អន្តរជាតិ
អាម៉េរិកខកចិត្ត ដោយនាយករដ្ឋមន្ត្រីកោះសូឡូម៉ុនខកខានកិច្ចប្រជុំកោះប៉ាស៊ីហ្វិកនៅសសេតវិមាន
× អាម៉េរិក បង្ហាញមានការខកចិត្តដែលនាយករដ្ឋមន្ត្រីកោះសូឡូម៉ុន លោក Manasseh Sogavare ដែលនឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលកោះប៉ាស៊ីហ្វិកជាមួយប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន នៅសប្តាហ៍ក្រោយ។
ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទីពីរជាមួយមេដឹកនាំប្រជុំកោះប៉ាស៊ីហ្វិក។ កិច្ចប្រជុំនេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់អាម៉េរិកក្នុងការបង្កើនវត្តមាននៅក្នុងតំបន់ប៉ាស៊ីហ្វិក ដើម្បីប្រកួតប្រជែងជាមួយឥទ្ធិពលចិន។
កិច្ចប្រជុំកំពូលជាមួយមេដឹកនាំប្រជុំកោះប៉ាស៊ីហ្វិក ជាមួយវេទិកាមួយដែលចូលរួមដោយសមាជិកនៃប្រទេសចំនួន១៨ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ និង២៦ ខែកញ្ញាក្នុងទីក្រុងវ៉ាស៊ីនតោន។
យ៉ាងណាមិញ នាយករដ្ឋមន្ត្រីកោះសូឡូម៉ុន លោក Manasseh Sogavare ដែលជាប្រទេសមួយក្នុងតំបន់ប៉ាស៊ីហ្វិកនឹងមិនអាចចូលរួមកិច្ចប្រជុំនេះឡើយ។
«យើងមានការខកចិត្តដែលនាយករដ្ឋមន្ត្រី Sogavare នៃកោះសូឡូម៉ុន មិនមានគម្រោងចូលរួម»។ មន្ត្រីរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកបានលើកឡើងបែបនេះ។ បើតាមទូរទស្សន៍ ABC របស់អូស្ត្រាលី រដ្ឋមន្ត្រីការបរទេសកោះ សូឡូម៉ុន លោក Jeremiah Manele នឹងចូលរួមកិច្ចប្រជុំកំពូលជំនួសវិញ។
នាយករដ្ឋមន្ត្រីកោះសូឡូម៉ុន លោក Manasseh Sogavare នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ បានលើកសរសើរដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់ចិន ដោយលើកឡើងថាចិនមិនសូវរឹតបន្តឹង មិនទាមទារច្រើន និងស្របតាមតម្រូវការសូឡូម៉ុន។ លើសពីនេះ លោកក៏បានបន្ថែមថា ទីក្រុងប៉េកាំងគឺជាដៃគូផ្នែកហេដ្ឋារចនាសម្ព័ន្ធឈានមុខគេរបស់ខ្លួន។
ក្រៅតែពីលោក Sogavare នាយករដ្ឋមន្ត្រីវ៉ានូអាទូ លោក Sato Kilman ក៏នឹងមិនចូលរួមកិច្ចប្រជុំនេះដែរ។ នេះបើតាមមន្ត្រីម្នាក់មកពីការិយាល័យរបស់លោក ដោយអះអាងថា លោក Sato Kilman និងសមាជិកសភាវ៉ានូអាទូទាំងអស់ចាំបាច់ចូលរួមកិច្ចប្រជុំសភាសម្រាប់ការបោះឆ្នោតគ្មានទំនុកចិត្ត៕
Tag:
(អាម៉េរិក
កោះសូឡូម៉ុន)
© រក្សាសិទ្ធិដោយ thmeythmey.com