អន្តរជាតិ
ចិន ព្រមានហ្វីលីពីនកុំបង្កបញ្ហាជុំវិញតំបន់ជម្លោះនៅសមុទ្រចិនខាងត្បូង
27, Sep 2023 , 4:59 pm        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ 

ទីក្រុងប៉េកាំងបានព្រមានទីក្រុងម៉ានីល កុំឱ្យបង្កបញ្ហានៅសមុទ្រចិនខាងត្បូង។ ការព្រមាននេះកើតមានបន្ទាប់ពីឆ្មាំឆ្នេរសមុទ្រហ្វីលីពីនដករបាំងអណ្តែតទឹកនៅតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូងដែលពង្រាយដោយចិន។ 
 
ភាពតាងតឹងចុងក្រោយរវាងហ្វីលីពីន និងចិនបានកើតឡើងកាលពីសប្ដាហ៏មុន បន្ទាប់ពីកម្លាំងឆ្នេរសមុទ្រហ្វីលីពីនបានរកឃើញរបាំងអណ្តែតទឺកប្រវែង៣០០ម៉ែត្រនៅច្រកចូលនៃកោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង។ ហ្វីលីពីនបានថ្កោលទោសការដំឡើងនេះ ហើយបានប្រកាសនៅថ្ងៃទី២៥ ខែកញ្ញាពីភាពជោគជ័យនៃការដករបាំងអណ្តែតទឹកក្រោមប្រតិបត្តិការពិសេសដែលបញ្ជាដោយប្រធានាធិបតី Ferdinand Marcos Jr.។
 
យ៉ាងណាក្ដី អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី២៦ ខែកញ្ញា និយាយថា ទីក្រុងប៉េកាំងនឹងរក្សាយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្រ រួមទាំងផលប្រយោជន៍នៃកោះ Huangyan។ លោក Wang បានហៅឈ្មោះកោះ Scarborough Shoal បែបនេះតាមភាសាចិន។ 
 
ជាមួយគ្នានេះ អ្នកនាំពាក្យខាងលើនេះក៏បានណែនាំឱ្យហ្វីលីពីនកុំញុះញង ឬបង្កបញ្ហបន្ថែម។ 
 
លោក Eduardo Ano ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីនក៏បានឆ្លើយតបនឹងការព្រមាននេះវិញថា ប្រទេសរបស់លោកមានសិទ្ធិក្នុងការដករបាំងនានាចេញពីតំបន់នេះ។ 
 
ជាការពិត កោះScarborough Shoal ដែលស្ថិតនៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជា​តំបន់​នៃ​ភាព​តានតឹង​រវាងប្រទេសទាំងពីរនេះយូរមកហើយ។ លើសពីនេះ ចិនក៏បានដណ្ដើមយកកោះនេះក្នុងឆ្នាំ២០១២ ហើយបានពង្រាយកប៉ាល់ល្បាតរបស់ខ្លួនដើម្បីរារាំងអ្នកនេសាទពីហ្វីលីពីនមកកោះនេះ៕ 
 

Tag:
 ចិន
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com