អន្តរជាតិ
ចិនថា មានឆន្ទៈក្នុងការដើរតួនាទីស្ថាបនាឱ្យកិច្ចប្រជុំ APEC នៅអាម៉េរិកជោគជ័យ
26, Sep 2023 , 8:59 pm        
រូបភាព
ដោយ៖ ងួនសៅ​ ពុទ្ធិឫទ្ធិ 
 
ប្រ​មុខការទូតចិន វ៉ាង យី និយាយនៅថ្ងៃទី២៦ ខែកញ្ញាថា ចិនមានឆន្ទៈក្នុងការដើរតួនាទីស្ថាបនាសម្រាប់ភាពជោគជ័យនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលអាម៉េរិកជាម្ចាស់ផ្ទះ។ ការធានានេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីចិន ស៊ី ជិនភីង អវត្តមានពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ G20 នៅឥណ្ឌា។

 
ប្រធានាធិបតីចិន ស៊ី ជិនភីង មិនបានចូលរួមកិច្ចប្រជុំមេដឹកនាំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) នៅឥណ្ឌាឡើយ ដោយចាត់នាយករដ្ឋមន្រ្តី លី ឈាំង ចូលរួមជំនួសវិញ។ ដោយសាររឿងនេះ អាម៉េរិកដែលជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក៏ព្យាយាមចង់បានវត្តមានលោក ស៊ី ស្របពេលដែលទំនាក់ទំនងមហាអំណាចទាំង២ មិនសូវល្អផង។
 
ទាក់ទងរឿងនេះ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានបញ្ជាក់ថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍដ៏ខ្លាំងមួយរបស់ពិភពលោក និងជាសមាជិកដ៏សំខាន់របស់ APEC ចិនមានឆន្ទៈក្នុងការអនុវត្តអ្វីដែលសហគមន៍អន្តរជាតិបានរំពឹងទុក ព្រមទាំងដើរតួរនាទីស្ថាបនាសម្រាប់ភាពជោគជ័យនៃ APEC នៅក្នុងឆ្នាំនេះ។
 
«ប្រាកដណាស់ ហើយយើង និងភាគីទាំងអស់សង្ឃឹមថាអាម៉េរិកនឹងយល់ដឹងពីការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះតាមរយៈភាពបើកចំហ យុត្តិធម៌ បរិយាប័ន្ន ព្រមទាំងបង្កើតនូវលក្ខខណ្ឌល្អប្រសើរសម្រាប់ការរៀបចំកិច្ចប្រជុំមួយនេះឱ្យប្រព្រឹត្តិទៅដោយរលូន»។ លោក វ៉ាង ឆ្លើយបែបនេះនៅពេលដែលសួរបញ្ជាក់ពីវត្តមានរបស់លោក ស៊ីនៅក្នុងកិច្ចប្រជុំកំពូល APEC នាពេលខាងមុខ អំឡុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២៦ ខែកញ្ញា។
 
បើទោះបីជាកិច្ចសន្ទនារវាងចិន និងអាម៉េរិកកំពុងតែដំណើរការជាបណ្តើរៗឡើងវិញក្ដី ប្រទេសទាំងពីរនៅតែមានភាពតាងតឹងជាមួយគ្នា ជាពិសេសជុំវិញរឿងកោះតៃវ៉ាន់។ លោក វ៉ាង និយាយដោយមិនចំឈ្មោះប្រទេសណាមួយថា ចិនប្រឆាំងនឹងការពង្រីករបស់សម្ព័ន្ធភាពយោធាដែលជ្រៀតចូលលំហសន្តិសុខរបស់ប្រទេសដទៃ។
 
គេបានរំពឹងទុកថាលោក ស៊ី នឹងជួបជាមួយលោក ចូ បៃឌិន នៅក្រៅកិច្ចប្រជុំ APEC នៅ San Francisoc នាពេលខាងមុខនេះ បន្ទាប់ពីខកខានឱកាសប្រជុំទល់មុខគ្នានៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ G20 នៅឥណ្ឌា៕ 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com