ជាតិ
សមាគម​បណ្ដាញ​យុវជន​ រក​ឃើញ​សំណាក និង​ការជួញ​ដូរ​សាច់​សត្វ​ព្រៃ ៥៧ទីតាំង​ នៅ​​តំបន់​ព្រៃ​ឡង់​
25, Sep 2023 , 4:14 pm        
រូបភាព
រូប​ពី​ សមាគមបណ្ដាញយុវជនកម្ពុជា CYN
រូប​ពី​ សមាគមបណ្ដាញយុវជនកម្ពុជា CYN
ភ្នំពេញ​៖ ​៣​ខែនេះ ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ​ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា CYN បាន​រក​ឃើញ​សំណាក និង​ទីតាំង​ដាក់​លក់​សាច់​សត្វ​ព្រៃ និង​ត្រី​អភិរក្ស​​ដោយ​ខុស​ច្បាប់​ចំនួន៥៧កន្លែង នៅជុំ​វិញ​តំបន់​ការ​ពារ​ធនធាន​ធម្មជាតិ​ នៅភាគ​ខាង​ជើង​ និង​ឦសាន​នៃ​ប្រទេស​កម្ពុជា​។ ក្រុម​ស្រាវ​ជ្រាវ​ខាង​លើ មើល​ឃើញ​ថា វាជា​សញ្ញាណ​គំរាម​កំហែងដ៏​គួរ​ឱ្យ​បារម្ភ​​ ចំពោះ​​សត្វ​ព្រៃ​។



របាយ​ការ​ណ៍​នេះ ត្រូវ​បាន​ចុះ​ទៅ​អង្កេត​ផ្ទាល់​ពី​ថ្ងៃ​ទី​២៥​ ខែ​មិថុនា ដល់​ថ្ងៃ​ទី​២៥​ខែ​សីហា ឆ្នាំ​២០២៣​។ ក្នុង​សៀវភៅ របាយ​ការ​ណ៍​អង្កេត​ ស្ដី​ពី​ការ​ជួញ​ដូរ​សាច់​សត្វ​ព្រៃ​ នៅ​ជុំ​វិញ​តំបន់​ព្រៃ​ឡង់​ នៃ​ប្រទេស​កម្ពុជា​ ដែល​ចេញ​ផ្សាយ​ដោយ សមាគម​បណ្ដាញ​យុវជន​កម្ពុជា CYN បាន​បញ្ជាក់​ថា ​​ក្រុម​​ការ​ងារ​ស្រាវ​ជ្រាវ បាន​ធ្វើ​ដំណើរ​ចុះ​ប្រមូល​ទិន្នន័យ​ចំនួន​៦​លើក ដោយ​ចៃដន្យ ដើម្បី​អង្កេត​ និង​ប្រមូល​ទិន្នន័យ ពី​​សកម្មភាពការ​​ដាក់​លក់​នៅ​តាម​ផ្សារ​ ការ​ជួញ​ដូរ និង​ការ​ដាក់​លក់​នៅ​តាម​ភោជនីយដ្ឋាន​ និង​តំបន់​ទេស​ចរណ៍​ នូវ​ប្រភេទ​សត្វ​ព្រៃ​ សាច់​សត្វ​ព្រៃ និង​ត្រី​អភិរក្ស​ នៅ​ក្នុង​ខេត្ត​ក្រចេះ​ ស្ទឹង​ត្រែង​ ព្រះ​វិហារ កំពង់​ធំ សៀម​រាប​ និង​ខេត្ត​ឧត្តរ​មាន​ជ័យ​។ 
  
