ជាតិ
សង្គមជាតិ
រដ្ឋាភិបាល សម្រេចបង្កើតយុទ្ធសាស្រ្តជាតិ ជួយដល់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ
21, Sep 2023 , 4:30 pm        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។ រូបពី ទីស្ដីការគណៈរដ្ឋមន្ត្រី
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។ រូបពី ទីស្ដីការគណៈរដ្ឋមន្ត្រី
ភ្នំពេញ៖ រដ្ឋាភិបាលសម្រេច បង្កើតយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដើម្បីជួយដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលកំពុងរងសម្ពាធឥតឈប់ឈរវិបត្តិប វិបត្តិបកូវីដ-១៩ និងបញ្ហាប្រឈមជាសកលជាច្រើនទៀត។ នេះបើតាមលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។

 
កិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០កញ្ញា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានពិនិត្យនិងសម្រេចលើ សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលក្នុងយុទ្ធសាស្ត្រនេះ រៀបចំឡើងមាន៨ផ្នែក និងមានឧបសម្ព័ន្ធ៣។ 
 
ដើម្បីដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃវិបត្តិកូវីដ-១៩ រួមទាំងវិបត្តិសេដ្ឋកិច្ចផ្សេងទៀត ដែលក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានជួបប្រទះនោះ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨»។ យុទ្ធសាស្ត្រនេះ គឺសម្រាប់អភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមាក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្នភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។
 
យុទ្ធសាស្ត្រជាតិថ្មីនេះ មានគោលបំណងលើកកម្ពស់ការគាំពារនិងការពង្រឹងសមត្ថភាពផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ដើម្បីសម្រេចបាននូវគោលបំណង និងធានាបាននូវប្រសិទ្ធភាព រដ្ឋាភិបាលកំណត់អាទិភាពយុទ្ធសាស្ត្រ ៥ចំណុច។ រួមមាន ទី១ ការកំណត់ ការកែសម្រួល និងការរៀបចំយន្តការបង្កលក្ខណៈងាយស្រួល ដើម្បីឈានចូលក្នុងប្រព័ន្ធ។ ទី២ ការកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាព។ ទី៣ គឺការផ្តល់ការគាំពារនិងការគាំទ្រដល់អ្នកដែលបានឈានចូល
ក្នុងប្រព័ន្ធ។ ទី៤ ការលើកកម្ពស់សមត្ថភាព និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ និងទី៥ ការពង្រឹងនិងពង្រីកការផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងនិងការចូលរួម។
 
រាជរដ្ឋាភិបាល បានចាត់ទុកយុទ្ធសាស្ត្រនេះ ពោរពេញទៅដោយភាពស្មុគស្មាញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លើសពីនេះ រដ្ឋាភិបាលក៏ដាក់ក្ដីសង្ឃឹមថា យុទ្ធសាស្ត្រថ្មីនេះ សម្រាប់ត្រួសត្រាយផ្លូវក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន វិស័យឯកជនអង្គការជាតិនិងអន្តរជាតិ និងសមាគមនានា សំដៅឈានឆ្ពោះទៅរកការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន៕
 

Tag:
 រដ្ឋាភិបាល
  សេដ្ឋកិច្ចក្រៅប្រព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com