សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អឺរ៉ុបនៅតែពឹងផ្អែកលើវត្ថុធាតុដើមពីរុស្ស៊ី
27, Sep 2023 , 7:29 pm        
រូបភាព
រូបភាពពី Xinhua ។
រូបភាពពី Xinhua ។
ការធ្វើពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី​តាម​រយៈ​ប្រទេស​ទី​បី​ដូច​ជា​ចិន អេមីរ៉ាត់អារ៉ាប់រួម និង​តួកគី បានកាត់​បន្ថយ​ប្រសិទ្ធភាព​នៃ​ការដាក់ទណ្ឌកម្មរបស់​លោក​ខាង​លិច។ ពាណិជ្ជកម្មមិនផ្ទាល់បែបនេះ បង្ហាញពីការពឹងផ្អែករបស់ប្លុកអឺរ៉ុបលើរុស្ស៊ី។

 
ការផ្គត់ផ្គង់តាមរយៈប្រទេសទីបីបានលាក់បាំងធាតុពិតរបស់សហភាពអឺរ៉ុប (EU) ជុំវិញការពឹងផ្អែកវត្ថុធាតុដើមពីរុស្ស៊ី។ តួយ៉ាងក្រុមហ៊ុនស្វីស Glencore បានផ្គត់ផ្គង់ទង់ដែងរុស្ស៊ីរាប់ពាន់តោនទៅកាន់អ៊ីតាលី តាមរយៈតួកគីនៅខែកក្កដាឆ្នាំ ២០២៣។
 
យោងតាមឯកសារគយ និងរូបថតដែលទទួលបានដោយកាសែត Financial Times ពាណិជ្ជករលក់លោហៈ និងប្រេងដែលបានចុះបញ្ជីនៅទីក្រុងឡុងដ៍បានទិញសន្លឹកទង់ដែងយ៉ាងហោចណាស់ ៥០០០តោនដែលផលិតដោយក្រុមហ៊ុន Ural Mining and Metallurgy Company (UMMC) របស់រុស្ស៊ី។ ផលិតផលទាំងនេះត្រូវបាននាំចេញពីតួកគីទៅកាន់កំពង់ផែ Livorno របស់អ៊ីតាលីនៅខែកក្កដា។
 
បើតាម Financial Times​ កិច្ចព្រមព្រៀងបែបនេះបង្ហាញពីការពឹងផ្អែករបស់អឺរ៉ុបលើទំនិញសំខាន់ៗរបស់រុស្ស៊ី ក៏ដូចជាតួនាទីយ៉ាងសំខាន់របស់តួកគីដែលជាមជ្ឈមណ្ឌលដឹកជញ្ជូន។
 
មន្ត្រី​អឺរ៉ុប​មួយចំនួន​ជឿថា ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី​តាមរយៈ​ប្រទេស​ទី​បី​ដូចជា​ចិន អេមីរ៉ាត់អារ៉ាប់រួម និង​តួកគី​កាត់បន្ថយ​ប្រសិទ្ធភាព​នៃការទណ្ឌកម្ម​របស់លោកខាងលិច ។ 
 
គួរបញ្ជាក់ថា Glencore គឺជាក្រុមហ៊ុនពាណិជ្ជកម្មលោហៈ រ៉ែ ថាមពល និងផលិតផលកសិកម្មដ៏ធំបំផុតមួយរបស់ពិភពលោកដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Baar ប្រទេសស្វីស។ 
 
ចំណែក UMMC គឺជាក្រុមហ៊ុនលោហធាតុលេខមួយរបស់រុស្ស៊ី និងជាអ្នកផលិតទង់ដែង ធំជាងគេទីប្រាំបួននៅលើពិភពលោកដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Verkhnyaya Pyshma របស់រុស្ស៊ី ៕ 
 

Tag:
 រុស្ស៊ី
  អឺរ៉ុប
  វត្ថុធាតុដើម
© រក្សាសិទ្ធិដោយ thmeythmey.com