សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើរថយន្តអគ្គិសនីជាជម្លោះពាណិជ្ជកម្មថ្មីរវាងអឺរ៉ុប និងចិន ?
27, Sep 2023 , 8:29 am        
រូបភាព
ការនាំចេញរថយន្តនៅកំពង់ផែ Taicang ខេត្ត​ Jiangsu  ។ រូបភា​ព Xinhua ។
ការនាំចេញរថយន្តនៅកំពង់ផែ Taicang ខេត្ត​ Jiangsu ។ រូបភា​ព Xinhua ។
ហានិភ័យនៃសង្គ្រាមពាណិជ្ជកម្មថ្មីមួយហៀបនឹងផ្ទុះឡើង នៅពេលដែលអឺរ៉ុបពិចារណាពីលទ្ធភាពនៃការដាក់ទណ្ឌកម្មលើរថយន្តអគ្គិសនីរបស់ចិន។ ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen កាលពីថ្ងៃទី២០ ខែកញ្ញា បានបើកការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនលើការនាំចូលពីប្រទេសនេះ ដែលវា​ជា​ជំហាន​មួយ​​អាច​នឹង​ឈាន​ទៅ​រក​សង្គ្រាម​ពាណិជ្ជកម្ម​ថ្មី​រវាង​ប្លុក​នេះ ​និង​សេដ្ឋកិច្ច​ទីពីរ​របស់​ពិភពលោក។ ​

 
ហេតុអ្វីអឺរ៉ុបចង់ស៊ើបអង្កេតប្រឆាំង ជុំវិញការឧបត្ថម្ភធនរថយន្តអគ្គិសនីរបស់ចិន?
 
លោកស្រី Ursula von der Leyen បានវាយតម្លៃថា ទីផ្សារពិភពលោកបច្ចុប្បន្នត្រូវបានលុកលុយដោយរថយន្តអគ្គិសនីរបស់ចិនដែលមានតំលៃថោក។ ការឧបត្ថម្ភធនដ៏ច្រើនពីរដ្ឋជាដើមហេតុធ្វើឲ្យតម្លៃរថយន្តអគ្គិសនីចិនមានតម្លៃទាប ដែលនេះ​ជា​ការ​បង្ខូច​ទ្រង់ទ្រាយ​ទីផ្សារ​អឺរ៉ុប។
 
ការប្រកាសរបស់លោកស្រី Von der Leyen ធ្វើឡើងមិនដល់មួយសប្តាហ៍ផង ក្រោយជំនួបជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង នៅទីក្រុងញូវដេលី។ នៅពេលនោះ លោក លី បានអំពាវនាវឱ្យលោកស្រីគាំទ្រគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌ តែងតែបើកទីផ្សារពាណិជ្ជកម្ម វិនិយោគ និងផ្តល់បរិយាកាសយុត្តិធម៌ តម្លាភាព និងគ្មានការរើសអើងសម្រាប់សហគ្រាសចិន។
 
ទន្ទឹមនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តចិនបានធ្លាក់ចុះភ្លាមៗ បន្ទាប់ពីលេចមានព័ត៌មានថា គណៈកម្មការអឺរ៉ុបកំពុងពិចារណាដាក់ទណ្ឌកម្មលើរថយន្តអគ្គិសនីដែលមានតម្លៃទាប ដោយបារម្ភអំពីការលក់បង្ខូចតម្លៃ។
 
ប្រសិនបើទណ្ឌកម្មចូលជាធរមាន កិច្ចខិតខំប្រឹងប្រែងនាំចេញរថយន្តរបស់ចិនអាចនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ វិស័យរថយន្តកំពុងក្លាយជាផលិតផលនាំចេញដ៏សំខាន់មួយសម្រាប់ប្រទេសនេះ នៅពេលដែលផលិតផលជាច្រើនកំពុងធ្លាក់ចុះដោយសារតែការប្រែប្រួលសេដ្ឋកិច្ច។ 
 
ទិន្នន័យគយបង្ហាញថាការនាំចេញរថយន្តរបស់ចិនទាំងកូនកាត់ និងអគ្គិសនីទៅកាន់សហភាពអឺរ៉ុប (EU) បានកើនឡើង ១១២ភាគរយក្នុងរយៈពេល ៧ខែឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំង ៣៦១ភាគរយបើធៀបនឹងឆ្នាំ២០២១ ។
 
ហេតុអ្វីរថយន្តអគ្គិសនីចិនអាចលក់បានក្នុងតម្លៃថោក?
 
