយ ដោយសារចិនទើបតែចាប់ផ្តើមបិទការហាមឃាត់អាហារសមុទ្ររបស់ជប៉ុន ជាការឆ្លើយតបទៅនឹងការបង្ហូរចេញនូវទឹកវិទ្យុសកម្មចម្រោះចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ។ ជប៉ុនចាប់ផ្តើមបង្ហូរចូលសមុទ្រកាលពីថ្ងៃទី ២៤ ខែសីហា។
 
ទិន្នន័យខាងលើបង្ហាញថា នៅខែសីហាចិនបាននាំចូលអាហារសមុទ្រពីជប៉ុនមានតម្លៃ ១៤៩,០២លានយ័ន (២០,៤៣លានដុល្លារ)។ 
 
កាលពីចុងខែសីហា ចិនបានជូនដំណឹងដល់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ឲ្យត្រួតពិនិត្យច្បាប់ពាណិជ្ជកម្មអន្តរជាតិអំពីការហាមឃាត់ការនាំចូលរបស់ខ្លួនជាបន្ទាន់ ដែលជំរុញឱ្យជប៉ុនដាក់ការតវ៉ាយ៉ាងខ្លាំង។ ទីក្រុងតូក្យូមានការមិនពេញចិត្តជាខ្លាំងហើយថាការផ្អាកការនាំចូលរបស់ទីក្រុងប៉េកាំងគឺមិនអាចទទួលយកបានទាំងស្រុង។ 
 
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិបានបញ្ចប់វាយតម្លៃក្នុងរបាយការណ៍មួយកាលពីខែកក្កដាថា ផែនការបញ្ចេញទឹក Fukushima គឺស្របតាមស្តង់ដារសុវត្ថិភាពសកល ហើយនឹងមានផលប៉ះពាល់តិចតួចលើមនុស្ស និងបរិស្ថាន៕
 

Tag:
 ជប៉ុន
  ចិន
  Fukushima
© រក្សាសិទ្ធិដោយ thmeythmey.com