រូបពី សមាគមបណ្ដាញយុវជនកម្ពុជា CYN
 
ក្នុង​រយៈ​ពេល​៩០​ថ្ងៃ​នេះ ក្រុម​ការ​ងារ CYN បាន​​ប្រមូល​សំណាក ​​ទិន្នន័យ​សាច់​សត្វ​ព្រៃ​ចំនួន​៣៤​សំណាក ទីតាំង​ភោជនីយដ្ឋាចំនួន​១១ និង​រមណីយដ្ឋាន​ចំនួន​២ ដែល​មាន​ដាក់​លក់​​សាច់​សត្វ​ព្រៃ​។ ចំណែក​ប្រភេទ​ត្រី​​អភិរក្ស​ ត្រូវ​បាន​រក​ឃើញចំនួន៥ប្រភេទ មាន​ចំនួន​១២​ក្បាល​ ភាគ​ច្រើ​ន​ស្ថិត​ក្នុង​ខេត្ត​ តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ​ គឺ​ខេត្ត​ស្ទឹង​ត្រែង និង​ខេត្ត​ក្រចេះ​​។
សត្វ​ទាំង​នោះ​រួម​មាន​សាច់​សត្វ​ទន្សោង ប្រើស​ ខ្លាឃ្មុំ​ និង​កែះ​​។ ក្រៅ​ពី​នេះ​ នៅ​ក្នុង​រដូវ​បិទនេសាទ​ នៅ​តំបន់​ទន្លេមេគង្គ ក្រុម​ការ​ងារ​បាន​កត់​សម្គាល់​ពី ប្រភេទ​ត្រី​អភិរក្ស​ និង​មេពូជ​ក៏​ត្រូវ​បាន​រក​ឃើញ​ ដាក់​លក់​នៅ​ទី​ផ្សារ​ ជា​ពិសេស​ក្នុង​ខេត្ត​ស្ទឹង​ត្រែង និង​ខេត្ត​ក្រចេះ ដែល​រួម​មាន​ប្រភេទ​ត្រី​ត្រសក់ ត្រី​ក្របី និង​ត្រី​ខ្លា​ជា​ដើម​។
 
ក្នុង​សៀវ​ភៅ​​​ដដែល​ បាន​បន្ថែម​ថា ការ​លក់​ម្ហូប​ធ្វើ​ពី​សាច់​សត្វ​ព្រៃ​ នៅ​តាម​តំបន់​ទេស​ចរណ៍​ ​នឹង​ក្លាយ​ជា​ការ​បង្កគ្រោះ​ថ្នាក់ ក៏​ដូច​ជា​ជំរុញ​ឱ្យ​មាន​​កំណើន​សកម្មភាព​ជួញ​ដូរ​សាច់​សត្វ​ព្រៃ និង​បង្កើន​សកម្មភាព​ប្រមាញ់​ ក្នុង​តំបន់​ការ​ពារ​​។ ក្រៅ​ពី​ភោជនីយដ្ឋាន​ នៅ​តាម​ទី​ប្រជុំ​ជន​ ក្រុម​ស្រាវ​ជ្រាវ​​ CYN ក៏​បាន​រក​ឃើញ​តំបន់​អេកូទេសចរណ៍​ និង​រមណីយដ្ឋាន​ ដែល​ស្ថិត​ក្បែរ​តំបន់​​ការ​ពារ​ធម្មជាតិ​ ក៏​មាន​លក់​សាច់​សត្វ​ព្រៃ និង​ម្ហូប​​ធ្វើ​ពី​សាច់​សត្វ​​ព្រៃដែរ​​។  
 
របាយ​ការណ៍​នេះ​​ សង្កត់​ធ្ងន់​ថា ខេត្ត​ស្ទឹង​ត្រែង​ មាន​ដាក់​លក់​សាច់​សត្វ​ព្រៃ និង​ត្រី​អភិរក្ស​ទាំង​​ចំហ និង​លួច​លាក់​ ហើយ​ទៀង​ទាត់និង​​ញឹក​ញាប់​បំផុត​។ 
  
សមាគមបណ្ដាញយុវជនកម្ពុជា CYN
 
លោក ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវ​ជ្រាវ​ និង​តស៊ូ​មតិ គឺ​ជា​ប្រធាន​ក្រុម​ស្រាវ​ជ្រាវ​ ​ការ​ជួញ​ដូរ​សាច់​សត្វ​ព្រៃ​ ជុំ​វិញ​តំបន់​ព្រៃ​ឡង់​នេះ បានបញ្ជាក់​ថា បើ​ទោះ​បី​ជា​ ពេល​នេះ​ក្រុម​ការ​ងារ​លោក ពុំ​ទាន់​​មាន​លទ្ធភាព វាស់​វែង​តម្រូវ​ការ​​របស់​អ្នក​បរិភោគ​ក្ដី ក៏​លោក​បាន​មើល​ឃើញ​ថា សញ្ញា​តម្រូវ​ការ​នៅ​តែ​មាន​​ តាម​រយៈ​ការ​ដាក់​លក់​សាច់​សត្វ​ព្រៃ​នៅ​តាម​ទី​ផ្សារ ​តាម​ភោជនីយដ្ឋាន​ រួម​ទាំង​នៅ​​តា​ម​តំបន់​រមនីយដ្ឋាន​។ 
 
