សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ការ​រីក​ចម្រើន​បច្ចេកវិទ្យាថ្មីៗរបស់ចិន ​កំពុងប្រដេញក្រុមហ៊ុនអាម៉េរិក
28, Sep 2023 , 8:39 am        
រូបភាព
រូបភាពពី Reuters ។
រូបភាពពី Reuters ។
ស្មាតហ្វូនស៊េរីទំនើប Mate 60 Pro របស់ក្រុមហ៊ុនចិន Huawei បំពាក់ដោយបន្ទះឈីបកម្រិតខ្ពស់បានបង្កជាកង្វល់ដល់អាម៉េរិកជុំវិញការប្រជែងក្នុងវិស័យបច្ចេកវិទ្យានេះ​។ សមាជិកសភាអាម៉េរិកមួយចំនួនបានដាក់លិខិតទៅក្រសួងពាណិជ្ជកម្មអាម៉េរិក ដើម្បីស្នើសុំឱ្យមានការរឹតបន្តឹង និងដាក់ទណ្ឌកម្មបន្ថែមលើក្រុមហ៊ុមនេះ។

 
អាម៉េរិកតែងតែព្យាយាមរារាំងចិនមិនឱ្យនាំមុខខ្លួននូវវិស័យបច្ចេកវិទ្យា ជាពិសេសផ្នែកសឺមីកុងឌុចទ័រ បញ្ញាសិប្បនិមិត្ត (AI) និងវិស័យផ្សេងៗទៀតដែលជាផ្នែកសំខាន់នៃបដិវត្តន៍ឧស្សាហកម្មអនាគត។
 
ទីក្រុងវ៉ាស៊ីនតោនបានប្រើប្រាស់បទបញ្ជា ច្បាប់ គណៈកម្មការពិសេស បទប្បញ្ញត្តិថ្មី និងការរឹតបន្តឹងការនាំចេញជាដើម ដើម្បីរារាំងការនាំចូលបច្ចេកវិទ្យាទំនើបពីទីក្រុងប៉េកាំង។ ប៉ុន្តែវិធានការទាំងនោះ មិនមានប្រសិទ្ធភាពដូចដែលអាម៉េរិកចង់បាននោះទេ ដោយសារចិនបាននាំចេញនូវបច្ចេកវិទ្យាថ្មីៗទៅប្រទេសលោកខាងលិចច្រើន។ 
 
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ដែលជាក្រុមហ៊ុនដែលជាប់បញ្ជីខ្មៅរបស់អាម៉េរិក និងសម្ព័ន្ធមិត្តជាច្រើននោះ បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Mate 60 Pro បំពាក់ដោយបន្ទះឈីបកម្រិតខ្ពស់ដែលផលិតដោយចិនសុទ្ធសាធ។ បន្ទះឈីបនេះ គឺជាផលិតផលរបស់ក្រុមហ៊ុនបន្ទះឈីបដ៏ធំបំផុតរបស់ប្រទេសចិន SMIC ។
 
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនជាច្រើនបានសាទរបន្ទះឈីបនេះថាវាជាជ័យជម្នះផ្នែកភូមិសាស្ត្រនយោបាយ និងជាភស្តុតាងជាក់ស្តែងនៅវិស័យបច្ចេកវិទ្យារបស់ចិន ដោយឆ្លៀតព្រមានទីក្រុងវ៉ាស៊ីនតោនថា ឈប់មានភាពក្រអឺតក្រទមជាសាធារណៈទៀត។ 
 
ឆ្លើយតបជុំវិញបន្ទះឈីបថ្មីនេះ សមាជិកសភាអាម៉េរិកមួយចំនួនបានដាក់លិខិតមួយច្បាប់ទៅកាន់ក្រសួងពាណិជ្ជកម្មអាម៉េរិក ដើម្បីស្នើសុំឱ្យមានការរឹតបន្តឹងលើក្រុមហ៊ុន Huawei និង SMIC ។ 
 
បើតាមគោលនយោបាយការបរទេស ការទម្លាយបន្ទះឈីបរបស់ចិនបានបង្ហាញពីគុណវិបត្តិនៅក្នុងយុទ្ធសាស្ត្ររបស់អាម៉េរិក។ អ្នកជំនាញបាននិយាយថា ក្រុមហ៊ុនចិនប្រហែលជាបានស្តុកទុកនូវប្រភេទបន្ទះឈីបមួយចំនួន មុនពេលការគ្រប់គ្រងរបស់អាម៉េរិកត្រូវបានអនុវត្ត ដោយប្រើវិធីសាស្រ្តទំនើបតិច ឬមានប្រសិទ្ធភាពតិច ដើម្បីសម្រេចបានលទ្ធផលដូចគ្នា ឬទិញសមាសធាតុពីទីផ្សារបន្ទាប់បន្សំ។ ដូច្នេះទំនង​ជា​អាម៉េរិក​ នឹង​ពិចារណា​ពង្រឹង​វិធានការ​រឹតត្បិត​បច្ចេកវិទ្យា​ប្រឆាំង​នឹង​ចិនបន្ថែមទៀត។
 
ក្រុមហ៊ុន Huawei គឺជាគោលដៅរបស់អាម៉េរិក អស់រយៈពេលជាងមួយទស្សវត្សមកហើយចាប់តាំងពីអណត្តិប្រធានាធិបតី បារ៉ាក់ អូបាម៉ា។ របកគំហើញបច្ចេកវិទ្យាថ្មីៗរបស់ Huawei អាចនាំឲ្យអាម៉េរិក និងសម្ព័ន្ធមិត្តរកវិធីសាស្ត្រថ្មីដើម្បីដាក់កំហិតបន្ថែមទៀត។  នេះបើតាមលោក ​​Reva Goujon នាយកគ្រប់គ្រងគោលនយោបាយឧស្សាហកម្មចិននៅក្រុមហ៊ុន Rhodium Group ។
 
