កីឡាជាតិ
ជាតិ
ម្ចាស់ផ្ទះចិន យាង ព្រះមហាក្សត្រ ចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩
21, Sep 2023 , 6:01 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ម្ចាស់ផ្ទះចិន បានយាងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាភ្ញៀវកិត្តិយសពិសេស ក្នុងពិធីបើក​ព្រឹត្តិការណ៍អាស៊ីហ្គេម លើកទី១៩ នៅថ្ងៃទី២៣ ខែកញ្ញា នៅទីក្រុង Hangzhou។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចាត់ទុកថានេះ គឺជាយាងតាមបែបការទូត ដែលធ្វើឲ្យ ៤៥ ប្រទេសក្នុងទ្វីបអាស៊ី ភ្ញាក់ផ្អើល។ អគ្គលេខាធិការរូបនេះ បន្ថែមទៀតថា ការចូលរួមប្រកួតនេះ សម្រាប់កម្ពុជា ក៏ជាការពង្រឹងមិត្តភាព ដែកថែបកម្ពុជា-ចិន ផងដែរ។



នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោក ថោង ខុន ប្រធានដឹកនាំប្រតិភូកីឡា ចូលរួមក្នុងព្រឹត្តិការណ៍ Asian Games 2022 នៅទីក្រុង Hangzhou អបដំណើរ ដោយលោក វ៉ាត់ ចំរើន បានចេញដំណើរទៅប្រទេសចិន។

យោងទៅលើវីឌីអូ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី២១ ខែកញ្ញា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ប្រទេសចិន បានយាងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាភ្ញៀវកិត្តយសពិសេស ក្នុងពិធីបើកកីឡាប្រចាំទ្វីបអាស៊ី។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះថា៖«នេះ ជាកិត្តយស និងការទូតមួយដែរ ដែលធ្វើឲ្យអាស៊ីទាំងអស់ ៤៥ប្រទេស ចូលរួមពិធីបើកនេះ អាចផ្ដល់នៅការភ្ញាក់ផ្អើលមួយដែរ ធ្វើឲ្យយើង មានកិត្តិយសណាស់។»។

អគ្គលេខាធិការ NOCC បន្ថែមទៀតថា ការចេញទៅព្រឹត្តិការណ៍នេះ មិនត្រឹមតែដើម្បីប្រកួតទេ ប៉ុន្ដែក៏ជាការពង្រឹងចំណងមិត្តភាពដែកថែប និងចូលរួមការប្រជុំជាច្រើន ជាមួយគណៈកម្មាធិការអូឡាំពិកចិន និងរដ្ឋបាលកីឡាចិន ដើម្បីស្វែងរកការជួយបណ្ដុះបណ្ដាលផ្នែកកីឡាបន្ថែម សម្រាប់ការធ្វើជាម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី របស់កម្ពុជា នាឆ្នាំ២០២៩។

«យើង ទៅនេះ យើងមានរឿងច្រើនទៀត ដែលយើងត្រូវធ្វើទី១ យើងចូលរួមប្រកួត ហើយទី២ យើងទៅរឹតចំណងមិត្តភាព ហើយស្វែងរកអាហារូបករណ៍ ឬក៏ស្វែងរកការជួយបណ្ដុះបណ្ដាលប្រភេទកីឡារបស់យើង ឆ្ពោះទៅរកឆ្នាំ២០២៩ ដែលយើងធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី។ អ៊ីចឹង យើង មានកិច្ចប្រជុំ ជាមួយខាងអូឡាំពិក និងរដ្ឋបាលកីឡាចិន។ យើង ដឹងហើយថាចំណងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន បានឈានទៅដល់ការរឹតចំណងខាងផ្នែកកីឡានេះ។ អគ្គលេខាធិការ NOCC រូបនេះ បាននិយាយដូច្នេះ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម លើកទី១៩ នៅប្រទេសចិន ( 19th Asian Games) ចាប់ប្រកួតពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ចំណែក ពីធីបើកព្រឹត្តិការណ៍នេះ នឹងត្រូវធ្វើនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ហើយបិទបញ្ចប់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុង Hang Zhou ប្រទេសចិន។ កម្ពុជា បញ្ជូនអត្ដពលិក ១១៤នាក់ ចូលរួមប្រកួតលើ ១៧ប្រភេទកីឡា ខណៈម្ចាស់ផ្ទះ ចិន បានដាក់ ៤០ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍នេះ៕


Tag:
 វ៉ាត់ ចំរើន
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com