អន្តរជាតិ
លោក ពូទីន និងលោក ស៊ី នឹងជួបគ្នានៅទីក្រុងប៉េកាំងក្នុងខែតុលា
21, Sep 2023 , 9:09 am        
រូបភាព
ប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន នឹងជួបជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង នៅក្នុងខែតុលាខាងមុខនៅក្នុងទីក្រុងប៉េកាំង។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ពូទីន នៅក្រៅប្រទេសចាប់តាំងពីមានដីកាចាប់ខ្លួនជុំវិញឧក្រិដ្ឋកម្មនៅអ៊ុយក្រែន។

 
ដំណឹងនៃទស្សនកិច្ចលោក វ៉ា្លឌីមៀ ពូទីន នៅប៉េកាំង ត្រូវបានប្រកាសដោយលោក Nikolai Patrushev លេខានៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី។ លោកក៏បានសង្កត់ធ្ងន់ថា កិច្ចពិភាក្សានៅទីក្រុងប៉េកាំងនាខែតុលាខាងមុខនេះ នឹងជំនួបមួយដ៏ហ្មត់ចត់។
 
បើតាមមន្រ្តីដដែល រុស្ស៊ី និងចិនគួរតែពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅដើម្បីប្រឈមមុខនឹងការប៉ុនប៉ងរបស់បស្ចិមប្រទេសដើម្បីទប់ស្កាត់ប្រទេសទាំងពីរ។ 
 
ជាមួយគ្នានេះ លោក ពូទីន ក៏នឹងចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ តាមការអញ្ជើញពីលោក ស៊ី ក្នុងអំឡុងពេលទស្សនកិច្ចនៅក្រុងមូស្គូកាលពីខែមីនាកន្លងទៅ។
 
ទំនាក់ទំនងចិន និងរុស្ស៉ីមានការកើនជាលំដាប់បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីដើមឆ្នាំមុន ដែលបានបង្កឱ្យមានការប្រឈមមុខដាក់គ្នាមិនធ្លាប់មានរវាងទីក្រុងមូស្គូ និងលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២មក។ ពាណិជ្ជកម្មចិន-រុស្ស៊ីនៅតែកើនឡើងជាលំដាប់។ 
 
គួរបញ្ជាក់ថា លោក ពូទីន បានធ្វើទស្សនកិច្ចចុងក្រោយទៅទីក្រុងប៉េកាំងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្មានថ្ងៃមុនការលុកលុយអ៊ុយក្រែន។ មេដឹកនាំប្រទេសទាំងពីរបានប្រកាសពីភាពជាដៃគូគ្មានដែនកំណត់ តែមូស្គូបានបញ្ជាក់យ៉ាងច្បាស់ថានេះមិនមែនជាសម្ព័ន្ធមិត្តយោធាទេ៕
 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com