អន្តរជាតិ
អាម៉េរិក ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​ចិននិង​រុស្ស៊ី​ដែលពាក់ព័ន្ធការផ្គត់ផ្គង់អាវុធដល់យោធា​រុស្ស៊ី
26, Sep 2023 , 12:19 pm        
រូបភាព
រដ្ឋបាលវ៉ាស៊ីនតោន នៅថ្ងៃទី២៥ ខែកញ្ញា បានប្រកាសដាក់ការរឹតបន្តឹងលើវិស័យពាណិជ្ជកម្មថ្មីលើក្រុមហ៊ុនចិនចំនួន១១ និងក្រុមហ៊ុនរុស្ស៊ីចំនួន៥ ក្រោមការចោទប្រកាន់ថាក្រុមហ៊ុនទាំងនេះបានផ្គត់ផ្គង់គ្រឿងបន្លាស់ដ្រូនមួយចំនួនដល់រុស្ស៊ី​ដែលចូលរួមចំណែកក្នុងវាយប្រហារអ៊ុយក្រែន។



ក្រសួងពាណិជ្ជកម្មអាម៉េរិកដែលគ្រប់គ្រងលើគោលនយោបាយនាំចេញ នៅថ្ងៃទី២៥ ខែកញ្ញា បានប្រកាសដាក់បានបន្ថែមក្រុមហ៊ុនសរុបចំនួន២៨ ដែលរួមមានក្រុមហ៊ុន​ចិន ​រុស្ស៊ី ហ្វាំងឡង់ និងអាល្លឺម៉ង់មួយចំនួនទៅក្នុងបញ្ជីខ្មៅ។ ការដាក់ក្រុមហ៊ុនទាំងនេះចូលក្នុងបញ្ជីខ្មៅ នឹងធ្វើឱ្យអ្នកផ្គត់ផ្គង់អាម៉េរិកពិបាកក្នុងការផ្ទេរបច្ចេកវិទ្យាទៅកាន់ក្រុមហ៊ុនទាំងនោះ។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ ក្រុមហ៊ុនចិន និងរុស្ស៊ី មានជាប់ពាក់ព័ន្ធសង្រ្គាមនៅអ៊ុយក្រែន។
 
ក្រុមហ៊ុនចំនួន៩រួមមានក្រុមហ៊ុន Asia Pacific Links Ltd. របស់ចិន និងក្រុមហ៊ុន SMT-iLogic របស់រុស្ស៊ី ត្រូវបានចោទប្រកាន់ថាបានចូលរួមក្នុងគម្រោងមួយដើម្បីផ្គត់ផ្គង់បច្ចេកវិទ្យាពិសេសដែលបានហាមឃាត់ និងគ្រឿងបន្លាស់ដ្រូនដល់អង្គភាពស៊ើបការណ៍សម្ងាត់ (GRU) របស់រុស្ស៊ី។
 
បើតាមការស៊ើបអង្កេតដោយទីភ្នាក់ងារព័ត៌មាន Reuters និង iStories សហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ Royal United Services Institute របស់អង់គ្លេស ក្រុមហ៊ុននាំចេញ Asia Pacific Links Ltd. ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ជាអ្នកផ្គត់ផ្គង់ដ្រូនដ៏សំខាន់របស់រុស្ស៊ី។
 
«យើងនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការយ៉ាងរហ័ស និងម៉ឺងម៉ាត់ប្រឆាំងនឹងអ្នកដែលបន្តផ្គត់ផ្គង់ និងគាំទ្រសង្គ្រាមខុសច្បាប់ និងអសីលធម៌របស់ប្រធានាធិបតីរុស្ស៊ីនៅអ៊ុយក្រែនឡើយ»។ ប្រធានគ្រប់គ្រងការនាំចេញរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិកលោក Alan Estevez បាននិយាយបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ 
 
លើសពីនេះ អង្គភាពចិនចំនួន៦ផ្សេងទៀតត្រូវបានអាម៉េរិកចោទប្រកាន់បន្ថែមថាបានផ្គត់ផ្គង់គ្រឿងបន្លាស់អវកាសសម្រាប់ក្រុមហ៊ុនផលិតយន្តហោះអ៊ីរ៉ង់ដែលត្រូវបានប្រើដើម្បីបង្កើតដ្រូនដោយអ៊ីរ៉ង់ដើម្បីវាយប្រហារនាវាដឹកប្រេងនៅមជ្ឈិមបូព៌ា និងដោយរុស្ស៊ីនៅអ៊ុយក្រែន។ នេះបើតាមក្រសួងពាណិជ្ជកម្មអាម៉េរិក៕
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com