ក្រុម Newcastle United រកបាន ១ពិន្ទុក្នុងការបង្ហាញខ្លួនដំបូងនៅ UEFA Champions League ក្រោយស្មើម្ចាស់ផ្ទះ AC Milan ០-០ ក្រោយខកខានរយៈពេល ២០ឆ្នាំ។ រីឯក្រុមខ្លាំងៗដូចជា Barcelona, Manchester City និង Paris Saint Germain សុទ្ធសឹងតែឈ្នះការប្រកួតរៀងខ្លួន សម្រាប់ការប្រកួតប្រជែងសប្តាហ៍ដំបូង។
ការវិលត្រលប់សារជាថ្មីក្រោយបាត់មុខ ២០ឆ្នាំ ក្រុមសារិកាព្រៃ បានបង្ហាញសមត្ថភាពទប់ទល់ក្រុម AC Milan រហូតរកបាន ១ពិន្ទុ ដើម្បីជាការអបអរការវិលត្រលប់មកវិញនេះ។ AC Milan ជាក្រុមចំណាត់ថ្នាក់លេខ ៤ នៅរដូវកាលមុន ក៏បានវាយសម្រុកខ្លាំងលើក្រុមមកពីអង់គ្លេស ប៉ុន្តែរនាំងដ៏រឹងនាំនៃខ្សែការពាររបស់ក្រុមក៏ដូចជាអ្នកចាំទី Nick Pope ជួយសង្គ្រោះមិនឱ្យក្រុមម្ចាស់ផ្ទះស៊ុតបំប៉ោងសំណាញ់ទីបានដោយងាយស្រួល។
ការប្រកួតឈានចូលដល់នាទីចុងម៉ោងហៀបបញ្ចប់ការប្រកួតទៅហើយ ខ្សែប្រយុទ្ធ Rafael Leao បង្កកំហុស ខកខានការស៊ុតបញ្ជូលទីសម្រាប់ក្រុម AC Milan យកឈ្នះការប្រកួតក្នុងដី ដែលអនុញ្ញាតឱ្យ Newcastle ចាកចេញដោយមានពិន្ទុក្នុងដៃត្រលប់មកអង់គ្លេសវិញ។
ដោយឡែកក្រុម Barcelona របស់អេស្ប៉ាញចាប់ផ្តើមការប្រកួតវគ្គចែកពូលរបស់ខ្លួនជាមួយជ័យជម្នះដ៏អស្ចារ្យលើក្រុម Royal Antwerp ដោយលទ្ធផល ៥-០។ ខ្សែប្រយុទ្ធចំណូលថ្មីដែលទើបខ្ចីជើងពីក្រុម Atletico Madrid កីឡាករ Joao Felix រកបាន ២គ្រាប់។
៥គ្រាប់នោះកើតឡើងដោយកីឡាករ Joao Felix នៅនាទី១១ គ្រាប់ទីមួយដើមវគ្គទីមួយ និងនៅនាទី៦៦ គ្រាប់បាល់ទីប្រាំ នៃវគ្គទីពីរ ចំណែក ៣គ្រាប់ផ្សេងទៀតធ្វើបានដោយកីឡាករ Robert Lewandowski ដែលជាគ្រាប់ទីពីរនាទី មុនពេលកីឡាករ Jelle Bataille របស់ក្រុម Antwerp ធ្វើឱ្យចូលទីខ្លួនឯង ហើយ Gavi ស៊ុតគ្រាប់ទី៤ នាទី៥៤។

ក្រោយធ្វើមិនបានល្អនៅទាំងនៅ Champions League និង Europa League កាលពីរដូវកាលមុនពីសំណាក់ Barcelona ឈានចូលរដូវកាលថ្មីនេះក្រុមយក្សរបស់អេស្ប៉ាញមួយនេះត្រូវបានគេរំពឹងថានឹងឆ្លងទៅវគ្គជម្រុះ ១៦ក្រុមបានដោយងាយស្រួលបំផុត ស្របពេលដែលពួកគេស្ថិតក្នុងពូល H ដ៏ងាយស្រួល។
ចំណែកក្រុមមកពីអង់គ្លេសមួយទៀត Man City ម្ចាស់ការពារតំណែងជើងឯក UCL ក៏រកបាន ៣ពិន្ទុពីការប្រកួតថ្ងៃបើកឆាករបស់ខ្លួនផងដែរនៅក្នុងជំនួបពូល G។ Julian Alvarez ធ្វើឱ្យមានភាពភ្ញាក់ផ្អើលដោយការស៊ុត ២គ្រាប់ក្នុងការប្រកួត ដែលយកឈ្នះលើក្រុម FK Crvena Zvezda លទ្ធផល ៣-១ ក្នុងកីឡដ្ឋាន Etihad។ ជ័យជម្នះនេះធ្វើឱ្យក្រុម Man City បន្តការប្រកួតក្នុងក្របខណ្ឌ Champions League របស់ខ្លួនចំនួន ២៦ប្រកួតមិនដែលចាញ់សោះនៅក្នុងទឹកដី។
រីឯនៅទឹកដីប្រទេសបារាំងវិញ ជើងខ្លាំងមួយរូប Paris Saint Germain ក្រសោបបាន ៣ពិន្ទុក្នុងទឹកដីកីឡដ្ឋាន Parc des Princes ក្រោយពីបានបំបាក់ក្រុមភ្ញៀវមកពីអាល្លឺម៉ង់ Borussia Dortmund លទ្ធផល ២-០។ ២គ្រាប់របស់ PSG ជាការបង្ហាញខ្លួនដ៏ល្អឡើងវិញរបស់កីឡាករ Kylian Mbappe ដោយគេស៊ុតបាល់ពិន័យ ១១ម៉ែត្រមួយគ្រាប់នាទី៤៩ មុនពេលមិត្តរួមក្រុមដ៏ជិតស្និទ្ធ Achraf Hakimi ស៊ុតគ្រាប់ទីពីរនៅនាទី៥៨។ PSG ឡើងឈរកំពូលតារាងពូល F បណ្តោះអាសន្តក្រោយការឈ្នះនេះ៕
ការប្រកួតក្រុមដទៃទៀតនៅព្រឹត្តិការណ៍ UEFA Champions League ៖
ពូល G
ក្រុម Young Boys ចាញ់ RB Leipzig លទ្ធផល ៣-១
ពូល E
ក្រុម Feyenoord ឈ្នះ Celtic លទ្ធផល ២-០
ក្រុម Lazio ស្មើ ១-១ Atletico Madrid
ពូល H
ក្រុម Shakhtar Donetsk ចាញ់ FC Porto លទ្ធផល ៣-១៕