សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
​ភ្ញៀវ​អន្តរជាតិ ទៅវៀតណាមតាមព្រលានយន្តហោះ​កើន​ជិត២៧០ភាគរយ
26, Sep 2023 , 9:59 pm        
រូបភាព
ភ្ញៀវអន្តរជាតិនៅព្រលានយន្តហោះណយបៃ ហាណូយ ។ រូបភាព VnEconomy ។
ភ្ញៀវអន្តរជាតិនៅព្រលានយន្តហោះណយបៃ ហាណូយ ។ រូបភាព VnEconomy ។
៩ខែឆ្នាំនេះ​ ព្រលានយន្តហោះវៀតណាមបានទទួលអ្នកដំណើរចំនួន៨៩លាននាក់ កើន ២០ភាគរយធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះអ្នកដំណើរអន្តរជាតិកើនឡើង ២៦៦,៨ភាគរយកើនដល់២៣,៧លាននាក់។

 
ត្រឹមរយៈពេល៩ខែ  ព្រលានយន្តហោះនៅទូទាំងប្រទេសវៀតណាមបានស្វាគមន៍អ្នកដំណើរចំនួន ៨៩លាននាក់ក្នុងនោះអ្នកដំណើរអន្តរជាតិកើនឡើង ២៦៦,៨ភាគរយដល់ ២៣,៧ លាននាក់ ខណៈអ្នកដំណើរក្នុងស្រុកថយចុះ៣,៦ភាគរយមានត្រឹមតែ៦៥,២ លាននាក់។ នេះបើតាមទិន្នន័យពីរដ្ឋបាលអាកាសចរណ៍វៀតណាម។ 
 
ដោយឡែកក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានដឹកជញ្ជូនអ្នកដំណើរចំនួន ៤៤,១លាននាក់កើន ២០,៣ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ចំពោះអ្នកដំណើរអន្តរជាតិបានកើនឡើងយ៉ាងខ្លាំងគឺ ៣០០,២ភាគរយដល់ ១១,៥លាននាក់ ខណៈពេលដែលអ្នកដំណើរក្នុងស្រុកថយចុះ ៣,៦ភាគរយដល់ ៣២,៦លាននាក់។
 
បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួន៥ រួមមាន Vietnam Airlines, Vietjet Air, Pacific Airlines, Bamboo Airways, Vietravel Airlines កំពុងដំណើរការជើងហោះហើរចំនួន ៦៧ តភ្ជាប់ទីក្រុងហាណូយ ហូជីមិញ ដាណាង ជាមួយនឹងអាកាសយានដ្ឋានក្នុងស្រុកចំនួន ១៩ ផ្សេងទៀតដែលមានជើងហោះហើរជាង ៦៥០ជើងក្នុងមួយថ្ងៃ។ បន្ថែមពីលើប្រតិបត្តិការផ្លូវហោះហើរដែលមានស្រាប់ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានដំណើរការផ្លូវហោះហើរថ្មីមួយចំនួនដូចជា កិនធ (Cantho) -  វិនដូន (Van Don) , ហាណូយ - កាម៉ាវ (Ca Mau)ជាដើម។
 
ទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិកំពុងបន្តរក្សាសន្ទុះនៃការងើបឡើងវិញសម្រាប់ទីផ្សារពីមុនភាគច្រើនលើកលែងតែចិន និងរុស្ស៊ី ជាមួយនិងវត្តមាននៃទីផ្សារថ្មីៗមួយចំនួននៅអាស៊ីកណ្តាលដូចជា កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន តួកម៉េនីស្ថាន។
 
លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក៏បានបង្កើនប្រតិបត្តិការជើងហោះហើរទៅកាន់ឥណ្ឌា និងអូស្ត្រាលីផងដែរ។
 
បច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍បរទេសចំនួន ៦៤ និងក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួន៥ កំពុងធ្វើអាជីវកម្មលើទីផ្សារអន្តរជាតិជាមួយនឹងផ្លូវហោះហើរអន្តរជាតិជាង ១៦៩ តភ្ជាប់ប្រទេស និងដែនដីចំនួន២៨ នៅអាម៉េរិកខាងជើង អឺរ៉ុប មជ្ឈិមបូព៌ា អាស៊ី និងអាហ្រ្វិកមកកាន់គោលដៅវៀតណាមដូចជា ហាណូយ ដាណាង ហូជីមិញ, កាំរ៉ាញ់, កោះត្រល់ , ដាឡាត់, វ៉េ ។ 
 
ទីផ្សារធំៗទាំង១០ ដែលមានចំនួនអ្នកដំណើរអន្តរជាតិដឹកជញ្ជូនច្រើនជាងគេទៅកាន់វៀតណាមរួមមាន កូរ៉េខាងត្បូង ថៃ តៃវ៉ាន់ ជប៉ុន ចិន សិង្ហបុរី ម៉ាឡេស៊ី ហុងកុង អូស្ត្រាលី និងឥណ្ឌា។
 
ស្របពេលដែលទីផ្សារអ្នកដំណើរមាននិន្នាការកើនឡើង ការដឹកជញ្ជូនទំនិញនៅព្រលានយន្តហោះមានការថយចុះ។  ៩ខែឆ្នាំនេះ ទីផ្សារទំនិញអាកាសចរណ៍សរុបនឹងថយចុះប្រហែល ១៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ មានតែ ៧៦២ពាន់តោន៕
 

Tag:
 វៀតណាម ​
  ភ្ញៀវទេសចរអន្តរជាតិ
  ព្រលានយន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com