កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Onana បន្ទោសខ្លួនឯង ធ្វើឱ្យ Man Utd ចាញ់ Bayern Munich
21, Sep 2023 , 3:57 pm        
រូបភាព
Andre Onana អ្នកចាំទីរបស់ក្រុម ​Manchester United នៅថ្ងៃទី២១ ខែកញ្ញា បានស្តីបន្ទោសខ្លួនឯងជាដើមហេតុដែលនាំឱ្យក្រុមចាញ់ Bayern Munich លទ្ធផល ៤-៣ ក្នុងជំនួបបើកឆាកពូល A ពានរង្វាន់ UEFA Champions League នាកីឡដ្ឋាន Allianz Arena។



ការទទួលស្គាល់នូវកំហុស និងបង្ហាញទំនួសខុសត្រូវនេះកើតឡើងបន្ទាប់ពីអ្នកចាំទី Onana ចាប់បាល់មិនបានល្អ ដោយរបូតគ្រាប់បាល់ទីមួយសម្រាប់ Bayern ដែលជាការស៊ុតរបស់ Leroy Sane នៅនាទី២៨។ ក្រោយនាំមុខ១គ្រាប់ ម្ចាស់ផ្ទះ បន្តសម្រុករកបានគ្រាប់បាល់បន្ថែមនៅនាទី៣២ ពីសំណាក់កីឡាករ Serge Gnabry ដើម្បីជួយ Bayern Munich នាំមុខ Man Utd នៅវគ្គទី១។
 
ឈានចូលដល់វគ្គទីពីរ Harry Kane សម្រេចបានគ្រាប់ដំបូងនៅក្នុងក្របខណ្ឌ UCL របស់គេក្នុងការបង្ហាញខ្លួនឱ្យ Bayern Munich នៅនាទី៥៨ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ មុនពេលកីឡាករ Mathys Telសម្រេចគ្រាប់ទី៤ នៅនាទី៩០+២។ 
 
៣គ្រាប់របស់ក្រុមបិសាចក្រហមកកើតឡើងដោយខ្សែប្រយុទ្ធចំណូលថ្មីនិងជាគ្រាប់បាល់លើកដំបូងសម្រាប់ក្រុម Rasmus Hojlund នៅនាទី៤៩ មុនពេលខ្សែបម្រើ Casemiro ស៊ុត ២គ្រាប់នៅនាទី៨៨ និង ៩០+៥។ តែការតាមរហូតបាន ៣គ្រាប់មកវិញមិនសមល្មមជួយឱ្យបិសាចក្រហមរកបាន ១ពិន្ទុពីក្រុមម្ចាស់ផ្ទះវិញឡើយ។
 
ខកខានជួយសង្គ្រោះគ្រាប់បាល់ជាបន្តបន្ទាប់រហូតធ្វើឱ្យក្រុមចាញ់ការប្រកួត អ្នកចាំទីអន្តរជាតិកាមេរ៉ូន Onana បានស្តីបន្ទោសខ្លួនឯងយ៉ាងខ្លាំងថា បរាជ័យជាបន្តបន្ទាប់គឺព្រោះតែរូបគេតែម្នាក់។
 
«ខ្ញុំជាមនុស្សតែម្នាក់ដែលធ្វើឱ្យក្រុមខកចិត្ត វាព្រោះតែខ្ញុំទើបយើងមិនឈ្នះការប្រកួតមួយនេះ ខ្ញុំត្រូវតែរៀនអំពីកំហុសទាំងអស់នេះ។ ខ្ញុំត្រូវការបង្ហាញឱ្យបានច្រើនជាងនេះបន្តទៀត និយាយដោយត្រង់ ការចាប់ផ្តើមរបស់ខ្ញុំនៅ ​Man United គឺមិនសូវបានល្អឡើយ។»។ Onana និយាយប្រាប់ទៅកាន់ទូរទស្សន៍ TNT Sports ក្រោយចប់ការប្រកួតបែបនេះ។
 
របូត ៤គ្រាប់បន្ថែមទៀតនៅ UCL នេះជាការធ្វើឱ្យរបូតគ្រាប់ច្រើនបន្ថែមទៀតសម្រាប់អ្នកចាំទី Onana នៅក្រុមបិសាចក្រហម បន្ទាប់ពីឆ្លងកាត់ការប្រកួតនៅក្របខណ្ឌ ​Premier League រូបគេបានរបូតគ្រាប់បាល់ដល់ទៅ ១០គ្រាប់រួចមកហើយ។
 
ខាងក្រោមនេះជាលទ្ធផលការប្រកួតក្រុមដទៃផ្សេងទៀត៖
 
ពូល A 
Galatasaray ស្មើ Copenhagen លទ្ធផល ២​-២
 
​ពូល B
Arsenal យកឈ្នះ ​PSV Eindhoven លទ្ធផល ៤-០
Sevilla ស្មើ RC Lens លទ្ធផល ១-១
 
ពូល ​C
Real Madrid ​ឈ្នះ Union Berlin លទ្ធផល ១-០
SC Braga ​ចាញ់ Napoli លទ្ធផល ២-១៕
 

Tag:
 Andre Onana
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com