សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
បំណុលសាធារណៈរបស់អាម៉េរិកកើនដល់៣៣ទ្រីលានដុល្លារ 
រូបភាពបង្ហាញពីកម្រិតបំណុលជាតិអាម៉េរិក ។ រូបភាព ៖ US National Debt Clock ។
×![]()
នៅថ្ងៃទី១៩ ខែកញ្ញា បំណុលជាតិសរុបរបស់អាម៉េរិកបានកើនឡើងដល់៣៣ ទ្រីលានដុល្លារជាលើកដំបូង ដែលខ្ពស់ជាងគោលដៅរបស់រដ្ឋាភិបាល។
យោងតាមក្រសួងរតនាគារជាតិអាម៉េរិក បំណុលជាតិដែលជារង្វាស់នៃចំនួនទឹកប្រាក់ដែលរដ្ឋាភិបាលជំពាក់ម្ចាស់បំណុលរបស់ខ្លួនឈានដល់៣៣,០៤២ទ្រីលានដុល្លារ។
លោកស្រី Maya MacGuineas ប្រធានគណៈកម្មាធិការទទួលបន្ទុកផ្នែកថវិការបស់ក្រសួងរតនាគារបានថ្លែងថា អាម៉េរិកបានដើរដល់ចំណុចថ្មីមួយដែលគ្មានអ្នកណាមានមោទកភាពនោះទេ ដោយ បំណុលជាតិសរុបបានកើនលើសចំនួន ៣៣ ទ្រីលានដុល្លារ។ លោកស្រីបន្តថា បំណុលសាធារណៈដែលកាន់កាប់នានាថ្មីៗនេះបានកើនលើស២៦ទ្រីលានដុល្លារឯណោះ។
មូលហេតុនៃការកើនប្រហែល ៥០ភាគរយនៃការចំណាយរបស់សហព័ន្ធចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ បានរួមចំណែកបំណុលជាតិអាម៉េរិកឲ្យឈានដល់ ៣៣ទ្រីលានដុល្លារ។ លើសពីនេះ ការកាត់បន្ថយពន្ធ កម្មវិធីជំរុញទឹកចិត្ត និងការកាត់បន្ថយចំណូលពន្ធ ដោយសារភាពអត្រាអត់ការងារធ្វើក្នុងអំឡុងពេលការរាលដាលជំងឺកូវីដ-១៩ គឺជាកត្តាជំរុញការខ្ចីប្រាក់របស់រដ្ឋាភិបាលកើនដល់កម្រិតខ្ពស់។
ការិយាល័យថវិការបស់រតនាគារជាតិអាម៉េរិកបានប៉ាន់ប្រមាណថា នឹងមានឱនភាពចំណាយ ១៧០០ពាន់លានដុល្លារនៅឆ្នាំនេះ ដែលខ្ពស់ជាងឆ្នាំ ២០២២ មានត្រឹមតែចំនួន ១៤០០ពាន់លានដុល្លារ។
ការសិក្សាចុងក្រោយបង្អស់ពីការិយាល័យថវិការបស់សភាអាម៉េរិកបង្ហាញថា បំណុលជាតិនឹងកើនឡើងជិតទ្វេដងក្នុងរយៈពេលបីទសវត្សរ៍ខាងមុខ។ នៅចុងឆ្នាំ២០២២ បំណុលជាតិបានកើនឡើងដល់ប្រហែល ៩៧ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ ចំនួននោះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១៨១ភាគរយនៅចុងឆ្នាំ ២០៥៣ ដែលលើសពីកម្រិតបំណុលរបស់អាម៉េរិកកាលពីមុន៕
Tag:
អាម៉េរិក
បំណុលសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com