កីឡាជាតិ
ជាតិ
AFC Cup៖ ភ្នំពេញក្រោន បញ្ចប់ភាពមិនចាញ់ ២១ប្រកួតរបស់ Cebu ក្នុងជ័យជម្នះ ៣-០
22, Sep 2023 , 2:39 pm        
រូបភាព
កីឡាករភ្នំពេញក្រោន ពាក់អាវបៃតង តែតបញ្ចូលទី ក្រុម Dynamic Herb Cebu រូបពី AFC
កីឡាករភ្នំពេញក្រោន ពាក់អាវបៃតង តែតបញ្ចូលទី ក្រុម Dynamic Herb Cebu រូបពី AFC
ភ្នំពេញក្រោនរបស់កម្ពុជា បានឈ្នះ ក្រុមជើងឯករងហ្វីលីពីន Dynamic Herb Cebu ក្នុងលទ្ធផល ៣-០ ក្នុងជំនួបបើកឆាកពូល F នៃការប្រកួតពានរង្វាន់ AFC Cup រដូវកាល ២០២៣-២៤ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Rizal Memorial។ ជ័យជម្នះរបស់ភ្នំពេញក្រោន គឺជាការបញ្ចប់ ការមិនធ្លាប់បរាជ័យសោះរបស់ក្រុមហ្វីលីពីនមួយនេះ ចំនួន ២១ ប្រកួតចុងក្រោយ។ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន និយាយថា ជ័យជម្នះនេះ មិនមែនងាយស្រួលទេ និងសរសើរកូនក្រុម ចេះចាប់ឱកាសក្នុងការរកគ្រាប់បាល់។



ក្រុម Dynamic Herb Cebu ទើបបង្កើតនៅឆ្នាំ២០២១ ហើយក៏ទើបចូលរួមក្នុងលីគកំពូលហ្វីលីពីន នៅឆ្នាំនោះផងដែរ។ ប៉ុន្ដែក្រុមថ្មី ១ នេះ ជោគជ័យជាខ្លាំងនៅក្នុងប្រទេសខ្លួន។ ២១ ប្រកួតចុងក្រោយ ជាមួយក្រុមក្នុងស្រុក Dynamic Herb Cebu មិនធ្លាប់ចាញ់សោះ ដោយបានត្រឹមតែស្មើ ៤ប្រកួត ប៉ុណ្ណោះ។ នៅរដូវកាល២០២២ ក្រុមនេះ បានជើងឯករងលីគកំពូលហ្វីលីពីន ដោយជើងឯក បានទៅលើក្រុម Kaya F.C.–Iloilo។
 
ក្នុងពានរង្វាន់ AFC Cup វគ្គចែកពូល ក្រុមហ្វីលីពីននេះ បានស្គាល់បរាជ័យលើកដំបូង ក្រោយពីចាញ់ ភ្នំពេញក្រោន លទ្ធផល ៣-០ នៅកីឡដ្ឋាន Rizal Memorial។ ៣គ្រាប់របស់ភ្នំពេញក្រោននោះ រកបានដោយកីឡាករ Shintaro Shimizu (នាទី៤៣), អ៊ន ចាន់ប៉ូលីន (នាទី៥៥) និង កីឡាករ Andres Nieto (នាទី៨៤)។
 
សម្រាប់ជ័យជម្នះដំបូង ក្នុងពូល F លោក Oleg Starynskyi និយាយថាការប្រកួតនេះ តានតឹង និងពិបាក ប៉ុន្ដែកីឡាករ អាចចាប់ឱកាសបានល្អ ហើយសម្រេចទីបានជោគជ័យ។ យោងទៅលើការផ្សាយរបស់ក្លិបភ្នំពេញក្រោន គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះថា៖««វាមិនមែនងាយស្រួលក្នុងការលេងនៅក្រៅប្រទេសកម្ពុជា ប៉ុន្តែខ្ញុំសប្បាយចិត្តដែលបានបំលែងឱកាសដែលយើងមាន ហើយយើងធ្វើវាបាន ។ យើង ដឹងពីភាពតានតឹងនៃការប្រកួត ហើយសម្រាប់យើងវាជារឿងសំខាន់ក្នុងការព្យាយាមស្វែងរកគ្រាប់បាល់ និងព្យាយាមប្រយុទ្ធនៅតំបន់ទំនេរដែលយើងមាន ។»
 
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីឈ្នះ Dynamic Herb Cebu លទ្ធផង ៣-០ ភ្នំពេញក្រោន ត្រូវស្វាគមន៍ Shan United FC របស់មីយ៉ាន់ម៉ា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី៥ ខែតុលា ហើយក៏ត្រូវទទួល Macharthur FC របស់អូស្ដ្រាលី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្នុងកីឡដ្ឋានដដែរនេះ។ លុះចូលដល់ ថ្ងៃទី៩ ខែវិច្ឆិកា ក្លិបកម្ពុជាមួយនេះ ត្រូវទៅប្រកួតនៅអូស្ដ្រាលី ជាមួយ Macharthur FC ហើយត្រូវប្រកួតជាមួយ Dynamic Herb Cebu FC នៅថ្ងៃទី៣០ ខែវិច្ឆិកា នៅកីឡដ្ឋានអូឡាំពិកផងដែរ។ នៅថ្ងៃទី១៤ ខែធ្នូ ភ្នំពេញក្រោន ត្រូវប្រកួត នៅប្រទេសមីយ៉ាន់ម៉ា ជាមួយក្រុម Shan United FC៕
 

Tag:
 បាល់ទាត់
  AFC Cup
  Oleg Starynskyi
© រក្សាសិទ្ធិដោយ thmeythmey.com