លោក គឹម​ហុង បន្តថា ​បើ​អាជ្ញាធរ​មាន​សមត្ថកិច្ច មិន​រក​វិធាន​ការ​ក្នុង​ការ​ទប់​ស្កាត់​ភ្លាម​ៗ​ទេ នោះ​នឹង​ធ្វើ​ឱ្យ​អត្រា​នៃ​អ្នក​បរិភោគ​សាច់​សត្វ​ព្រៃ កាន់​តែ​កើន​ឡើង​ ហើយ​ការ​​ប្រមាញ់​សត្វ​ព្រៃ ក្នុង​តំបន់​ការ​ពារ​ធម្មជាតិ ក៏​នឹង​កាន់​តែ​ច្រើន​ឡើង​ដែរ​។ 
 
​ប្រធាន​ក្រុម​ស្រាវ​ជ្រាវ​រូប​នេះ សង្កត់​ធ្ងន់​ថា ដោយ​សារ​តែ​កម្សោយ​ការ​អនុវត្ត​ន៍​ច្បាប់ ទើប​មាន​ការ​លក់​បែប​នេះ​។ ​លោកអះអាង​ដូច្នេះ​៖«​ការ​ដាក់​លក់​លួច​លាក់​ក្រែ​ង​លោ​ថា អាជ្ញាធរ​ពិបាក​ធ្វើ​អន្តរាគមន៍​។ ប៉ុន្តែ​ការ​ដាក់​លក់​ដោយ​ចំហលើ​ទី​ផ្សារ​ ជា​ពិសេស​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា មិន​ត្រឹម​តែ​កម្សោយ​នៃ​ការ​អនុវត្តន៍​ច្បាប់​ទេ ​តែ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ​មូល​ដ្ឋាន​ និង​មន្ត្រី​ជំនាញ​នៅ​មូល​ដ្ឋាន​ ក៏​ជា​កត្តា​មួយ​ ដែល​ធ្វើ​ឱ្យ​អ្នក​ជួញ​ដូរ​សាច់​សត្វ​ព្រៃ​​ អាច​បន្ត​ជួញ​ដូរ​បាន​​ ហើយ​ទាំង​អស់​នេះ​គឺ​ជា​កត្តា​ទាក់​ទាញ​ ដែល​ធ្វើ​ឱ្យ​មនុស្ស កាន់​តែ​ស្គាល់ កាន់​តែ​​ចង់​ដឹង​ចង់​សាក​»។
 
លោក​ទទួល​ស្គាល់​ថា រដ្ឋា​ភិបាល​មាន​រឿង​ច្រើន​ ត្រូវ​ដោះ​ស្រាយ មិន​អាច​មើល​គ្រប់​ជ្រង់​ជ្រោយ​។ តែ​ទោះ​ជា​យ៉ាង​ណា​ លោក​ជឿ​ជាក់​ថា ​ក្រសួង​ទាំង​នោះ​​មានដាក់​ពង្រាយ​​ មន្ត្រី និង​អាជ្ញាធរ​ជំនាញ​ នៅ​ជុំវិញ​​​តំបន់ការ​ពារ​ធម្មជាតិ​នោះ​ស្រាប់​​ រួម​មាន​មន្ត្រី​រដ្ឋ​បាល​ជលផល មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ និង​មន្ត្រី​ឧទ្យាននុរក្ស​​ដែល​មន្ត្រី​ទាំង​នោះ គួរ​តែ​មាន​ទំនួល​សុខ​ត្រូវ និង​​យក​ចិត្ត​ទុក​ដាក់​​​ខ្ពស់​ លើ​តួនាទី​និង​ភារកិច្ច​ដែល​បាន​ផ្ដល់​ឱ្យ​ដោយ​ច្បាប់​​។
  
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ គឺជាប្រធានក្រុមស្រាវជ្រាវ ការជួញដូរសាច់សត្វព្រៃ ជុំវិញតំបន់ព្រៃឡង់នេះ
 
 លោក ហេង គឹមហុង ថា​រឿង​អាទិភាពដំបូង​​បំផុត​នៅ​ពេល​នេះ គឺ​ទប់​ស្កាត់​មិន​​ឱ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​ សាច់​សត្វ​ព្រៃ​លើ​ទី​ផ្សារ​។ ហើយ​ដើម្បី​ទប់​ស្កាត់​​​ឱ្យ​មាន​ប្រសិទ្ធភាព លោកថា​ត្រូវ​តែ​យក​ច្បាប់​មក​អនុវត្តន៍​។
 