បើតាមក្រុមហ៊ុន Carscoops មូលហេតុចម្បងដែលរថយន្តចិនមានតម្លៃថោកគឺដោយសារតែពួកគេផលិតបានច្រើន។ លោក Bill Russo នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សា Auto Mobility ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃបានប៉ាន់ប្រមាណថា ចិនមានអតិរេករថយន្តចំនួន ១០លានគ្រឿងក្នុងមួយឆ្នាំ។
 
ការផ្គត់ផ្គង់លើសតម្រូវការ និងការឧបត្ថម្ភធនរបស់រដ្ឋាភិបាលបានបណ្តាលឱ្យគណៈកម្មការអឺរ៉ុបវាយតម្លៃថា រថយន្តអគ្គិសនីរបស់ចិន ជារឿយៗមានតម្លៃថោកជាងម៉ូដែលរបស់ក្រុមហ៊ុនក្នុងស្រុកប្រមាណ ២០ភាគរយ។​
 
យោងតាមសារព័ត៌មាន Auto News នៅឆ្នាំ២០២១ ចិនបានផ្តល់ការលើកទឹកចិត្តប្រហែល ១៥ពាន់លានដុល្លារសម្រាប់រថយន្តអគ្គិសនី។ នៅខែមិថុនាឆ្នាំនេះ ចិនបានផ្តល់ការឧបត្ថម្ភធនបន្ថែមទៀត ដែលកញ្ចប់ចុងក្រោយបង្អស់មានតម្លៃ ៥២០ពាន់លានយ័ន (៧២ពាន់លានដុល្លារ) ត្រូវបានគេរំពឹងថានឹងត្រូវបានបញ្ចេញក្នុងរយៈពេល ៤ឆ្នាំ។
 
ដោយឡែកបើយោងតាមក្រុមហ៊ុនប្រឹក្សា AlixPartners ចិនបានចំណាយប្រាក់ចំនួន ៥៧ ពាន់លានដុល្លារក្នុងចន្លោះឆ្នាំ ២០១៦-២០២២ សម្រាប់លើកទឹកចិត្តដលើវិស័យរថយន្តអគ្គិសនី។
 
កញ្ចប់ថវិការលើកទឹកចិត្តដ៏ច្រើននេះ មិនត្រឹមតែជំរុញក្រុមហ៊ុនក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងទាក់ទាញក្រុមហ៊ុនផលិតបរទេសផងដែរ។ រោងចក្រផលិតរថយន្តជាច្រើនត្រូវបានសាងសង់រួមទាំង Tesla, BMW និង Renault ។ ថ្មីៗនេះមានការព្រមព្រៀងគ្នារវាងក្រុមហ៊ុន Volkswagen និង Xpeng ដើម្បីបង្ហាញម៉ូដែលរថយន្តដែលមានតម្លៃសមរម្យសម្រាប់ប្រជាជនក្នុងតំបន់។
 
ការពឹងផ្អែកលើកញ្ចប់ឧបត្ថម្ភធន ជំរុញឲ្យក្រុមហ៊ុនផលិតរបស់ចិនបានរីកចម្រើនយ៉ាងឆាប់រហ័ស។  CATL គឺជាក្រុមហ៊ុនផលិតថ្មសាកធំជាងគេរបស់ពិភពលោក ខណៈ BYD បានវ៉ាដាច់ Volkswagen ដើម្បីក្លាយជាម៉ាកយីហោដែលលក់ដាច់បំផុតនៅចិន។
 
ហេតុផលមួយទៀត គឺស្ថិតនៅក្នុងបទប្បញ្ញត្តិនៃការបំភាយឧស្ម័នពុលដោយស្នើឱ្យហាមឃាត់ការលក់រថយន្ត ម៉ាស៊ីនដែលមានចំហេះ ដោយឆ្ពោះទៅរកការប្រើប្រាស់រថយន្តអគ្គិសនី។ ទាំងនេះគឺជាហេតុផលជំរុញកំណើនផលិតកម្មនៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅចិន។ 
 
នៅពេលដែលក្រុមហ៊ុនចិនជួបប្រទះឧបសគ្គធំៗ ដោយសារបញ្ហាពន្ធគយជាមួយអាម៉េរិក អឺរ៉ុបបានក្លាយជាទីផ្សារសំខាន់សម្រាប់រថយន្តអគ្គិសនីចិន។
 
តើភាពចម្រូងចម្រាស់ខាងលើនេះ​ មានការប្រតិកម្មយ៉ាងណាខ្លះ?  
 
