សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាម៉េរិកផ្តល់ជំនួយជាង ៥០០លានដុល្លារដល់អ៊ុយក្រែនដើម្បីស្តារប្រព័ន្ធថាមពល
26, Sep 2023 , 3:09 pm        
រូបភាព
លោក ចូ បៃឌិន (ស្តាំ) និងលោក វ៉្លឌីមៀ សេឡេនស្គី ។ រូបភាព AP ។
លោក ចូ បៃឌិន (ស្តាំ) និងលោក វ៉្លឌីមៀ សេឡេនស្គី ។ រូបភាព AP ។
អាម៉េរិកសម្រេចផ្ដល់ជំនួយ៥២២លានដុល្លារដើម្បីជួយអ៊ុយក្រែនស្តារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងរោងចក្រផលិតថាមពល និងម៉ាស៊ីនបំលែងអគ្គិសនី។

 
ស្ថានទូតអាម៉េរិកប្រចាំនៅអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកញ្ញា បានប្រកាសពីការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដោយទីក្រុងវ៉ាស៊ីនតោន នឹងគាំទ្រដល់ទីក្រុងគៀវរហូតដល់ ៥២២លានដុល្លារដើម្បីពង្រឹងភាពធន់នៃប្រព័ន្ធថាមពលនៅក្នុងប្រទេស។
 
នៅក្នុងសេចក្តីប្រកាសរបស់ស្ថានទូតអាម៉េរិក អ៊ុយក្រែននឹងទទួលបាន ៤២២លានដុល្លារនៅក្នុងកញ្ចប់ជំរុញថាមពលថ្មី និង ១០០លានដុល្លារដើម្បីអនុវត្តគោលនយោបាយមួយចំនួនរួមទាំងការកំណែទម្រង់ប្រព័ន្ធថាមពល។
 
គោលបំណងសំខាន់មួយនៃជំនួយនេះ គឺដើម្បីជួយអ៊ុយក្រែនស្តារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមទាំងរោងចក្រផលិតថាមពល និងម៉ាស៊ីនបំលែងអគ្គិសនី (ត្រង់ស្វូ)។ អាម៉េរិកនឹងគាំទ្រការកែទម្រង់វិស័យថាមពលរបស់អ៊ុយក្រែន និងការផ្លាស់ប្តូរក្រោយជម្លោះទៅជាសេដ្ឋកិច្ចដែលមានការប្រជែង និងមានកម្រិតកាបូនទាបស្របតាមស្តង់ដារសហភាពអឺរ៉ុប (EU)។
 
ការ​ប្រកាស​ខាង​លើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក វ៉្លឌីមៀ សេឡេនស្គី ទៅ​កាន់​អាម៉េរិក​កាល​ពី​សប្តាហ៍​មុន។ ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​នេះប្រធានាធិបតីអាម៉េរិក ចូ បៃដិន បាន​ប្រកាស​កញ្ចប់​ជំនួយ​យោធា​បន្ថែម​ដែល​មាន​តម្លៃ ៣២៥ លាន​ដុល្លារ​សម្រាប់​ក្រុងគៀវ។
 
នាយកជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខជាតិសម្រាប់អឺរ៉ុប លោក Amanda Sloat បាននិយាយថា នេះគឺជាកញ្ចប់ជំនួយយោធាទីបួនរបស់អាម៉េរិកដែលជួយដល់អ៊ុយក្រែនក្នុងរយៈពេលប្រាំមួយសប្តាហ៍ ហើយនេះមិននិយាយទៅនឹងកញ្ចប់ជំនួយយោធាដែលមានតម្លៃ ២៤ពាន់លានដុល្លារ ដែលរដ្ឋបាល បៃឌិន កំពុងបញ្ចុះបញ្ចូលសភាឱ្យយល់ព្រម៕
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
  ថាមពល
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com