ការព្រួយបារម្ភរបស់អាម៉េរិកមិនសូវមានមូលដ្ឋានជាក់លាក់នោះទេ។ នៅពេលដាក់វិធានការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាទៅកាន់ចិន គោលដៅរបស់អាម៉េរិកគឺធ្វើឱ្យវិស័យសឺមីកុងឌុចទ័ររបស់ចិនប្រើការលែងបាន។ ប៉ុន្តែម៉ូដែលស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Huawei បង្ហាញថាក្រុមហ៊ុនបន្ទះឈីបដ៏ធំបំផុតរបស់ចិនប្រហែលជាប្រើរយៈពេលត្រឹមតែពីរបីឆ្នាំប៉ុណ្ណោះអាចទាន់ក្រុមហ៊ុន Samsung Intel ឬ TSMC ។​ នេះបើយោងតាមការចុះផ្សាយពីក្រុមហ៊ុនស្រាវជ្រាវ SemiAnalysis ។
 
បើតាមអ្នកជំនាញ ជំហានដំបូងចិនត្រូវបន្តធ្វើឱ្យមានការរីកចម្រើនក្នុងសមត្ថភាពផលិតកម្ម ហើយក្រុមហ៊ុន SMIC ត្រូវផលិតបន្ទះឈីបកម្រិតខ្ពស់ក្នុងបរិមាណដ៏ច្រើន។ ប៉ុន្តែចិននៅតែមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រជែងជាមួយដៃគូបរទេសនាំមុខគេក្នុងវិស័យសឺមីកុងឌុចទ័រនោះទេ។ 
 
សំណួរថាតើការទម្លាយបន្ទះឈីបនៅក្នុង Huawei Mate 60 Pro គឺជាការបោះជំហានទៅមុខពិតប្រាកដ ឬជាផែនការទីផ្សារ។ មានព័ត៌មានថា SMIC បានបង្កើតបន្ទះឈីប 7 nanometer កាលឆ្នាំ២០២២ មុនពេលដែលរដ្ឋបាល បៃឌិន បានដាក់កម្រិតលើការនាំចេញបន្ទះឈីបទៅកាន់ចិន។ ប៉ុន្តែអ្នកជំនាញបានសង្ស័យពីលទ្ធភាពសេដ្ឋកិច្ច និងទំហំផលិតកម្មនៃផលិតផលបែបនេះរបស់ក្រុមហ៊ុន SMIC ។ 
 
បច្ចុប្បន្ននេះនៅតែមានចម្ងល់ជាច្រើនអំពីក្រុមហ៊ុន Huawei ក្នុងការប្រើបន្ទះឈីបនោះពី SMIC ពីព្រោះសមត្ថភាពផលិតរបស់ SMIC សម្រាប់បន្ទះឈីបប្រភេទនេះហាក់ដូចជាមានកម្រិត។ នេះបើយោងតាមអ្នកជំនាញជាន់ខ្ពស់ Jon Bateman នៅ Carnegie Endowment for International Peace។
 
បន្ទាប់ពីក្រុមហ៊ុន Huawei បានប្រកាសអំពី Mate 60 Pro កាលពីខែមុន ចិនក៏បានបញ្ចេញ chatbots AI ដែលបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនរួមមាន Baidu, SenseTime និង ByteDance ជាសាធារណៈបន្ទាប់ពីការសាកល្បង និងត្រួតពិនិត្យជាច្រើនខែ។
 
ការពិត ចិនមានមហិច្ឆតាចង់ក្លាយជាមហាអំណាច AI នៅចុងទសវត្សរ៍នេះ ហើយភាពជោគជ័យយ៉ាងខ្លាំងនៃ ChatGPT ដែលជា chatbot បង្កើតឡើងដោយក្រុមហ៊ុនអាម៉េរិក OpenAI បានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិនចាប់ផ្តើមអភិវឌ្ឍគំរូភាសាធំៗស្រដៀងគ្នា។ ការត្រួតពិនិត្យអ៊ីនធឺណែតដ៏តឹងរឹងរបស់ចិនបានធ្វើឱ្យការអភិវឌ្ឍនៃ chatbots បែបនេះមានការលំបាក និងយឺត ប៉ុន្តែចិនហាក់ដូចជាទទួលយកការពិតនេះដើម្បីរក្សាគោលនយោបាយត្រួតពិនិត្យរបស់ខ្លួន។
 
ទោះជាយ៉ាងណា ចិនអាចជួបប្រទះនឹងឧបសគ្គមួយចំនួននៅក្នុងការប្រណាំងបច្ចេកវិទ្យាជាមួយអាម៉េរិក ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ខ្លួន។ វិបត្តិអចលនទ្រព្យ បំណុលដ៏ធំនៅក្នុងសេដ្ឋកិច្ច និងការកើនឡើងនៃភាពអត់ការងារធ្វើ គឺជាបញ្ហាដែលអាចពន្យឺតកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍបច្ចេកវិទ្យារបស់ចិន៕ 
 

Tag:
 បច្ចេកវិទ្យា​
 ​ អាម៉េរិក
 ​ ចិន
  AI
© រក្សាសិទ្ធិដោយ thmeythmey.com