កីឡាជាតិ
ជាតិ
កីឡាអេឡិចត្រូនិក ៖ ការប្រកួត MPL Kh រដូវកាលទី៥ រកឃើញ ៦ក្រុមឡើងទៅវគ្គ Playoffs
25, Sep 2023 , 6:59 pm        
រូបភាព
រូបភាពពី MPL Cambodia
រូបភាពពី MPL Cambodia
ការប្រកួតកីឡាអេឡិចត្រូនិកលីគអាជីព វិញ្ញាសារ Mobile Legends Bang Bang Professional League (MPL Cambodia) រដូវកាលទីប្រាំ រកឃើញក្រុមខ្លាំងៗចំនួន ៦ បន្តដំណើរទៅកាន់វគ្គ Playoffs ក្រោយឆ្លងកាត់ការប្រកួតនៅក្នុងវគ្គសន្សំពិន្ទុ Regular Season ដ៏ស្វិតស្វាញរយៈពេលជិត ២ ខែ។



ក្រុមទាំង ៦ ដែលបានឡើងទៅកាន់វគ្គ Playoffs រួមមាន CFU Gaming, BURN x Flash, See You Soon, DRoar Legends, PRO Esports និង Team Max ដើម្បីការប្រកួតប្រជែងតំណែងជើងឯក និងដើម្បីក្លាយជាក្រុមតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតប្រជែងលំដាប់អន្តរជាតិនានា។ ក្រុម Team SV និង Impunity Kh ដែលជាម្ចាស់ជើងឯករដូវកាលទីពីរ បានធ្លាក់ចេញក្រោយធ្វើមិនបានល្អនៅវគ្គ Regular Season។
 
CFU Gaming បញ្ចប់ចំណាត់កំពូលតារាងដោយរកបាន ១៥ពិន្ទុ ពីការប្រកួតចំនួន ៧លើក ហើយក្នុងចំណោមការប្រកួតទាំង៧ នោះពួកគេបានយកឈ្នះការប្រកួតទាំងមូលសរុប​ ៦លើក និងចាញ់ ១លើក។ ចំណែកលទ្ធផលនៃការប្រកួតវគ្គនីមួយៗ ក្រុមមួយនេះធ្វើបានការឈ្នះ ១២វគ្គ និងចាញ់ ៥វគ្គ ពីការប្រកួតសរុបទាំង ៧លើកនេះ។
  


BURN x Flash លេខ ២, See You Soon លេខ៣ និង​ DRoar Legends ស្ថិតនៅលេខ ៤ រកបានចំនួន ១៤ពិន្ទុដូចៗគ្នា ប៉ុន្តែមានភាគរយនៃការឈ្នះពីវគ្គនីមួយពីចំណោមការប្រកួតទាំង ៧លើកខុសៗគ្នា។ BURN x Flash យកឈ្នះ ១៣វគ្គ និងចាញ់ ៧ មានភាគរយនៃការឈ្នះចំនួន ៦៥ភាគរយ ពីលើ See You Soon ឈ្នះ ១១វគ្គ និងចាញ់ ៦វគ្គ មាន ៦៤ភាគរយ ចំណែក DRoar Legends ឈ្នះ ១១វគ្គ ចាញ់ ៧វគ្គ មាន ៦១ភាគរយ។
 
ក្រុមដែលមានចំណាត់ថ្នាក់លេខ ១ និងលេខ ២ ដែលរួមមាន CFU Gaming និង BURN x Flash ឈររង់ចាំរួចជាស្រេចនៅការប្រកួតនៅវគ្គ Playoffs នៃតំបន់ Upper Bracket ពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយរង់ចាំក្រុមត្រូវដែលឆ្លងផុតមកពីវគ្គជម្រុះដើម្បីដណ្តើមកៅអី Upper Bracket ពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមត្រូវប្រជែងវគ្គជម្រុះដណ្តើមកៅអីទៅកាន់វគ្គ Upper Bracket ពាក់កណ្តាលផ្តាច់ព្រ័ត្ររួមមាន See You Soon, DRoar Legends, PRO Esports និង​ Team MAX។
 
ជើងខ្លាំងចំនួន ២ក្រុមដែលឈ្នះការប្រកួតពីវគ្គ Upper Bracket ពាក់កណ្តាលផ្តាច់ព្រ័ត្ររួច នឹងត្រូវបន្តដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រ Upper Bracket ដើម្បីអាចដណ្តើមកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រប្រជែងពានរង្វាន់តែម្តង។ ក្រុមដែលឈ្នះកៅអីផ្តាច់ព្រ័ត្រ Upper Bracket នឹងត្រូវរង់ចាំក្រុមដែលឈ្នះកៅអីផ្តាច់ព្រ័ត្រពីក្រុមស្ថិតនៅក្នុងតំបន់ Lower Bracket ប្រកួតគ្នានៅវគ្គផ្តាច់ព្រ័ត្រ Grand Finals។ 
  


ក្រុមដែលធ្លាក់ពីការប្រកួតជម្រុះដណ្តើមកៅអី Upper Bracket ពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នឹងត្រូវធ្លាក់ទៅជួបគ្នានៅតំបន់ Lower Bracket ដើម្បីអាចបន្តឱកាសប្រជែងរបស់ខ្លួនបន្តទៀត ប៉ុន្តែស្ថិតក្នុងការប្រកួតចាញ់ធ្លាក់ចេញពីការប្រកួតតែម្តង​។ ក្រុមស្ថិតនៅ Upper Bracket ប្រកួតចាញ់នៅសល់ឱកាសធ្លាក់មកប្រជែងជាមួយក្រុមនៅតំបន់ Lower Bracket ដើម្បីរកឱកាសសារជាថ្មី។
 
ការប្រកួតស្ថិតនៅក្នុងវគ្គ Playoffs នេះនឹងរៀបចំឡើងដោយការប្រកួតនីមួយៗ នឹងមានចំនួន ៥វគ្គ (Best of​ 5) ដោយក្រុមណាឈ្នះ ៣វគ្គគឺឈ្នះការប្រកួត។ ការប្រកួតនៅវគ្គ Playoffs ទាំងអស់សុទ្ធសឹងតែជាការប្រកួតមានចំនួន ៥វគ្គ ដូចគ្នាៗ ហើយចំណែកការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រគឺកាត់សេចក្តីដោយការប្រកួតចំនួន ៧វគ្គ ដោយក្រុមណាឈ្នះបាន ៤ប្រកួត នោះនឹងគ្រងតំណែងឯក។
 
ក្រុមជើងឯកនៃការប្រកួតកីឡាអេឡិចត្រូនិចអាជីព MPL Cambodia រដូវកាលទី៥ នេះនឹងត្រូវបានឈ្នះសំបុត្រការប្រកួត ២ធំៗបន្ថែមទៀតពីលើជ័យជម្នះក្នុងតំបន់ ដោយត្រូវទៅកាន់ការប្រកួតប្រជែងពានរង្វាន់ Mobile Legends Bang Bang Professional League Invitation (MPLI) និងការប្រកួតដ៏ធំប្រចាំឆ្នាំ នោះគឺព្រឹត្តិការណ៍ M5 World Championship ដែលនឹងធ្វើឡើងនៅក្នុងប្រទេសហ្វីលីពីននៅក្នុងខែវិច្ឆិកា៕

Tag:
 កីឡាអេឡិចត្រូនិក
  Mobile Legends
  MPL Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com