សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្លៃប្រេងសាំងកើនឡើង ក្រោយរុស្ស៊ីបិទការនាំចេញប្រេងសាំង
25, Sep 2023 , 8:59 pm        
រូបភាព
រូបភាពពី Xinhua ។
រូបភាពពី Xinhua ។
តម្លៃប្រេងបានកើនឡើងខ្លាំង ខណៈអ្នកវិនិយោគកំពុងបារម្ភពីបញ្ហាផ្គត់ផ្គង់ ក្រោយពីរុស្ស៊ីបានចេញការហាមឃាត់បណ្តោះអាសន្នលើការនាំចេញប្រេងឥន្ធនៈ និងការកើនឡើងអត្រាការប្រាក់ដែលបន្តប៉ះពាល់ដល់តម្រូវការប្រេង។

 
នៅថ្ងៃទី២៥ ខែកញ្ញា តម្លៃប្រេង Brent បានកើនឡើង ៤៨សេន (០,៥ភាគរយ) ដល់ ៩៣,៧៥ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ ៣ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃទី២២ ខែកញ្ញា។ ចំណែកតម្លៃ​ប្រេង​ឆៅ​ WTI របស់​អាម៉េរិក​បាន​កើនឡើង​ ៥០សេន​ (០,៦ភាគរយ) ដល់ ៩០,៥៣ដុល្លារក្នុងមួយ​បារ៉ែល។
 
អ្នកវិភាគទីផ្សារ IG លោក Tony Sycamore បាននិយាយថា តម្លៃប្រេងឆៅបានចាប់ផ្តើមយ៉ាងខ្លាំងនៅសប្តាហ៍ថ្មីនេះ ទីផ្សារបានបន្តពិចារណាលើការហាមឃាត់លើការនាំចេញប្រេងម៉ាស៊ូត និងប្រេងសាំងនៅទីផ្សារដែលកំពុងរឹតបន្តឹង ហើយធនាគារកណ្តាលអាម៉េរិក (Fed) រក្សាអត្រាការប្រាក់នៅខ្ពស់ក្នុងរយៈពេលយូរ។
 
តម្លៃប្រេងបានកើនឡើងច្រើនជាង ១០ភាគរយកាលពីបីសប្តាហ៍មុន ដោយសារតែការព្យាករកង្វះការផ្គត់ផ្គង់ប្រេងឆៅនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ក្រោយពីអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានបន្តកាត់បន្ថយការផ្គត់ផ្គង់បន្ថែមទៀតរហូតដល់ដំណាច់ឆ្នាំ។
 
ទន្ទឹមនេះ កាលពីសប្តាហ៍មុនរុស្ស៊ីបានហាមឃាត់ការនាំចេញប្រេងសាំង និងប្រេងម៉ាស៊ូតជាបណ្តោះអាសន្ន ដើម្បីរក្សាស្ថិរភាពទីផ្សារក្នុងស្រុក ដោយបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់ផលិតផលទាប ជាពិសេសនៅពេលដែលអឌ្ឍគោលខាងជើងចូលដល់រដូវរងា។
 
លើសពីនេះ ការព្យាករសេដ្ឋកិច្ចចិនកាន់តែប្រសើរឡើង ក៏បានជំរុញទីផ្សារប្រេងឡើងថ្លៃផងដែរ។ អ្នកវិភាគនៅក្រុមហ៊ុនហិរញ្ញវត្ថុ Goldman Sachs បាននិយាយថា វិស័យផលិតកម្មរបស់ចិនត្រូវបានគេរំពឹងថា នឹងងើបឡើងវិញនៅក្នុងខែកញ្ញា ឆ្នាំនេះ ដោយសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) នឹងកើនឡើងលើសពី៥០ជាលើកដំបូងចាប់ពីខែមីនា ឆ្នាំនេះ (កម្រិតលើសពី ៥០ ជាកំណើនសកម្មភាពផលិតកម្មជាងមុន)។
 
សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) គឺជាសូចនាករសេដ្ឋកិច្ចដែលបានមកពីការស្ទង់មតិប្រចាំខែរបស់ក្រុមហ៊ុនផ្នែកឯកជននៅក្នុងវិស័យផលិតកម្ម និងសេវាកម្ម។ វាផ្តល់ព័ត៌មានពីលក្ខខណ្ឌអាជីវកម្មបច្ចុប្បន្ន និងអនាគតដល់អ្នកវិភាគ អ្នកវិនិយោគ ដើម្បីងាយស្រួលក្នុងការសម្រេចចិត្តអាជីវកម្មក្រុមហ៊ុន។
 
ក្រៅពីនេះ មានសញ្ញាវិជ្ជមានពីតម្រូវការប្រេងរបស់ចិនបានកើនឡើង ៣០០ពាន់ប៉ារ៉ែលក្នុងមួយថ្ងៃកាលពីសប្តាហ៍មុន​ ដោយសារតែការស្ទុះងើបឡើងវិញបន្តិចម្តងៗនៃតម្រូវការប្រេងយន្តហោះសម្រាប់ជើងហោះហើរអន្តរជាតិ៕
 

Tag:
 ប្រេង
  រុស្ស៊ី
 
© រក្សាសិទ្ធិដោយ thmeythmey.com