អន្តរជាតិ
ជប៉ុន​ ប្រាប់​ចិន​ឱ្យដក​ពោង​ចេញពី​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់ខ្លួននៅសមុទ្រចិនខាងកើត
20, Sep 2023 , 4:59 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ

ជប៉ុនបានទទូចឱ្យចិនដកពោងរបស់ខ្លួនដែលបានអណ្ដែតនៅលើផ្ទៃទឹកនៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខ(EEZ) របស់ជប៉ុននៅសមុទ្រចិនខាងកើត ដែលក៏ជាកន្លែងនៅជិតកោះដែលទាមទារដោយប្រទេសទាំងពីរ។

 
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន Hirokazu Matsuno និយាយក្នុងសន្និសីទកាសែតនៅថ្ងៃទី២០ ខែកញ្ញា ថា ជប៉ុនបានចាប់ផ្ដើមតវ៉ាតាំងពីខែកក្កដានៅពេលដែលឆ្មាំសមុទ្ររបស់ជប៉ុនបានរកឃើញពោងមួយអណ្ដែតនៅលើផ្ទៃទឹកនៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួនដែលស្ថិតនៅសមុទ្រចិនខាងកើត។ 
 
ជាមួយគ្នានេះ ពោងដែលជប៉ុនបានរកឃើញថ្មីនេះគឺស្ថិតនៅដែនទឹកក្បែរក្រុមកោះ Senkaku ហៅតាមឈ្មោះជប៉ុន ឯចិនហៅថា Diaoyu។
 
«យើងបានទាមទារឱ្យមានការដកចេញជាបន្ទាន់នូវពោងនេះ ព្រោះវាល្មើសនឹងច្បាប់អន្តរជាតិក្នុងការសាងសង់រចនាសម្ព័ន្ធនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុនដោយគ្មានការអនុញ្ញាតិជាមុន» ។ លោក Matsuno អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបញ្ជាក់បែបនេះ។
 
យោងតាមមន្ត្រីដដែល ចិនបានដាក់ពោងមួយនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខជប៉ុនចាប់តាំងពីឆ្នាំ២០១៨មកម៉្លេះ។
 
គួរបញ្ជាក់ថា បន្ថែមលើភាពមិនចុះសម្រុងជាច្រើនទសវត្សរ៍រវាងប្រទេសទាំងពីរ ទំនាក់ទំនងចិន-ជប៉ុនបានធ្លាក់ចុះកត់ជាសម្គាល់ចាប់តាំងពីទីក្រុងតូក្យូបានចាប់ផ្ដើមបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មពីរោងចក្រនុយក្លេអ៊ែរ Fukushima នៅថ្ងៃទី២៤ ខែសីហាមក។ ទីក្រុងប៉េកាំងហាមប្រាមលើការនាំចូលអាហារសមុទ្រទាំងអស់ពីជប៉ុនដែរ៕ 
 

Tag:
 ជប៉ុន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com