ការលក់រថយន្តអគ្គិសនីជាសកលនៅឆ្នាំ ២០២៣ ត្រូវបានព្យាករថានឹងកើនឡើងជិត១ភាគ៣ ដល់ជាង ១៤លានគ្រឿងជាមួយនឹងតម្លៃ ៥៦០ពាន់លានដុល្លារ។ អ្នកនយោបាយអឺរ៉ុបមួយចំនួនជឿថា បើគ្មានការប្រកួតប្រជែងដោយយុត្តិធម៌ទេ ឧស្សាហកម្មរថយន្តរបស់សហភាពអឺរ៉ុបនឹងបាត់បង់។
 
យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សាររបស់អាម៉េរិក Canalys  រថយន្តអគ្គិសនីរបស់ចិនអាចដំណ្តើមទីផ្សារបានចំនួន ១៦,៥ភាគរយនៃការលក់សរុបនៅអឺរ៉ុបនៅឆ្នាំ ២០២៥។ លោក Kevin Kang ប្រធានសេដ្ឋវិទូនៅ KPMG China ព្យាករថា ចំណែកទីផ្សាររបស់ចិននៅឆ្នាំនេះនឹងកើនឡើងដល់ ១៥ភាគរយដូចជា BYD, Nio និង Li Auto គឺទទួលបានការពេញចិត្តពីអ្នកប្រើប្រាស់។
 
ចំណាត់​ការ​របស់​គណៈកម្មការ​អឺរ៉ុប​បាន​ធ្វើ​ឲ្យ​រដ្ឋមន្ត្រី​បារាំង​មានពេញចិត្តជាខ្លាំង។ លោក Bruno Le Maire រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបាននិយាយថា ៖« ខ្ញុំស្វាគមន៍ការស៊ើបអង្កេតនេះ។ ប្រសិនបើការឧបត្ថម្ភធនទាំងនេះមិនគោរពតាមបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក អឺរ៉ុបត្រូវតែអាចទប់ទល់បាន»។
 
មួយសប្តាហ៍ក្រោយមក ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​រិះគន់​ការ​ស៊ើបអង្កេត​នេះ​ថា​ជាទង្វើ​ការពារ​ដោយ​ងងើល។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឆ្លើយតបនៅថ្ងៃទី២៥ ខែកញ្ញា ថា ចិនគឺជាដៃគូសហប្រតិបត្តិការដ៏សំខាន់របស់សហភាពអឺរ៉ុប។ ការបិទទ្វារជាមួយចិនក្នុងនាមការកាត់បន្ថយហានិភ័យ គឺការបោះចោលឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ស្ថិរភាព និងការអភិវឌ្ឍន៍។ 
 
កាពិត ចិនបានគ្រប់គ្រង ៦០ភាគរយនៃផលិតកម្មថ្មសាកលរួចទៅហើយ ដែលគណកម្មការអឺរ៉ុបមានការព្រួយបារម្ភថា ប្រសិនបើគ្មានវិធានការឆ្លើយតបទេ ក្រុមហ៊ុនចិននឹងអាចគ្រប់គ្រងទីផ្សាររថយន្តអគ្គិសនី ។ 
 
តើមានព័ស្តុតាងជាក់លាក់ទេ ជុំវិញការចោទប្រកាន់នេះ ? 
 
បន្ថែមពីលើភាពចម្រូងចម្រាសអំពីហានិភ័យនៃការបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មរថយន្តអគ្គិសនីអ្នកជំនាញមួយចំនួនជឿថា វានៅតែគ្មានមូលដ្ឋានដើម្បីមើលឃើញយ៉ាងច្បាស់ថាក្រុមហ៊ុនផលិតរថយន្តរបស់ចិនកំពុងលុកលុយទីផ្សារដោយការដាក់រថយន្តអគ្គិសនីដែលមានតំលៃថោក។
 
លោក Matthias Schmidt អ្នកវិភាគរថយន្តឯករាជ្យបាននិយាយថា ៖« តាមពិតទៅ អាជីវកម្មចិននៅតែអាចលក់រថយន្តដើម្បីរកប្រាក់ចំណេញនៅអឺរ៉ុបក្នុងតម្លៃខ្ពស់ជាងការផ្តល់ជូននៅចិន បន្ទាប់ពីពិចារណាលើតម្លៃដឹកជញ្ជូន និងពន្ធគយ»។
 
លើសពីនេះ ខណៈពេលដែលយុទ្ធសាស្រ្តអគ្គិសនីរបស់ចិនត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីរដ្ឋយ៉ាងសំខាន់ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសនេះកំពុងផ្តោតការយកចិត្តទុកដាក់របស់ពួកគេលើផ្នែកបុព្វលាភ ជំនួសឱ្យការកាត់បន្ថយការចំណាយនៅផ្នែកដ៏ពេញនិយម។
 
អ្នកជំនាញ Matthias Schmidt បាននិយាយថា ៖« កុំភ្លេចថា Volkswagen កំពុងលក់បង្ខូចតម្លៃដោយជោគជ័យនៅក្នុងទីផ្សារចិន នៅពេលដែលម៉ូដែលរថយន្តអគ្គិសនី ID.3 របស់ពួកគេត្រូវបានចុះបញ្ជីនៅទីផ្សារចិន ទាបជាងតម្លៃនៅអឺរ៉ុប» ។
 
បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនជាផ្លូវការ ក្រសួងពាណិជ្ជកម្មរបស់ EC ត្រូវតែបង្ហាញថា ចិនកំពុងឧបត្ថម្ភធនដល់ក្រុមហ៊ុនដែលនាំចេញរថយន្តអគ្គិសនីទៅកាន់សហភាពអឺរ៉ុប ហើយថានេះកំពុងធ្វើឱ្យប៉ះពាល់ដល់សហភាពអឺរ៉ុបចំពោះឧស្សាហកម្មរថយន្តអឺរ៉ុប។
 
មេធាវីពាណិជ្ជកម្មម្នាក់បានប្រាប់សារព័ត៌មាន Politico ថា វាមិនងាយស្រួលទេក្នុងការស្វែងរកភស្តុតាងគ្រប់គ្រាន់ដើម្បីប្តឹង ដោយ EC តែងតែប្រើវិធីសាស្រ្តនយោបាយចំពោះការស៊ើបអង្កេតបែបនេះ។ 
 
លោក Simone Tagliapietra អ្នកជំនាញនៅអង្គការប្រឹក្សា Bruegel បាននិយាយថា ការបើកការស៊ើបអង្កេតគឺជាការចាប់ផ្តើមនៃដំណើរដ៏វែងឆ្ងាយ ហើយវានឹងត្រូវការពេលវេលាដើម្បីដាក់ពន្ធនាំចូល។ លោកបានបន្តថា ៖«​ នៅទីបំផុត វាអាចដំណើរការបាន ប៉ុន្តែវាត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងគោលនយោបាយឧស្សាហកម្មសកម្ម ដែលធានាឱ្យឧស្សាហកម្មរថយន្តរបស់ EU អភិវឌ្ឍភាពប្រកួតប្រជែងរបស់ខ្លួនយ៉ាងឆាប់រហ័ស»៕
 
ប្រទេសណាខ្លះ ដែលរថយន្តអគ្គិសនីចិនពិបាកជ្រៀតចូលទីផ្សារ ? 
 
ក្នុងឆ្នាំ ២០១៨ ខណៈពេលដែលចិនបានចាប់ផ្តើមបញ្ជៀបរថយន្តអគ្គិសនីរបស់ខ្លួនទៅទីផ្សារអាម៉េរិក អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដាក់ពន្ធលើការនាំចូលប្រហែល ៣៧០ពាន់លានដុល្លារក្នុងមួយឆ្នាំៗរួមទាំងអត្រាពន្ធ ២៧,៥ភាគរយសម្រាប់រថយន្តដែលផលិតដោយចិន។ គោលនយោបាយនោះនៅតែបន្តក្រោមការគ្រប់គ្រងរបស់លោក បៃដិន ។ ដោយឡែកនៅអឺរ៉ុបវិញពន្ធលើរថយន្តចិនគឺមានតែ ៩ភាគរយដែលទាបល្មមសម្រាប់រថយន្តទាំងនោះអាចជ្រៀតចូលទីផ្សារបាន។
 
ពន្ធគយគ្រាន់តែជាឧបសគ្គទីមួយសម្រាប់ក្រុមហ៊ុនរថយន្តពិភពលោកដែលកំពុងសម្លឹងរកមើលការចូលទៅក្នុងទីផ្សារអាម៉េរិក។ ប៉ុន្តែរថយន្ត​ចិន​ភាគច្រើន​មិន​ត្រូវ​បាន​គេ​រចនា​ឡើង​ដោយ​យោង​តាម​បទប្បញ្ញត្តិ​សុវត្ថិភាព​របស់​អាម៉េរិក​ទេ ដែលត្រូវ​​ចំណាយ​ប្រាក់​ច្រើន​ដើម្បីបំពាក់នូវប្រព័ន្ធសុវត្ថិភាពមួយចំនួនសម្រាប់ការថែទាំរថយន្ត និងការធានា។
 
ទន្ទឹមនេះ កន្លងមករដ្ឋាភិបាលឥណ្ឌាបានច្រានចោលផែនការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីតម្លៃ ១ពាន់លានដុល្លារ ដោយការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនចិន BYD និងក្រុមហ៊ុនឥណ្ឌា Megha Engineering and Infrastructures ។ ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ដែល​បង្កើត​ឡើង​ដោយ​ចិន​ ជាការបង្កភាព​​ព្រួយ​បារម្ភដល់សន្តិសុខជាតិរបស់ឥណ្ឌា​៕
 
 

Tag:
 រថយន្តអគ្គិសនី
  ចិន
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com