កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Kane ថាមិនស្តាយក្រោយដែលរើសយក Bayern បើទោះ Man United ចាប់អារម្មណ៍
20, Sep 2023 , 5:59 pm        
រូបភាព
Harry Kane បានអះអាងថាខ្លួនបានសម្រេចចិត្តចូលរួមជាមួយនឹងក្រុម Bayern Munich ក្រោយផ្ទេរចេញពីក្រុម Tottenham Hotspur បើទោះជាមានការចាប់អារម្មណ៍ពីសំណាក់ក្លិបស្ថិតក្នុងប្រទេសអង់គ្លេស Manchester United ក៏ដោយក្តី។ Kane អះអាងដូច្នេះ មុនពេលក្រុមយក្សអាល្លឺម៉ង់ ទទួលក្រុមយក្សអង់គ្លេសនៅជំនួបបើកឆាកពូល A ពានរង្វាន់ ​UEFA Champions League។



ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ បានចាប់ផ្តើមអាជីពថ្មីនៅក្រុមយក្សរបស់លីគកំពូលអាល្លឺម៉ង់ ដោយរកបាន ៤គ្រាប់ក្នុងការប្រកួតជាបន្តបន្ទាប់របស់គេក្នុងក្របខណ្ឌ Bundesliga។ Kane រកបានគ្រាប់ដំបូងសម្រាប់បង្ហាញខ្លួនដំបូងនៅក្នុងលីគ ឱ្យ Bayern Munich ខណៈដែលរូបគេកំពុងសម្លឹងមើលការស៊ុតគ្រាប់ដំបូងក្នុងក្របខណ្ឌ ​Champions League។ 
 
ក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Thomas Tuchel នឹងត្រូវចាប់ផ្តើមការប្រកួត UCL សម្រាប់ជំនួបពូល A ដោយត្រូវស្វាគមន៍ក្រុមភ្ញៀវ​ Manchester United ដែលកំពុងជួបបញ្ហាទម្រង់លេងក៏ដូចជាកីឡាកររបួស នៅរាត្រីថ្ងៃទី២០ ខែកញ្ញា វេលាម៉ោង២រំលងអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។
 
នៅពេលត្រូវបានគេសួរនាំអំពីការសម្រេចចិត្តចូលរួមជាមួយនឹង Bayern ជាជាងក្រុមស្ថិតក្នុងប្រទេសអង់គ្លេស ប្រធានក្រុមជម្រើសជាតិអង់គ្លេសក៏អះអាងថា ជាការសម្រេចចិត្តទៅលើអាជីព និងការចង់ឈ្នះពានរង្វាន់របស់គេ។
 
«វាគ្មានអ្វីដែលត្រូវតែជជែកគ្នាច្រើននោះទេ នៅពេលដែលពួកគេបានមកដល់ដាក់សំណើរ ហើយកិច្ចព្រមព្រៀងគឺបានយល់ព្រមរួចរាល់។​ អ្វីដែលខ្ញុំផ្តោតគឺនៅទីនេះ ចំណែកក្រុម Man United គឺជាក្លិបមួយដ៏អស្ចារ្យហើយជាក្លិបដ៏ធំបំផុតមួយ ប៉ុន្តែខ្ញុំមានការសម្រេចចិត្តមកទីនេះ ហើយខ្ញុំរីករាយនូវអ្វីដែលខ្ញុំបានធ្វើ។»។ Kane បានឆ្លើយតបទៅកាន់អ្នកកាសែតវិញបែបនេះ។
 
តាំងពីពេលដែលផ្លាស់ទៅកាន់ក្លិបនៅអាល្លឺម៉ង់ Kane បានអះអាងរួចហើយថាគេសម្លឹងរកមើលការឈ្នះពានរង្វាន់លើកដំបូងសម្រាប់អាជីព ក្រោយពេលដែលគេស្ថិតនៅទឹកដីអង់គ្លេសមិនដែលឈ្នះពានរង្វាន់អ្វីមួយទាល់តែសោះ។ Kane មិនដែលឈ្នះពានរង្វាន់អ្វីមួយទាំងនៅក្រុមជម្រើសជាតិអង់គ្លេស និងជាមួយ Spurs បើទោះជាមាននាមជាកីឡាករដែលស៊ុតរកគ្រាប់បាល់ច្រើនជាងគេប្រចាំក្លិប និងប្រចាំក្រុមជម្រើសជាតិអង់គ្លេសក្តី៕
 

Tag:
 Harry Kane
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com