«​កម្ពុជា​មិន​មាន​គោល​ការ​ឱ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​សាច់​សត្វ​ព្រៃ​ទេ​ ទោះ​បី​ក្នុង​រូប​ភាព​ណា​ក៏​ដោយ​។ ដូច្នេះ​អ្វី​ដែល​ត្រូវ​ធ្វើ​ដំបូង​បំផុត គឺ​ទប់​ស្កាត់​កុំ​ឱ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​។ កាល​ណា​សកម្ម​ភាព​អាជីវកម្ម​មាន​ការ​ធ្លាក់ចុះ តម្រូវ​ការ​សាច់​សត្វ​ព្រៃ​កាន់​តែ​មាន​ការ​ធ្លាក់​ចុះ​ដែរ ហើយ​ជា​ស្វ័យ​ប្រវត្តិ ការ​ដាក់​អន្ទាក់​នឹង​មាន​ការ​ធ្លាក់​ចុះ​ដូច​គ្នា​»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក គឹម​ហុង​។​
 
ពាក់​ព័ន្ធ​ករណី​ខាង​​លើ សារព័ត៌​មាន​ថ្មី​ៗ ពុំ​ទាន់​អាច​សុំការ​បំភ្លឺ​ពី​ក្រសួង​បរិស្ថាន​ បាន​នៅ​ឡើយ​ទេ ដោយ​លោក ផៃ ប៊ុនឈឿន អ្នក​នាំ​ពាក្យ​ក្រសួងបរិស្ថាន អះ​អាង​ថា​លោក​ជាប់​រវល់​ប្រជុំ។ ទោះ​ជា​យ៉ាង​ណា លោក​ថា​នៅពេល​ក្រសួង​ប្រមូល​ទិន្នន័យ រួម​ទាំង​ឯកសារ​គ្រប់គ្រាន់​​ពេលណា នោះ​ក្រសួង​នឹង​បញ្ជាក់​មក​កាន់​សារព័ត៌​មាន​ថ្មី​ៗ។ 

លោក ផៃ ប៊ុនឈឿន អ្នក​នាំ​ពាក្យ​ក្រសួងបរិស្ថាន (រូបពី Telegram របស់លោក)
 
ប្រធាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​រូប​នេះ ផ្ដល់​គំនិត​ថា រដ្ឋ​គួរ​​ដោះ​ស្រាយ​លើ​ការ​ធ្វើ​អាជីវកម្ម​​ លើ​ទី​ផ្សារឱ្យ​​រួច​រាល់​​។ បន្ទាប់​មក​ ​អាជ្ញាធរ​ត្រូវ​ស៊ើប​អង្កេត​ ទីតាំង​​ណា​ខ្លះ​ដែល​លក់​​លួច​លាក់​។ បន្ទាប់​ពី​ដោះ​ស្រាយ​រឿង​លក់​លួច​លាក់រួច​​ហើយ ត្រូ​វ​គិត​​ដល់​ក្រុម​អ្នក​​​ប្រមាញ់​ ដោយ​ត្រូវ​បង្រ្កាប់​ពី​លើ​ចុះ​ក្រោយ​។ លោកថា​នេះ​ជា​ការ​ធ្វើ​ផែន​ការ​ដោះ​ស្រាយ​ដែល​មាន​ប្រសិទ្ធភាព​។
 
​លោក ហេង គឹម​ហុង អះ​អាង​ថា ការ​ចេញ​របាយ​ការណ៍​នេះ ពុំ​មែន​ចង់​ទម្លាក់​កំហុស​​ ឬ​ចោទ​ប្រកាន់​​រដ្ឋា​ភិបាល​ ឬ​ក្រសួង​ណា​មួយ​ឡើយ​ ប៉ុន្តែ​របាយ​ការណ៍​នេះ​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ស្វែង​រក​ដំណោះ​ស្រាយ​ពី​រដ្ឋាភិបាល​។
 
លោក គឹមហុង បន្ថែម៖«អ្វី​ដែល​ជា​ការ​រំពឹង​ គឺ​យើង​​ចង់​ឱ្យ​មាន​ដំណោះ​ស្រាយ​ជា​វិជ្ជមាន។ យើង​មិន​មាន​គោល​បំណង​ចេញ​ផ្សាយ​ ដើម្បី​ចោទ​ប្រកាន់​រដ្ឋាភិបាល​ទេ​។ គោល​បំណង​ពេ​ល​នេះ​ យើង​ចង់​ឱ្យ​រដ្ឋ​​បាន​ដឹង​ បានយល់ បន្ទាប់​មក​ដោះ​ស្រាយ​។ យើង​ចង់​បាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ ពី​អ្នក​មាន​សមត្ថកិច្ច។ ហើយ​ថ្ងៃ​នេះ​ក៏​ចង់​ផ្សព្វ​ផ្សាយ​ទៅ​កាន់​ប្រជា​ពល​រដ្ឋ​ និង​យុវជន​ឱ្យ​ឈប់​បរិភោគ​សាច់​សត្វ​ព្រៃដែរ​»​។ 
 
