អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស G7 អំពាវនាវឱ្យចិនដាក់សម្ពាធលើរុស្ស៊ីបញ្ឈប់ការឈ្លានពាននៅអ៊ុយក្រែន
19, Sep 2023 , 10:29 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 
 
រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) នៅក្នុងកិច្ចប្រជុំនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ បានទទូចឱ្យចិនដាក់សម្ពាធលើរុស្ស៊ីឱ្យបញ្ឈប់ការឈ្លានពានរបស់ខ្លួនទៅលើអ៊ុយក្រែន។

 
ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញាដោយក្រសួងការបរទេសជប៉ុន ប្រមុខការទុតប្រទេសG7 បានស្នើសុំឱ្យចិនជំរុញឱ្យរុស្ស៉ីដកទ័ពរបស់ខ្លួនដោយគ្មានលក្ខខណ្ឌ និងឱ្យឆាប់រហ័សពីអ៊ុយក្រែន។
 
សេចក្តីថ្លែងការណ៍ខាងលើធ្វើឡើងខណៈពេលដែលរដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី បំពេញទស្សនកិច្ចនៅរុស្ស៊ីតាំងពីថ្ងៃទី១៨ ខែកញ្ញា។ ប្រទេសទាំងពីរ បានបង្កើនទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅបន្ថែមទៀត។ 
 
បន្ថែមពីលើនេះ ក្រុម G7 ក៏បានសម្ដែងការស្វាគមន៍ចំពោះការចូលរួមរបស់ចិននៅក្នុងកិច្ចប្រជុំដែលផ្ដើមដោយអ៊ុយក្រែននៅទីក្រុង Jeddah អារ៉ាប៊ីសាអូឌីត នាពេលកន្លងមក ហើយក៏បានលើកទឹកចិត្តបន្ថែមទៀតដល់ចិនឱ្យគាំទ្រសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង រួមទាំងតាមរយៈការសន្ទនាដោយផ្ទាល់ជាមួយអ៊ុយក្រែន។
 
ជាមួយគ្នានេះ សេចក្ដីថ្លែងការណ៏ខាងលើក៏បានក្រើនរំលឹកដល់សមាជិករបស់ខ្លួន និងអំពាវនាវដល់ភាគីទីបីឱ្យបញ្ឈប់ជំនួយណាមួយចំពោះសង្គ្រាមឈ្លានពានរបស់រុស្ស៊ី បើមិនដូច្នោះនឹងប្រឈមមុខនឹងបញ្ហាពីទង្វើមួយនេះ។ 
 
ទោះមិនបញ្ចេញឈ្មោះប្រទេសទី៣ ការប្រកាសនេះទំនងសំដៅកូរ៉េខាងជើងតែម្ដង។ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅជួបប្រធានាធិបតីរុស្ស៉ីលោក ពូទីនកាលពីសប្ដាហ៏មុន ហើយបានពិភាក្សាពីទំនាក់ទំនងយោធា។ លោក គីម ក៏ឈរខាងរុស្ស៊ីប្រឆាំងលោកខាងលិចថែមទៀត។ ប្រទេសទាំង២ ក៏ជជែកពីជំនួយរបស់រុស្ស៉ីលើកម្មវិធីអវកាសរបស់កូរ៉េខាងជើងផងដែរ។ 
 
ជំនួបនេះបានធ្វើឱ្យអាម៉េរិក និងប្រទេសលោកខាងលិចផ្សេងទៀតមានការព្រួយបារម្ភយ៉ាងខ្លាំងពីរឿងដែលកូរ៉េខាងជើងអាចលក់អាវុធទៅឱ្យទីក្រុងមូស្គូសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន៕

Tag:
 G7
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com