អន្តរជាតិ
អាម៉េរិក​ ចង់ភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់សម្រាប់កម្លាំងទ័ពអវកាសជាមួយចិន
26, Sep 2023 , 10:01 am        
រូបភាព
ឧត្តមសេនីយ៍ Chance Saltzman មេបញ្ជាការកម្លាំងប្រតិបត្តិការអវកាស។ រូបថត AFP
ឧត្តមសេនីយ៍ Chance Saltzman មេបញ្ជាការកម្លាំងប្រតិបត្តិការអវកាស។ រូបថត AFP
កងកម្លាំងអវកាសអាម៉េរិក បានបើកកិច្ចពិភាក្សាផ្ទៃក្នុងមួយអំពីការបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ ជាមួយចិនដើម្បីបញ្ចៀសវិបត្តិនៅទីលំហ។ ប្រមុខកម្លាំងអវកាសអាម៉េរិក ឧត្តមសេនីយ៍ Chance Saltzman បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃទី២៥ ខែកញ្ញា។

 
បើតាមឧត្តមសេនីយ៍ Chance Saltzman បានលើកឡើងថា ទំនាក់ទំនងផ្ទាល់រវាងកងកម្លាំងអវកាសអាម៉េរិក និងសមភាគីចិន នឹងមានតម្លៃក្នុងការកាត់បន្ថយភាពតានតឹង។ ប៉ុន្តែមកទល់ពេលនេះ អាម៉េរិកមិនទាន់បានទាក់ទងជាមួយចិនដើម្បីបង្កើតបណ្ដាញផ្ទាល់មួយនៅឡើយ។
 
«អ្វីដែលយើងបាននិយាយសម្រាប់ភាគីអាម៉េរិក យ៉ាងហោចណាស់គឺការបើកបណ្តាញទំនាក់ទំនង ដើម្បីប្រាកដថាប្រសិនបើមានវិបត្តិ យើងដឹងថាអ្នកណាដែលយើងអាចទាក់ទងបាន»។ លោក Saltzman បាននិយាយបែបនេះ ដោយបន្ថែមថា វានឹងអាស្រ័យលើប្រធានាធិបតី ចូ បៃឌិន និង​ក្រសួង​ការបរទេសដើម្បីដឹកនាំការពិភាក្សាលើរឿងនេះ។
 
ការបង្ហាញបំណងនេះកើតឡើងខណៈដែលកងកម្លាំងអវកាសអាម៉េរិកសម្លឹង​បង្កើតទីស្នាក់ការរបស់ខ្លួននៅជប៉ុននៅចំពេលដែលមហិច្ឆតាយោធារបស់ចិននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកើនឡើង ហើយ​សង្រ្គាមនៅអ៊ុយក្រែនក៏បង្ហាញពីសារសំខាន់នៃសមត្ថភាពអវកាសក្នុងសង្គ្រាមផងដែរ។
 
លោក Saltzman ដែលបានជួបជជែកជាមួយមន្ត្រីការពារជាតិជប៉ុននៅក្រុងតូក្យូនៅថ្ងៃដដែល មិន​បាន​បញ្ជាក់​លម្អិត​អំពី​ទីតាំង ឬ​គោល​បំណង​ឱ្យជាក់លាក់ឡើយ។ ប៉ុន្តែ​លោកលើកឡើងថា វា​អាច​ស្រដៀងទីស្នាក់ការដែលបាន​បង្កើត​ឡើង​នៅ​កូរ៉េ​ខាង​ត្បូង​កាល​ពី​ខែ​វិច្ឆិកាឆ្នាំ​មុន។
 
បើតាមមេបញ្ជាការរូបនេះ កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសដែលមានគំនិត​ដូចគ្នារួមទាំងជប៉ុន នឹងមានសារសំខាន់ក្នុងការតាមដាន និងស្វែងយល់ពីសកម្មភាពនៅក្នុងដែនអាកាសដើម្បីរារាំងចិន។
 
សូមបញ្ជាក់ថា កងកម្លាំងអវកាសអាម៉េរិកដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ក៏មិនមានទំនាក់ ទំនងផ្ទាល់ជាមួយរុស្ស៊ីដែរ បើទោះជាមហាអំណាចទាំង២ មានផ្កាយរណបជាច្រើនដែលធ្វើប្រតិបត្តិការពេញទីលំហក្ដី៕

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com