សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្លៃអចលនទ្រព្យនៅទីក្រុងធំៗជុំវិញពិភពលោក កំពុងប្រឈមការធ្លាក់ថ្លៃ
27, Sep 2023 , 8:29 pm        
រូបភាព
អគារនៅទីក្រុងហុងកុង ។ រូបភាព AFP
អគារនៅទីក្រុងហុងកុង ។ រូបភាព AFP
កំណើនអតិផរណា និងអត្រាការប្រាក់ខ្ពស់បាននាំឱ្យតម្លៃអចលនទ្រព្យនៅក្នុងទីក្រុងធំៗរបស់ពិភពលោកធ្លាក់ចុះខ្លាំង។

 
អត្រាការប្រាក់ទាប គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ទីផ្សារអចលនទ្រព្យពិភពលោកក្នុងមួយទសវត្សរ៍កន្លងមកនេះ ដោយជំរុញឱ្យតម្លៃផ្ទះកើនឡើងដល់កម្រិតខ្ពស់។ ប៉ុន្តែយុទ្ធនាការប្រឆាំងអតិផរណារបស់ធនាគារកណ្តាលរបស់ប្រទេសនីមួយៗបានធ្វើឱ្យទីផ្សារនេះធ្លាក់ចុះទៅវិញ។ នេះបើយោងតាមរបាយការណ៍សន្ទស្សន៍អចលនទ្រព្យពិភពលោករបស់ធនាគារUBS (UBS Global Real Estate Bubble Index)។
 
មួយឆ្នាំកន្លងមក ទីក្រុងធំៗចំនួន ២៥ នៅលើពិភពលោកដែលបានស្ទង់មតិឃើញថាមានការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃផ្ទះជាមធ្យមបន្ទាប់ពីការកែតម្រូវអតិផរណា ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលលោកឆ្នាំ ២០០៨ ។ ជាមធ្យមទីក្រុងនានាបានបាត់បង់ប្រាក់ចំណេញភាគច្រើនក្នុងអំឡុងពេលជំងឺរាលដាលកូវីដ-១៩។ 

ទីក្រុងដែលមានទ្រព្យសកម្មធ្លាក់ចុះឆាប់រហ័សនៅលើទីផ្សារអចលនទ្រព្យ ។ប្រភព ៖ UBS ។ 

តម្លៃអចលទ្រព្យដែលលក់នាពេលបច្ចុប្បន្ន​មានប្រមាណតែ​ពាក់កណ្តាល​បើធៀបឆ្នាំ ២០២០ តែប៉ុណ្ណោះ ជាពិសេស​​ទីក្រុង​ដែល​ប្រឈម​នឹង​ហានិភ័យ​នៃការថមថយតម្រូវការ​ផ្ទះ​​រយៈពេល​បី​ឆ្នាំ​កន្លង​មក តម្លៃ​អចលនទ្រព្យ​បាន​ធ្លាក់​ចុះ​ជា​មធ្យម ១០ភាគរយ ។
 
នៅក្នុងរបាយការណ៍ឆ្នាំនេះមានតែទីក្រុងពីរគឺ Zurich និង Tokyo ដែលស្ថិតនៅក្នុងបញ្ជីហានិភ័យនៃការធ្លាក់ចុះទ្រព្យសកម្មខ្លាំងក្នុងចំណោមទីក្រុងទាំង៩ កាលឆ្នាំមុន។ ប៉ុន្តែកន្លែងទាំងពីរនេះ មានអត្រាការប្រាក់ទាប ហើយអតិផរណានៅតែមានកម្រិតទាប ដូច្នេះហើយមិនបណ្តាលឱ្យមានការរំខាននៅក្នុងទីផ្សារអចលនទ្រព្យឡើយ។
 
កាល​ពី​ឆ្នាំ​មុន ទីក្រុងដែលមានហានិភ័យខ្ពស់នៃការធ្លាក់ចុះទ្រព្យសកម្មមាន Zurich , Tokyo,  Toronto, Frankfurt, Munich, Hong Kong, Vancouver, Amsterdam និង Tel Aviv។ 
 
សម្រាប់ឆ្នាំនេះ ទីក្រុងធំៗជាច្រើនដែលធ្លាប់តែមានផ្ទះតម្លៃថ្លៃត្រូវបានចាត់ទុកថា មានតម្លៃសមរម្យវិញដូចជា New York, Boston, San Francisco, Madrid, Milan, São Paulo និង Warsaw ។ ចំណែកនៅតំបន់អាស៊ី សិង្ហបុរី និងឌូបៃ ក៏ត្រូវបានចាត់ទុកថាជាតម្លៃផ្ទះសមរម្យដែរ។ 
 
ទីផ្សារអចលនទ្រព្យកំពុងស្ថិតនៅហានិភ័យនៃការធ្លាក់ចុះជុំវិញពិភពលោក។ ប៉ុន្តែទោះបីជាមានការកត់សម្គាល់ពីនិន្នាការធ្លាក់ចុះនៃតម្លៃកាលពីឆ្នាំមុនក៏ដោយ ធនាគារ UBS ជឿជាក់ថា នៅតែមានសក្តានុពលសម្រាប់ការកាត់បន្ថយតម្លៃបន្ថែមទៀត។ ផ្ទុយទៅវិញ កង្វះលំនៅឋានក៏អាចបង្កើតលក្ខខណ្ឌសម្រាប់ការស្ទុះងើបឡើងវិញ ប្រសិនបើអត្រាការប្រាក់ធ្លាក់ចុះ៕ 
 

Tag:
 អចលនទ្រព្យ
 ​ ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com