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ របាយ​ការណ៍​ពេញ​លេញ​​មួយ​ និង​ចេញ​នៅ​ក្នុង​រយៈ​ពេល​២​ខែ​ក្រោយ​។ របាយ​ការណ៍​នេះ រង់​ចាំ​ការ​ឆ្លើយ​តប​របស់​រដ្ឋា​ភិបាល ក៏​ដូច​ជា​ក្រសួង​ និង​ស្ថាប័ន​​ពាក់​ព័ន្ធ​មួយ​ចំនួន ថា​នឹង​ដោះ​ស្រាយ​បញ្ហា​ខាង​លើ​ដោយ​របៀប​ណា។  
  
 រូប​ពី សមាគមបណ្ដាញយុវជនកម្ពុជា CYN
 
លោក គឹមហុង ពន្យល់​បន្ថែម​ថា ក្នុង​ករណី​រដ្ឋាភិបាល​ ឬ​អាជ្ញាធរជំនាញ​​ក្នុង​​មូល​ដ្ឋាន​​ មាន​អន្តរាគមន៍​ទាន់​ពេល​វេលា នោះ​​របាយការណ៍​ពេញលេញ នារយៈ​ពេល​២​ខែ​ក្រោយ​ អាច​សរសេរ​​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ របស់​រដ្ឋាភិបាល​។ ប៉ុ​ន្តែ​ប្រសិន​មិន​មាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ទេ នោះ​ក្រុម​របស់​លោក នឹង​ចេញ​សេចក្ដី​ថ្លែង​ការ​មួយទៀត ដើម្បី​តឿន និង​ជំរុញ​ឱ្យ​មន្ត្រី​ពាក់​ព័ន្ធ​ដោះ​ស្រាយ​បញ្ហា​នេះ​។
 
យ៉ាង​ណា​ក៏​ដោយ​ លោក ហេង គឹមហុង​ ​ថា​រដ្ឋាភិបាល​ថ្មី ​គួរ​តែ​គិត​គូរ​អំពី​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន ​ជា​មួយរបាយ​ការណ៍​ខាង​លើ​​។ លោកថា លោក​​ជឿ​ជាក់​លើ​របាយ​ការណ៍​របស់​ខ្លួន​ ព្រោះ​របាយការណ៍​នេះ​មាន​ភាព​ច្បាស់​លាស់​ ដោយ​គ្រប់​សំណាក គ្រប់ទិន្នន័យ​ និងគ្រប់​​បញ្ជីរូប​ភាព​ សុទ្ធ​តែ​មានកាល​បរិច្ឆេទ និង​ទី​កន្លែង​ច្បាស់​លាស់​។
 
«រូប​ទាំង​នេះ​មិន​អាច​បដិសេធ​បាន​ទេ គឺ​មាន​​​កាល​បរិច្ឆេទ​ច្បាស់​លាស់​ មាន​លេខ​និយាម​ការ​ច្បាស់​លាស់»។ នេះ​ជា​ការ​អះ​អាង​របស់​លោក គឹម​ហុង។
 
ប្រធាន​ផ្នែក​កម្មវិធី​ស្រាវ​ជ្រាវ​ និង​តស៊ូ​មតិ លោក ហេង គឹមហុង​ ថា​ប្រសិន​បញ្ឈប់​ការ​ជួញដូរ​សាច់​សត្វ​ព្រៃ​នៅ​ពេល​នេះ ជា​ផល​ប្រយោជន៍​សម្រាប់​​ទាំង​អស់​គ្នា​។ ហើយ​ប្រសិន​រដ្ឋាភិបាល អន្តរាគមន៍​​ទប់​ស្កាត់ ​បាន​ទាន់​ពេល​វេលា គឺ​ជាស្នាដៃ​​របស់​រដ្ឋ​ ចំពោះ​ការ​ធានា​នូវ​ចីរភាព​ធន​ធាន​ធម្មជាតិ និង​សត្វ​ព្រៃ​ក្នុង​ប្រទេស​កម្ពុជា​៕ 
  
សកម្មភាពធ្វើ​បទ​បង្ហាញអំពី​របាយ​ការណ៍​លក់ និង​ជួញ​ដូរ​សាច់​សត្វ​ព្រៃ ដោយលោក ហេង គឹមហុង
 
 សកម្មភាពធ្វើ​ការ​ធ្វើ​បទ​បង្ហាញ​អំពី​របាយ​ការណ៍​ជួញ​ដូរ​សាច់​សត្វព្រៃ
 

Tag:
 សង្គម​
  សត្វ​ព្រៃ​
  សាច់​សត្វ​ព្រៃ
 
© រក្សាសិទ្ធិដោយ thmeythmey.com